ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ លោក ទីន ប្រសើរ បានមានប្រសាសន៍ថា ពុំមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនដូចក្នុងបណ្ដាឆ្នាំមុនៗទេ ហើយសមត្ថកិច្ចនគរបាលបានរកឃើញករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងទីក្រុងភ្នំពេញកើតមានតែ ៤ករណីប៉ុណ្ណោះ ដែលក្នុងនោះមានជនរងគ្រោះចំនួនពីរនាក់បានបាត់បង់ជីវិត។
លោក ទីន ប្រសើរ មានប្រសាសន៍ដូច្នេះថា ៖ «ទាបជាងឆ្នាំមុន ២០០៧ មាន ១៧ករណី ហើយ ២០០៨នេះ មាន ៤ករណី អ៊ីចឹងបានថា ថយចុះ១៣លើក»។
ទន្ទឹមនឹងនេះ លោក ទីន ប្រសើរ ក៏បានឲ្យដឹងផងដែរពីមូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍មានការធ្លាក់ចុះយ៉ាងដូច្នេះ ៖ «ចំណុចល្អទី១ សាលាក្រុងភ្នំពេញបានប្រកាសមុន ប្រកាសមុនពីថ្ងៃចេញ ដើម្បីត្រៀមកម្លាំងសមត្ថកិច្ចនៅតាមផ្លូវនៅមូលដ្ឋានបានផ្សព្វផ្សាយឲ្យបងប្អូនមានការប្រុងប្រយ័ត្នអីអ៊ីចឹងទៅ ហ្នឹងទី១។ ហើយទី២ គឺថា ប្រជាពលរដ្ឋយើង គឺយើងវាយតម្លៃថា កាន់តែយល់ដឹង ការអនុវត្ត ការគោរពច្បាប់ មានការឈានឡើងជាងឆ្នាំទៅ ហើយទី៣ ឃើញថា អ្នកដែលចេញពីភ្នំពេញឥឡូវ អត់សូវមានម៉ូតូ ភាគច្រើនគឺជិះឡាន បើមានម៉ូតូក៏មិនអាចធ្វើដំណើរលឿនដែរ ដោយសារមនុស្សចេញវាច្រើន ហើយគេមានការប្រុងប្រយ័ត្នផង»។
លោក ទីន ប្រសើរ បានបន្ថែមថា មានការកកស្ទះចរាចរណ៍នៅតាមបណ្ដាច្រកសំខាន់ៗមួយចំនួននៃទីក្រុងភ្នំពេញ ៖ «ច្រកពីរដែលចង្អៀត ហើយយ៉ាប់យ៉ឺនជាងគេ មានមធ្យោបាយដែលច្រើន គឺច្រកស្ពានជ្រោយចង្វា ៦អា និងច្រកច្បារអំពៅ ក្បាលថ្នល់។ ច្រកពីរហ្នឹង ព្រោះត្រូវឆ្លងស្ពាន ហើយមិនអាចពង្វាងផ្លូវបានទេ បើថាច្រកផ្សេងៗ គេអាចពង្វាងផ្លូវតូច ផ្លូវធំអីអ៊ីចឹង។ ហើយសាលាក្រុងភ្នំពេញ ក៏ដូចជាស្នងការនគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ ហើយចង្អុលបង្ហាញណែនាំទៅលើបញ្ហាច្រកទាំងពីរហ្នឹង ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ ហើយបង្កើនកម្លាំង គឺថា សម្រួលធ្វើម៉េចឲ្យបងប្អូនចេញរហ័ស។ ការកកស្ទះហ្នឹងហើយ មួយចំណែកវាចំណេញទៅលើការកាត់បន្ថយគ្រោះថ្នាក់ វាជិះអត់លឿន។ មូលហេតុថា ប៉ះគ្នា បុកគ្នាហ្នឹង វាមកពីជិះលឿន»។
ទាក់ទិននិងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ មន្ត្រីគ្របគ្រងគម្រោងសុវត្ថិភាពចរាចរណ៍នៃអង្គការជនពិការអន្តរជាតិ Handicap International លោក មាស ចាន់ឌី បានមានប្រសាសន៍ថា លោកនៅមិនទាន់ប្រមូលបានព័ត៌មានស្ដីអំពីករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះនៅឡើយទេ៕