ប៉ូលិស​​នៅ​តាកែវ​រង​ការ​ចោទ​ថា​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​រូប​មាន​គ្រោះថ្នាក់

ប៉ូលិស​ចរាចរណ៍​ខេត្ត​តាកែវ​រង​នូវ​ការ​ចោទ​ថា បាន​បង្ក​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជាង​៧​ខែ​មួយ​រូប មាន​គ្រោះថ្នាក់​ដោយសារ​ការ​បង្ខំ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្តី។

0:00 / 0:00

ស្រ្តី​ឈ្មោះ ជា ស្រីលក្ខណ៍ អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំងព្រីង ឃុំ​ពពេល ឲ្យ​ដឹង​ថា គាត់​សន្លប់​ក្រោយ​ពី​ប៉ូលិស​បាន​ទាញ​គាត់​ទម្លាក់​ពី​ម៉ូតូ ក្រោយ​ពេល​ប៉ូលិស​បាន​យក​ដំបង​ឆក់​វាយ​ទៅ​លើ​ប្តី។

រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​ថា កូន​ក្នុង​ពោះ​មាន​សុខភាព​ដូច​ម្ត៉េច​ទេ។

ស្រ្ដី​ឈ្មោះ ជា ស្រីលក្ខណ៍ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ម៉ូតូ​ខ្ញុំ​មិន​ទាន់​ឈប់​ស្រួល​បួល​ផង ប៉ូលិស​យក​ដំបង​ទៅ​ឆក់​ប្ដី​ខ្ញុំ ហើយ​ប៉ូលិស​មួយ​ទៀត​ទាញ​ដៃ​ខ្ញុំ​ពី​លើ​ម៉ូតូ។ ដួល​ចំ​ក្បាល ខ្ញុំ​សន្លប់​អត់​ដឹង​ខ្លួន​ផង។ ទាញ​កន្រ្តាក់​ខ្លាំង​ដែរ បោក​លើ​ចិញ្ចើម​ថ្នល់​ចំ​ក្បាល​បែក​បន្តិច កន្លែង​លើ​ស្លឹក​ត្រចៀក។ ឥឡូវ​នៅ​ឈឺ​ដៃ លើក​ឡើង​លើ​អត់​កើត​ផង។ កូន​នៅ​បម្រាស់​ដែរ ប៉ុន្តែ​ពេល​បម្រាស់​ឈឺ​ដែរ បន្តិច​ទៀត​បាន​គេ​យក​ទៅ​ពិនិត្យ​ឲ្យ»

បុរស​ជា​ប្តី​ឈ្មោះ ម៉េង សារឿន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​វិច្ឆិកា គាត់​ឌុប​ប្រពន្ធ​ទៅ​មើល​ស្រែ ហើយ​បង្ហួស​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ ដោយ​គាត់​ទើប​មាន​កូន​ដំបូង​ត្រូវ​តាម​ដាន​សុខភាព។ លោក​ថា នៅ​ពេល​ម៉ូតូ​វាង​ស្ពាន​ដែក​ក្បែរ​ស្ពាន​ស្លាគូ នៅ​ខាង​ជើង​វត្ត​ចមពល នគរបាល​ចរាចរណ៍​បាន​ឃាត់​ម៉ូតូ​ឲ្យ​ឈប់។ ប៉ូលិស​បាន​មក​ចាប់​ដៃ​ម៉ូតូ ហើយ​យក​ដំបង​ឆក់​វាយ​ក្បាល​គាត់ រួច​ប៉ូលិស​ម្នាក់​ទៀត​ទាញ​ដៃ​ប្រពន្ធ​គាត់​ទម្លាក់​ពី​ម៉ូតូ​ឲ្យ​សន្លប់។

