លោក ផៃ ស៊ីផាន បានពន្យល់ចំពោះតួលេខជាបឋមកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដែលថា មានមនុស្សស្លាប់ ៣៧៩នាក់ និងរបួស ៧៥៥នាក់នោះថា គឺជាតួលេខក្រៅផ្លូវការ ដែលគេបូកសរុបពីខាងមន្ទីរពេទ្យរដ្ឋ និងតួលេខអ្នករងគ្រោះបានទៅព្យាបាលនៅតាមខែត្ររៀងៗខ្លួន។
លោក ផៃ ស៊ីផាន ពន្យល់ថា ៖ «ប្រភពទី១ គឺនៅមន្ទីរពេទ្យដែលឃើញចំនួនជាក់ស្តែងទាំងអ្នកស្លាប់ និងអ្នករបួស ហើយប្រភពមួយទៀត ធ្វើរបាយការណ៍មូលដ្ឋានមកវិញ អ្នកស្លាប់ប៉ុន្មាន និងអ្នករបួសប៉ុន្មានដើម្បីយកមកផ្ទៀងផ្ទាត់»។
សាស្ត្រាចារ្យមួយរួបឈ្មោះ មុំ ជុត ទទួលបន្ទុកផ្នែករៀបចំសាកសពបញ្ជូនទៅឲ្យក្រុមគ្រួសារជនរងគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា មានមនុស្សស្លាប់ម្នាក់ទៀត ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅផ្ទះភ្លាមៗ។
មន្ទីរពេទ្យរដ្ឋដែលជួយសង្រ្គោះអ្នករងគ្រោះនៅក្នុងឧបទ្ទវហេតុកោះពេជ្រ មានមន្ទីរពេទ្យចំនួន៨ ប៉ុន្តែមន្ទីរពេទ្យដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាលរបួស នៅថ្ងៃទី២៤ ខែវិច្ឆិកា មានមន្ទីរពេទ្យចំនួន៤ ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្រះកេតុមាលា។
ចំនួនសាកសពដែលស្លាប់នៅពេទ្យកាល់ម៉ែត មានចំនួន ១៤៣នាក់ ក្នុងនោះមានមួយចំនួនស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នករបួសមាន ១៥៥នាក់ ក្នុងនោះស្រី ៧៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។
របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬហៅថា ពេទ្យរុស្ស៊ី បានបង្ហាញថា ចំនួនមនុស្សស្លាប់មាន ១៤០នាក់ ក្នុងនោះស្រី ៧៣នាក់ និងប្រុស ៦៧នាក់ ប៉ុន្តែអ្នកស្លាប់ទាំងនេះបានស្លាប់នៅកន្លែងកើតហេតុមុនបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នកស្លាប់ក្នុងមន្ទីរពេទ្យនេះមានតែម្នាក់ទេ។
វេជ្ជបណ្ឌិត តិច វេង នៃមន្ទីរពេទ្យព្រះកេតុមាលាផ្នែកសង្គ្រោះបន្ទាន់ បានឲ្យដឹងថា តាមការសន្និដ្ឋានរបស់លោកបានបញ្ជាក់ថា បញ្ហាដែលបណ្ដាលឲ្យមានចំនួនមនុស្សស្លាប់ច្រើនបែបនេះ មកពីការប្រជ្រៀតគ្នារយៈពេលយូរ ហើយថប់ដង្ហើម ៖ «លោតលើស្ពានទៅជាន់កគ្នាលង់ទឹកស្លាប់តែម្ដង អ្នកនៅលើស្ពានស្លាប់ដោយសារគាត់ថប់ដង្ហើមដកអត់រួចហ្នឹងណា ជាន់គ្នាគាបគ្នាជាប់តែម្ដង»។
ទាក់ទងទៅនឹងសោកនាដកម្មដ៏គួរឲ្យរន្ធត់ដែលបានកើតមានកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយប្ដេជ្ញារកមូលហេតុក្នុងការធ្វើឲ្យកើតមានឧបទ្ទវហេតុនេះ។
លោក ហ៊ុន សែន បានអះអាងដូច្នេះ ៖ «បញ្ហាដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលត្រូវតែរក រុករកឲ្យឃើញអំពីមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដ៏សម្បើមនេះ»។
ទោះជាមានការអះអាងបែបនេះក្ដី ប៉ុន្តែរហូតមកទល់ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា មិនទាន់មានប្រភពព័ត៌មានផ្លូវការណាមួយអះអាងអំពីមូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យកើតមានឧបទ្ទវហេតុនៅលើស្ពានពេជ្រឆ្លងទៅកោះពេជ្រ បានធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់នោះនៅឡើយទេ។
ប្រភពពីមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ការសន្និដ្ឋានជាបឋមថា ការស្លាប់នោះមកពីការរត់ជាន់គ្នា បើទោះបីជាប្រភពអ្នករងគ្រោះមួយចំនួនបានអះអាងថា មានការឆក់ខ្សែភ្លើង មានការច្រានគ្នាបណ្ដាលឲ្យដួលគរលើគ្នា ដោយសារមានការស្រែកបំភ័យថា ស្ពានបាក់ជាដើម៕