អតីតមេបញ្ជាការទ័ពជើងទឹក លោក មាស មុត និងអតីតមេបញ្ជាការទ័ពជើងអាកាស លោក ស៊ូ ម៉េត ត្រូវបានជនរងគ្រោះមួយរូប គឺកញ្ញា សេង ធារី កំពុងដាក់ពាក្យប្ដឹងទៅសាលាក្ដីខ្មែរក្រហម ដោយមានជំនឿមាំថា អតីតមេបញ្ជាការទាំងពីររូប ទាក់ទិនទៅនឹងសំណុំរឿងឧក្រិដ្ឋខ្មែរក្រហម កាលពីជាង ៣០ឆ្នាំមុន។
អតីតអ្នកទោសកុមារមួយរូប ហើយឪពុកម្ដាយត្រូវពួកខ្មែរក្រហមសម្លាប់នៅក្នុងខេត្តស្វាយរៀង កញ្ញា សេង ធារី ថ្លែងឱ្យដឹងនៅថ្ងៃទី ៦ ខែមេសាថា ពាក្យបណ្ដឹងរបស់គាត់ប្រឆាំងនឹងលោក មាស មុត អតីតមេបញ្ជាការទ័ពជើងទឹក និងលោក ស៊ូ ម៉េត អតីតមេបញ្ជាការទ័ពជើងអាកាសខ្មែរក្រហម នោះ អង្គភាពគាំពារជនរងគ្រោះនៅសាលាក្ដីខ្មែរក្រហមបានទទួលហើយ ក៏ប៉ុន្តែ គាត់កំពុងរង់ចាំព័ត៌មានពីការិយាល័យចៅក្រមស៊ើបអង្កេតនៅឡើយ។
កញ្ញា សេង ធារី បញ្ជាក់៖ «ខ្ញុំបានស្រាវជ្រាវ និងអានឯកសារលើសលប់ ដែលនិយាយអំពីឧក្រិដ្ឋកម្មរបស់លោក មាស មុត និងលោក ស៊ូ ម៉េត។ ខ្ញុំមិនមែនចេះតែស្រង់នៅក្នុងភាពងងឹតទេ។ ខ្ញុំបានស្រាវជ្រាវពឹងផ្អែកលើឯកសារ មិនមែនឯកសារមួយ ឬពីរសរសេរដោយមនុស្ស ដែលអត់ដឹងឮ ទេ ប៉ុន្តែជាឯកសារដែលខ្ញុំស្រង់ពីតុលាការខ្មែរក្រហមផ្ទាល់ ហើយស្រង់ពីអ្នកជំនាញ ដែលបានដឹងឮដោយផ្ទាល់ ដែលបានស្រាវជ្រាវស៊ីជម្រៅនៅក្នុងសាច់រឿងហ្នឹង»។
កញ្ញា សេង ធារី បញ្ជាក់ទៀតថា ការដាក់ពាក្យបណ្ដឹងនេះ គឺធ្វើឡើងស្របតាមច្បាប់ និងវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម ក្នុងនាមជាជនរងគ្រោះ នៅពេលដែលសំណុំរឿងលេខ ០០៣ និង០០៤ កំពុងឋិតក្រោមការស៊ើបអង្កេត។
មន្ត្រីទំនាក់ទំនងផ្លូវច្បាប់នៃសាលាក្ដីខ្មែរក្រហម លោក ឡាស អូលសិន (Lars Olsen) ថ្លែងថា ការដាក់ពាក្យបណ្ដឹងរបស់កញ្ញា សេង ធារី ធ្វើឡើងតាមច្បាប់ និងវិធានផ្ទៃក្នុងសាលាក្ដីខ្មែរក្រហម។ លោកមានប្រសាសន៍ថា សំណុំរឿងលេខ ០០៣ និង០០៤ កំពុងស៊ើបអង្កេត ក៏ប៉ុន្តែ តុលាការមិនទាន់បញ្ចេញឈ្មោះជនល្មើសណាមួយនៅឡើយទេ។
