ក្រសួង​ព័ត៌មាន​ផ្ដល់​អាជ្ញា​ប័ណ្ណ​បើក​វិទ្យុ​ឲ្យ សយ សុភាព

លោក សយ សុភាព អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​បណ្តាញ​ទូរទស្សន៍​កម្ពុជា (CTN) និង​ជា​ចាងហ្វាង​កាសែត​ដើម​អំពិល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មិថុនា​នេះ​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ដែល​ទទួល​ដំណឹង​ថា ក្រសួង​ព័ត៌មាន​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​បើក​ស្ថានីយ​វិទ្យុ​តាម​ការ​ស្នើ​សុំ​របស់​លោក​នោះ។

0:00 / 0:00

លោក សយ សុភាព មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​ពី​ក្រសួង​ព័ត៌មាន​នៅ​ឡើយ​ទេ គ្រាន់​តែ​លោក​បាន​ដឹង​តាម​រយៈ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​ព័ត៌មាន​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​នៃ​ការ​បង្កើត​ស្ថានីយ​វិទ្យុ​យោង​តាម​លិខិត​ស្នើ​សុំ​របស់​លោក​ដែល​បាន​ដាក់​ជូន​ក្រសួង​នេះ​ជាង​ពីរ​ខែ​មក។

លោក សយ សុភាព ថ្លែង​ដូច្នេះ​ថា ៖ «អ្វី​ដែល​ជា​បញ្ហា​ក្នុង​សង្គម ហើយ​អ្វី​ដែល​ជា​បញ្ហា​នៅ​ថ្ងៃ​មុខ គឺ​យើង​គិត​អំពី​បញ្ហា​ហ្នឹង អ៊ីចឹង​យើង​ធ្វើ​វិទ្យុ​នេះ គឺ​យើង​ត្រូវ​តែ​មាន​តួនាទី​មើល​ឲ្យ​បាន​វែង​ឆ្ងាយ គិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​សង្គម​ជាតិ​របស់​យើង។ គំនិត​របស់​ខ្ញុំ​គឺ​ថា ឲ្យ​ខ្មែរ​ស្គាល់​ខ្លួន​ឯង កាល​ណា​ស្គាល់​ខ្លួន​ឯង​ហើយ ស្គាល់​តម្លៃ​ប្រទេស​ជាតិ​ហើយ»

លោក សយ សុភាព បាន​បញ្ជាក់​ប្រាប់​អំពី​គោល​បំណង​នៃ​ការ​បើក​ស្ថានីយ​វិទ្យុ​នេះ​ថា គឺ​ដើម្បី​បម្រើ​សង្គម​និង​មិន​បម្រើ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ ការ​បង្កើត​វិទ្យុ​នេះ​ទៀត គឺ​ពុំ​មាន​ការ​ឧបត្ថម្ភ​ពី​ស្ថាប័ន​ណា​មួយ​នោះ​ទេ ហើយ​វិទ្យុ​នេះ​នឹង​ដាក់​ឈ្មោះ​ថា វិទ្យុ​សំឡេង​ដើម​អំពិល។

លោក សយ សុភាព មាន​ប្រសាសន៍​បន្ថែម​ថា ៖ «កាសែត​ខ្មែរ​កើត​ឡើង​នៅ​ឆ្នាំ​១៩៣៦ ថ្ងៃ​១៩ ធ្នូ គឺ​កូន​ខ្មែរ​ជា​អ្នក​បង្កើត ឥឡូវ​នេះ ខ្ញុំ​ជា​ក្មេង​ជំនាន់​ក្រោយ យក​ខួប​កំណើត​ហ្នឹង​យក​មក​គោរព ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ថា យើង​ខ្ញុំ​មិន​ចង់​ទទួល​ឥទ្ធិពល​ប្រាក់​ពី​បរទេស ឬ​ពី​បក្ស​នយោបាយ​ណា​ទេ ប៉ុន្តែ​លុយ​នេះ​បាន​មក​ពី​ការ​សន្សំ​របស់​ពួក​ខ្ញុំ​ដែល​ធ្វើការ»

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក សុន ឆ័យ មាន​ប្រសាសន៍​ថា កន្លង​មក គណបក្ស​សម​រង្ស៊ី​ក៏​ធ្លាប់​បាន​ស្នើ​សុំ​បង្កើត​ស្ថានីយ​វិទ្យុ​ពី​ក្រសួង​ព័ត៌មាន​ដែរ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​នេះ​បដិសេធ។ ហើយ​ក្រោយ​មក​ទៀត ក៏​បាន​ស្នើ​សុំ​ជា​លក្ខណៈ​ឯកជន​ផង​ដែរ នៃ​ការ​បង្កើត​ស្ថានីយ​វិទ្យុ​នេះ ប៉ុន្តែ​គឺ​នៅ​តែ​ខាង​ក្រសួង​ប្រាប់​វិញ​ថា អស់​រលក​ធាតុ​អាកាស​ឬ​អស់​ហ្រេ្វកង់​នោះ​ហើយ។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ស្រាប់​តែ​នៅ​ពេល​នេះ ក្រសួង​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ជូន​អ្នក​គ្រាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ ហើយ​ថា នេះ​ជា​រឿង​អយុត្តិធម៌ ៖ «អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ក្រសួង​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី​ដែល​ធ្លាប់​ឆ្លើយ​បដិសេធ​ពី​មុន​មក​ថា អត់​មាន​ហ្រេ្វកង់​សម្រាប់​ឲ្យ ពេល​នេះ​បែរ​ជា​មាន បាន​ន័យ​ថា ការ​ភូត​ភរ​បែប​នេះ​ធ្វើ​ឲ្យ​បាត់​បង់​កិត្តិយស​ដល់​ក្រសួង​របស់​រដ្ឋាភិបាល»

រដ្ឋមន្រ្តី​នៃ​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ខាង​លើ​ទេ ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់។

សូម​ជម្រាប​ថា លោក សយ សុភាព បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ក៏​មិន​ទាន់​ដឹង​ថា កម្លាំង​ផ្សាយ​នៃ​វិទ្យុ​ដែល​នឹង​បង្កើត​ថ្មី​នេះ​មាន​កម្លាំង​ប៉ុន្មាន​គីឡូ​វ៉ាត់​នោះ​ដែរ ប៉ុន្តែ​លោក​ថា ទោះ​ជា​ក្រសួង​អនុញ្ញាត​ជូន​កម្លាំង​ផ្សាយ​ប៉ុន្មាន​គីឡូ​វ៉ាត់​ក៏​ដោយ ក៏​លោក​ទទួល​យក​ដែរ។

លោក សុន ឆ័យ បាន​លើក​ឡើង​ទៀត​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​ជា​រដ្ឋាភិបាល​ខ្មែរ​ទាំង​អស់​គ្នា ហើយ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​សិទ្ធិ​ស្មើ​គ្នា​នៃ​ការ​បង្កើត​ស្ថានីយ​វិទ្យុ​នេះ ប៉ុន្តែ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ជូន​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ដូច្នេះ​ជា​រឿង​លម្អៀង​មួយ៕