លោក ម៉េង សារឿន បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ ៖ «វា​ចាប់​សុំ​លុយ ខ្ញុំ​ឈប់​ហើយ​ប៉ុន្តែ​ម៉ូតូ​នៅ​រត់​បន្តិចៗ ហើយ​វា​វ៉ៃ​ខ្ញុំ​តែម្ដង។ ខ្ញុំ​ដួល​ម៉ូតូ​ទៅ​ប៉ូលិស​ចាប់​ទាញ​ដៃ​ប្រពន្ធ​ខ្ញុំ​ទម្លាក់​ពី​លើ​ម៉ូតូ ហើយ​នាង​ក៏​ដួល​បោក​មួយ​ចំហៀង​ខ្លួន​ទៅ»

ប្រជាជន​ច្រើន​ទៀត​ដែល​បាន​ឃើញ​ហេតុ​ការណ៍​បាន​អះអាង​ថា សមត្ថកិច្ច​បាន​ធ្វើ​កំណត់​ហេតុ​ថា ស្រ្តី​ដែល​សន្លប់​នោះ​បាន​រង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មិន​បង្ក​ដោយ​ប៉ូលិស​ចរាចរណ៍​នោះ​ទេ។ ពួក​គាត់​បាន​បដិសេធ​នឹង​របាយការណ៍​នោះ ៖ «ធ្លាក់​ហ្នឹង​ប៉ូលិស​ជា​អ្នក​បង្ក»

ប្រធាន​សហគមន៍​ត្រពាំព្រីង លោក ឡាយ ឃ្លី បាន​ឲ្យ​ដឹង​ថា គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ជំនួស​គ្រួសារ​វ័យ​ក្មេង​ដែល​រង​គ្រោះ​នោះ ដោយ​គាត់​បាន​ឃើញ​សកម្មភាព​បង្ក​គ្រោះថ្នាក់​នោះ​ផ្ទាល់​ភ្នែក គឺ​កើត​ចេញ​ពី​សមត្ថកិច្ច​ចរាចរណ៍​ដែល​ចាប់​ដៃ​ម៉ូតូ និង​ប្រើ​ដំបង​វាយ​ទៅ​លើ​បុរស​ជា​ប្តី បង្ខំ​ឲ្យ​ឈប់​ដើម្បី​ផាក​ពិន័យ​មិន​ពាក់​មួក​សុវត្ថិភាព ហើយ​បាន​ទាញ​ទម្លាក់​ប្រពន្ធ​គេ​ធ្លាក់​មក​ដី​ធ្វើ​ឲ្យ​សន្លប់ ៖ «ខ្ញុំ​អាង​សាក្សី​ច្រើន​ណាស់ បើ​ថា​គេ​យ៉ាង​ម៉េចៗ ខ្ញុំ​តវ៉ា​ទៅ​លើ​ទៀត»

អធិការ​រង​ស្រុក​ត្រាំកក់ លោក អ៊ួន សុខុម មាន​ប្រសាសន៍​ថា ក្រុម​ការងារ​សណ្តាប់​ធ្នាប់​កំពុង​រៀបចំ​ឯកសារ រួម​ទាំង​បណ្តឹង​ពលរដ្ឋ​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​តាកែវ ឲ្យ​ដោះ​ស្រាយ។

លោក អ៊ួន សុខុម មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​អត់​ទាន់​ហ៊ាន​ថា​យ៉ាង​ម៉េច​ដែរ​ទេ ព្រោះ​មិន​មែន​ជា​អ្នក​នៅ​ក្រោម​ឱវាទ​របស់​ខ្ញុំ​ទេ អ្នក​ហ្នឹង​ជា​កម្លាំង​របស់​ខេត្ត»

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​តាម​ដាន​រឿង​នេះ។

នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ វិច្ឆិកា ស្រ្តី​ដែល​បាន​រង​គ្រោះ​តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ វិច្ឆិកា​នោះ កំពុង​ត្រូវ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្ត​តាកែវ បញ្ជូន​ទៅ​ពិនិត្យ​ផ្ទៃពោះ​រក​ផល​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ៕