លោក ឡាស អូលសិន បន្តថា «ខ្ញុំជឿថា បញ្ហានេះវាជាការលឿនពេក ហើយមិនមានការទទួលខុសត្រូវ និងផ្ទុយពីនីតិវិធី ដែលបញ្ចេញឈ្មោះនៅក្នុងការស៊ើបអង្កេតសម្ងាត់ មកបញ្ចេញតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាន»។
លោក ឡាស អូលសិន ថ្លែងថា សាលាក្ដីខ្មែរក្រហម បានលើកទឹកចិត្តឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងឱ្យបានច្រើន ហើយជនរងគ្រោះអាចដាក់ពាក្យបណ្ដឹងនៅពេលណាក៏បាន តាមការសម្រេចចិត្តរបស់ខ្លួន។ ក៏ប៉ុន្តែទាក់ទងនឹងសំណុំរឿងលេខ០០៣ និង០០៤ កំពុងស៊ើបអង្កេតនេះ សាលាក្ដីត្រូវរង់ចាំទទួលព័ត៌មានបន្ថែមពីចៅក្រមសិន ហើយឈ្មោះជនល្មើសណាមួយ ដែលលើកឡើងដោយកញ្ញា សេង ធារី ឬនរណាម្នាក់ផ្សេងទៀត គ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ។ លោកបន្តថា ដើម្បីឱ្យមានភាពងាយស្រួលក្នុងការដាក់ពាក្យជាដើមបណ្ដឹងរដ្ឋប្បវេណី ជនរងគ្រោះគួរពិនិត្យមើលបទចោទ និងជនត្រូវចោទជាមុនសិន។
ក្រៅពីនេះ អនុប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក វ៉ាន់ថាន់ ពៅដារ៉ា ពន្យល់ថា ការដាក់ពាក្យបណ្ដឹងរបស់ជនរងគ្រោះ គឺត្រូវដឹងថា តើជនសង្ស័យត្រូវតុលាការចោទ ឬអត់ ហើយបទល្មើស ដែលប្ដឹងនោះគេស៊ើបអង្កេតដែរឬទេ។
លោក វ៉ាន់ថាន់ ពៅដារ៉ា បញ្ជាក់បន្ថែមដូច្នេះ «ឬមួយក៏ថា តើសំណុំរឿងមួយហ្នឹង ត្រូវបានតុលាការទម្លាយឱ្យយើងបានដឹងដែរឬយ៉ាងណា។ បើមិនដូច្នោះទេ វាអាចនឹងប៉ះពាល់ដល់ភាពសម្ងាត់របស់តុលាការ។»
កញ្ញា សេង ធារី មានប្រសាសន៍ថា តាមនីតិវិធីរបស់សាលាក្ដីខ្មែរក្រហម និងខ្លឹមសារស៊ីជម្រៅនៃសាច់រឿងរបស់កញ្ញា ទើបធ្វើឱ្យកញ្ញាមានជំហររឹងមាំខាងផ្លូវច្បាប់សម្រាប់ដាក់ពាក្យប្ដឹងលោក មាស មុត និងលោក ស៊ូ ម៉េត នៅក្នុងសំណុំរឿងលេខ ០០៣ និង ០០៤។ កញ្ញារំពឹងថា សាលាក្ដីខ្មែរក្រហមនឹងឆ្លើយតបវិញក្នុងពេលមួយសមស្រប ហើយដំណើរការទៅមុខ។
