អំពើហិង្សាដោយប្រើអាវុធបាញ់ប្រជាពលរដ្ឋគ្មានអាវុធ បង្កឡើងដោយឆ្មាំការពារក្រុមហ៊ុនធីធីវ៉ាយ បានជំរុញឲ្យនាយករដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាលថ្លែងព្រមានអ្នកគ្រប់គ្រងក្រុមហ៊ុននៅថ្ងៃ៣១ មករា ថានឹងត្រូវទទួលទោសខ្លួនឯង បើសិនមិនប្រញាប់ប្រញាល់ប្រគល់ខ្លួនជនល្មើសទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច។
លោក ហ៊ុន សែន មានប្រសាសន៍ទៅកាន់ឧកញ៉ា ណា ម៉ារឌី ប្រធានអគ្គនាយកក្រុមហ៊ុនធីធីវ៉ាយដូច្នេះ ៖ "...ណា ម៉ារឌី ឯង នៅទីនេះស្រាប់ហើយ។ ត្រូវបញ្ជូនអ្នកដែលបាញ់នោះមកឲ្យអាជ្ញាធរ។ លោកឯងច្បាស់ជាស្គាល់ហើយ។ បើមិនបញ្ជូនអ្នកនោះមកឲ្យរដ្ឋាភិបាល មកឲ្យអាជ្ញាធរទេ ម៉ារឌី ឯង នឹងត្រូវចូលខ្លួនឯងហើយ។ កុំថាខ្លួនជាទីប្រឹក្សានាយករដ្ឋមន្ត្រីនោះ។ ខ្ញុំដកតំណែងទីប្រឹក្សាទៀត បើព្រមបញ្ជូនអ្នកហ្នុងទេ។"
ការចេញបញ្ជារបស់នាយករដ្ឋមន្ត្រី ហាក់ដូចជាឆ្លើយតបទៅនឹងសេចក្ដីអំពាវនាវរបស់ជនរងគ្រោះខ្លះ ដែលមានស្រ្តីឈ្មោះ ណេត រតនា ហើយនិងស្វាមី ដែលបានរង់ចាំមើលថា តើមានការរកយុត្តិធម៌ឲ្យជនរងគ្រោះ ឬទេ ៖ "...ចង់ឲ្យគេចាប់ឲ្យបាន ដូចដែលគេបានសន្យាជាមួយប្រជាពលរដ្ឋទាំងអស់គ្នា។"
ស្វាមីរបស់អ្នកស្រីឈ្មោះ ហ៊ាន វណ្ណា មានប្រសាសន៍ ៖ "...សូមឲ្យគាត់ធ្វើតាមគោលការណ៍ដូចគាត់និយាយ។ ឲ្យប្រជាពលរដ្ឋនៅខេត្តក្រចេះជឿជាក់លើគាត់។"
តាមព័ត៌មានចុះផ្សាយក្នុងគេហទំព័ររបស់ក្រុមហ៊ុនធីធីវ៉ាយ (TTY Corporation Co., Ltd.) អ្នកគ្រប់គ្រងក្រុមហ៊ុនអះអាងថា មានបទពិសោធន៍ខាងផ្នែកកសិ-ឧស្សាហកម្មប្រមាណ ២០ឆ្នាំ។ ក្រុមហ៊ុននេះចុះឈ្មោះក្នុងបញ្ជីក្រសួងពាណិជ្ជកម្មនៅថ្ងៃ២៤ មេសា ឆ្នាំ២០០៤ ហើយមានទ្រព្យសម្បត្តិជាទឹកប្រាក់សរុបប្រមាណ ១៥០លានដុល្លារ សម្រាប់ការធ្វើអាជីវកម្ម។
ក្រុមហ៊ុនធីធីវ៉ាយ ធ្វើអាជីវកម្មខាងចម្ការដំឡូងមី ចម្ការកៅស៊ូ សម្ភារៈឧស្សាហកម្មសម្រាប់ជួលសណ្ឋាគារ Four Point Sheraton Angkor ស្ថានីយប្រេងឥន្ធនៈតូតាល់ និងផ្គត់ផ្គង់ឆ្មាំយាមការពារសន្តិសុខ។ ប្រធាន និងម្ចាស់ក្រុមហ៊ុន ឈ្មោះអ្នកស្រី សេង ទូច រីឯលោក ណា ម៉ារឌី ជាអ្នកចាត់ចែងកិច្ចការ។
លោក ណា ម៉ារឌី ទទួលបានសញ្ញាប័ត្របណ្ឌិតខាងគ្រប់គ្រងអាជីវកម្មនៅសកលវិទ្យាល័យមួយ នារដ្ឋហាវ៉ៃ ស.រ.អា. មានបរិញ្ញាបត្រផ្នែកកសិកម្មចុងទសវត្ស១៩៨០ នៅចម្ការដូង សញ្ញាប័ត្រវិស្វកម្មដើមទសវត្ស១៩៨០ ហើយធ្លាប់សិក្សានៅមហាវិទ្យាល័យបច្ចេកទេសប្រទេសអ៊ុយក្រែន ក្នុងអតីតសហភាពសូវៀត។ ក្រុមហ៊ុននេះ មានតំណាងសម្រាប់ទាក់ទងឈ្មោះ ង្វៀង ញ៉ាត ខ្វា (Nguyen Nhat Khoa)។ ក្រុមហ៊ុនធីធីវ៉ាយក៏ចូលរួមក្នុងយន្តការអភិវឌ្ឍន៍ស្អាត (Clean Development Mechanism) ធ្វើអាជីវកម្មបង្កើតឧស្ម័ន Biogas ជាមួយក្រុមហ៊ុនវៀតណាម៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។