នៅក្នុងឧទ្ធម្ភាគចក្រធ្វើដំណើរជាឯកជនរបស់លោកពីទីក្រុងភ្នំពេញឆ្ពោះទៅខែត្រស្វាយរៀង មានមនុស្សទាំងអស់បួននាក់ ក្នុងមានលោក សុខ សាឯម មេបញ្ជាការរងជើងគោកនិងអ្នកបើកយន្តហោះពីររូបទៀតនោះ ហើយអ្នកទាំ៤ គឺបានស្លាប់បាត់បង់ជីវិតទាំងអស់គ្នា។ ខាងក្រោមនេះជាសេចក្ដីរាយការណ៍របស់លោក សុខ សេរី តាមរយៈការសាកសួររបស់លោក ជីវិតា។
ជីវិតា ៖ យើងបានទទួលដំណឹងថា លោកអគ្គស្នងការនគរបាលជាតិ ហុក ឡងឌី បានទទួលមរណភាពដោយសារធ្លាក់យន្តហោះ តើរឿងនេះលោកអាចបញ្ជាក់បានប៉ុណ្ណាដែរ?
សុខ សេរី ៖ ខ្ញុំបានទទួលការបញ្ជាក់ជាផ្លូវការពីលោក ខៀវ កាញារីទ្ធ ដែលជាមន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា នៅវេលាម៉ោង ១០និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ផ្កាយមាស៤ ហុក ឡងឌី បានទទួលមរណភាពហើយ នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ ក្នុងពេលធ្វើដំណើរចេញពីភ្នំពេញទៅខេត្តស្វាយរៀង ក្នុងដំណើរទស្សនកិច្ចឯកជន ហើយយន្តហោះហ្នឹងជាប្រភេទឧទ្ធម្ភាគចក្រឯកជន។
ជីវិតា ៖ តើលោកដឹងប្រាកដទេថា យន្តហោះហ្នឹងធ្លាក់នៅទីណា ហើយមូលហេតុនៃការធ្លាក់នោះយ៉ាងម៉េចដែរ?
សុខ សេរី ៖ ប្រភពដែលខ្ញុំបានទទួលដំណឹងចុងក្រោយបំផុត គឺធ្លាក់នៅក្នុងស្រុកបាវិត ខេត្តស្វាយរៀង តំបន់ចំណតយន្តហោះគឺស្ថិតក្នុងស្រុកបាវិត ខេត្តស្វាយរៀង។
ជីវិតា ៖ យន្ដហោះដែលធ្លាក់នោះ តើធ្លាក់មកយ៉ាងដូចម្ដេច ហើយតើសាកសពយ៉ាងម៉េចដែរ?
សុខ សេរី ៖ ប្រភពដែលខ្ញុំបានទទួលពីមន្ត្រីនគរបាលខណ្ឌ៧មករា ដែលកំពុងតែឈរជើងប្រចាំការនៅគេហដ្ឋានលោកឧត្តមសេនីយ៍ ហុក ឡងឌី បាននិយាយអះអាងថា យន្តហោះហ្នឹងរៀបនឹងចុះទៅហើយ ប៉ុន្តែចៃដន្យត្រូវរន្ទះបាញ់ ហើយយន្តហោះត្រូវបែកជាបំណែក ហើយសាកសពរបស់លោក ហុក ឡងឌី គឺមិនមែននៅទាំងមូលទេ គឺបែកជាបំណែក ដោយសារយន្តហោះនោះរៀបចុះចត ប៉ុន្តែត្រូវរន្ទះបាញ់ធ្វើឲ្យខ្ចាយតែម្ដង។
សាកសពមានចំនួន៤នាក់ ក្នុងនោះមានអ្នកបើកបរ ២នាក់ និងឧត្តមសេនីយ៍ម្នាក់ ឈ្មោះ សុខ សាអែម និងលោកឧត្តមសេនីយ៍ឯក ហុក ឡងឌី។ ហើយសាកសពលោក ហុក ឡងឌី ត្រូវបានគេដឹកពីខេត្តស្វាយរៀង ឆ្លងកំពង់ចម្លងអ្នកលឿង សំដៅមកគេហដ្ឋានរបស់លោក នៅក្រុងភ្នំពេញវិញ។
ជីវិតា ៖ ទាក់ទងនឹងពេលវេលា តើលោកអាចបញ្ជាក់បានទេថា តើធ្លាក់នៅម៉ោងប៉ុន្មាន?
សុខ សេរី ៖ បើតាមប្រភពដែលជិតដិតនឹងបញ្ហានេះ បានអះអាងថា នៅវេលាម៉ោងជាង ៧យប់ (ម៉ោងនៅកម្ពុជា)។
ជីវិតា ៖ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្ម ឬអត្ថាធិប្បាយអ្វីដែរទេចំពោះមរណភាពរបស់លោក ហុក ឡងឌី?
សុខ សេរី ៖ មកទល់ពេលនេះ ខ្ញុំបានតាមដានវិទ្យុនិងទូរទស្សន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺមិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយពីលោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាលកម្ពុជានៅឡើយទេ ហើយមិនទាន់មានមន្ត្រីជាន់ខ្ពស់ណាម្នាក់ថ្លែងការណ៍អំពីមរណភាពរបស់លោកអគ្គស្នងការ ហុក ឡងឌី នៅឡើយទេ ប៉ុន្តែអ្វីដែលខ្ញុំបានដឹងគឺថា មន្ត្រីនគរបាលខណ្ឌនិងមន្ត្រីថ្នាក់កណ្ដាលកំពុងជ្រួលច្របល់និងជួបជុំគ្នាដើម្បីទទួលសាកសពលោក ហុក ឡងឌី ដែលដឹកពីខេត្តស្វាយរៀងមកទីក្រុងភ្នំពេញ។
ជីវិតា ៖ ចុះអំពីសាកសពលោក សុខ សាអែម និងអ្នកបើកយន្តហោះ២នាក់ទៀត តើយ៉ាងម៉េចដែរ?
សុខ សេរី ៖ ប្រភពពុំទាន់បានបញ្ជាក់អំពីសាកសពនៃមន្ត្រីដទៃដែលគ្រោះថ្នាក់ជាមួយគ្នានោះទេ គ្រាន់តែបញ្ជាក់ចំពោះសាកសពលោក ហុក ឡងឌី ថា កំពុងតែដឹកមក ប៉ុន្តែប្រភពដដែលគ្រាន់តែបាននិយាយដោយប្រយោលថា ដឹកមកជាមួយគ្នា។
ជីវិតា ៖ នៅក្នុងយន្ដហោះនោះ តើលោក ហុក ឡងឌី មាននាំសមាជិកគ្រួសារទៅជាមួយទេ?
សុខ សេរី ៖ គ្មានប្រភពផ្លូវការណាមួយ បញ្ជាក់ថាលោក ហុក ឡងឌី នាំសមាជិកគ្រួសារទៅជាមួយនោះទេ៕