អតីត​សង្ឃ​ខ្មែរ​ក្រោម ទឹម សាខន បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ស៊ុយ​អែត

អតីត​ព្រះ​សង្ឃ​ដើម​កំណើត​ខែ្មរ​កម្ពុជា​ក្រោម លោក ទឹម សាខន ដែល​បាន​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​កន្លង​មក​នោះ ប្រភព​បាន​អះអាង​ថា លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​រស់​នៅ​ក្នុង​ប្រទេស​ស៊ុយអែត នា​ពេល​បច្ចុប្បន្ន​នេះ។

អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង លោក ទឹម សាខន។
អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង លោក ទឹម សាខន។ (RFA Photo/Mondulkeo)

0:00 / 0:00

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម ដែល​បាន​ដឹង​រឿង​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ទទួល​ទូរស័ព្ទ​ពី​លោក ទឹម សាខន ពី​ប្រទេស​ស៊ុយ​អែត​ថ្មីៗ​នេះ។

លោក​បាន​បន្ត​ថា ៖ «ទៅ​ប្រហែល​ជា ៣​ខែ​មុន​នេះ បាន​សិទ្ធិ​ជ្រក​កោន​របស់​អង្គការ​សហ​ប្រជា​ជាតិ​ផ្ដល់​ឋានៈ​ជន​ភៀស​ខ្លួន​ឲ្យ​គាត់​រស់​នៅ​ប្រទេស​ស៊ុយ​អែត។ ដំបូង​ហ្នឹង តែ​គាត់​ម្នាក់​ឯង​ទេ។ ខ្ញុំ​យល់​ថា វា​ជា​ការ​មួយ​ល្អ ដែល​អង្គការ​សហ​ប្រជា​ជាតិ​លោក​យល់​ដល់​ទុក្ខ​លំបាក​របស់​អ្នក​តស៊ូ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន នេះ​ជា​ការ​មួយ​ល្អ»

មិន​អាច​ទាក់ទង​ក្រុម​គ្រួសារ​របស់​លោក ទឹម សាខន នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នៅ​ទ្បើយ​ទេ ជុំវិញ​ស្ថានការណ៍​រស់​នៅ​របស់​លោក ទឹម សាខន រស់​នៅ​ក្នុង​ប្រទេស​ទី​បី​គឺ​ប្រទេស​ស៊ុយ​អែត​នោះ ប៉ុន្តែ​ព្រះសង្ឃ យឿង ស៊ិន ជា​ប្រធាន​សមាគម​ព្រះ​សង្ឃ​ខែ្មរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ថេរ​ដីកា​ថា ៖ «អាត្មា​បាន​ទទួល​ព័ត៌មាន​នេះ​តាំង​ពី​លោក​និមន្ត​ទៅ​ម្ល៉េះ។ យើង​ក៏​មាន​ការ​សោក​ស្ដាយ​ដែរ ដែល​ថា​អ្នក​តស៊ូ សកម្មជន​តស៊ូ​ហើយ​រង​ទារុណ​កម្ម រង​ទុក្ខ។ បើ​បាន​ចេញ​ទៅ​ក្រៅ​ទៅ វា​ជា​គំរូ ហើយ​អ្នក​ខាង​ក្រោយ​ខំ​ធ្វើ​អ៊ីចឹង​ទៀត​ទៅ យូរ​ទៅ​អស់​មាន​នរណា​នៅ​ទី​នេះ​ហើយ»

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា លោក ទឹម សាខន បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ស៊ុយអែត កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ក្រោយ​ពី​លោក​បាន​មាន​សេរីភាព​ចេញ​ពី​គុក​នៅ​ក្នុង​ប្រទេស​វៀតណាម វិល​មក​ប្រទេស​កម្ពុជា​វិញ កាល​ពី​ដើម​ឆ្នាំ​២០០៩​កន្លង​ទៅ ដើម្បី​មក​លា​បំណន់ ហើយ​ក៏​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ផែ្នក​នយោបាយ​ពី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នោះ។

សូម​ជម្រាប​ថា ព្រះ​សង្ឃ ទឹម សាខន ជា​ព្រះ​ចៅ​អធិការ​នៃ​វត្ត​ភ្នំ​ដិន​ខាង​ជើង​នៅ​ក្នុង​ស្រុក​គិរីវង់​ខេត្ត​តាកែវ ត្រូវ​រង​ការ​ចាប់​ផ្សឹក​យ៉ាង​តក់​ក្រហល់ កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០០៧ កន្លង​ទៅ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម​ភ្លាមៗ​នា​ថ្ងៃ​នោះ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​រយៈពេល​១​ឆ្នាំ ក្រោម​បទ​ចោទ​ថា លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ចំណង​មិត្តភាព​រវាង​កម្ពុជា​និង​ប្រទេស​វៀតណាម ក្រោយ​ពី​ព្រះអង្គ​តែង​តែ​ផ្តល់​ទី​ជម្រក ចំណី អាហារ និង​ការ​ស្នាក់​អាស្រ័យ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​ឡាយ​ដែល​ភៀស​ខ្លួន​ពី​អតីត​ទឹក​ដី​ខ្មែរ​ក្រោម​កំពុង​កាន់​កាប់​ដោយ​វៀតណាម​បច្ចុប្បន្ន។

របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ប្រចាំ​ឆ្នាំ​២០០៧ បាន​ហៅ​ការ​ចាប់​ខ្លួន​និង​ផ្តន្ទាទោស​នោះ​ថា​ជា​ការ​យាយី ឬ​ព្យាបាទ​ផែ្នក​នយោបាយ៕