ដោយឡែក ពលរដ្ឋប្រទេសនូវែលហ្សេឡង់មួយរូប គឺលោក រ៉ប ហាមិល (Rob Hamill) នឹងដាក់ពាក្យប្ដឹងទៅសាលាក្ដីខ្មែរក្រហមជាដើមបណ្ដឹងរដ្ឋប្បវេណីទី២ សម្រាប់ករណី ០០៣ និង ០០៤ ដោយចោទប្រកាន់អតីតមេបញ្ជាការយោធាខ្មែរក្រហមឈ្មោះ មាស មុត និង ស៊ូ ម៉េត ថា ជាមេខ្មែរក្រហម ដែលត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះឧក្រិដ្ឋកម្មលើបងរបស់លោកឈ្មោះ ឃើរី ហាមិល (Kerry Hamill)។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃពុធ ទី៦ ខែមេសា លោក រ៉ប ហាមិល នឹងដាក់ពាក្យជាផ្លូវការនៅថ្ងៃសុក្រ ទី៨ ខែមេសានេះ ដោយចោទថា មេបញ្ជាការយោធាទាំងពីររូបមានចំណែកក្នុងគោលបំណង និងផែនការចាប់ខ្លួន និងសម្លាប់លោក ឃើរី ហាមិល ក្នុងពេលលោក មាស មុត មាននាទីជាមេបញ្ជាការកងនាវាចរណ៍ ហើយ ស៊ូ ម៉េត មាននាទីជាមេបញ្ជាការកងអាកាសចរណ៍។
តាមការអះអាងក្នុងពាក្យបណ្ដឹងរបស់ដើមចោទជាប្អូនជនរងគ្រោះឈ្មោះ ឃើរី ហាមិល បានបើកកាណូតកម្សាន្ត ហើយបោះយុថ្កាក្បែរកោះតាង នៅថ្ងៃ១៣ ខែសីហា ឆ្នាំ១៩៧៨ តែត្រូវនាវាល្បាតខ្មែរក្រហមចាប់ខ្លួនបញ្ជូនទៅដាក់គុកទួលស្លែង។ ដើមចោទអះអាងថា ឆ្មាំគុកទួលស្លែង បានធ្វើទារុណកម្មគាបសួរចម្លើយ ហើយបង្ខំឲ្យសារភាពដោយចុះហត្ថលេខាថា ឃើរី ហាមិល ជាភ្នាក់ងារសេ.អ៊ី.អា រួចសម្លាប់ចោលតែម្ដង។
គ្រួសារជនរងគ្រោះធ្លាប់បានសរសេរសំបុត្រទៅរដ្ឋាភិបាលក្រុង អកឡែន (Auckland) ឲ្យជួយធ្វើអន្តរាគមន៍ធានាសុវត្ថិភាព ឃើរី ហាមិល ប៉ុន្តែ រដ្ឋាភិបាលមិនសូវអើពើ ហើយបន្ទាប់មកគាំទ្ររបបខ្មែរក្រហមនៅឯអង្គការសហប្រជាជាតិទៀតផង។
ក្រុមគ្រួសារជនរងគ្រោះជាតិនូវែលហ្សេឡង់ សម្ដែងការបារម្ភថា ការស៊ើបអង្កេតក្នុងករណី០០៣ និង ០០៤ លើកម្មាភិបាលថ្នាក់ខ្ពស់ពីសម័យខ្មែរក្រហម ដែលគេមិនបញ្ចេញឈ្មោះ ៥ រូប ស្ថិតនៅទ្រឹងមិនចេញជាអ្វី ដោយសារការជ្រៀតជ្រែកខាងនយោបាយជាចំហ ហើយនិងភាពស្ពឹកយឺតយ៉ាវខាងអង្គការសហប្រជាជាតិ។
សាលាក្ដីខ្មែរក្រហមកំពុងតែខិតជិតដល់ការចាប់ផ្ដើមវិនិច្ឆ័យក្ដីករណី ០០២ ដែលត្រូវនាំខ្លួនមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមបួនរូបមកកាត់ក្ដី មានដូចជា នួន ជា, អៀង សារី, ខៀវ សំផន និង អៀង ធីរិទ្ធ។ ដើមចោទទី១ ក្នុងករណី ០០៣ និង ០០៤ គឺកញ្ញាមេធាវី សេង ធារី ដែលបានដាក់ពាក្យជាដើមបណ្ដឹងរដ្ឋប្បវេណីកាលពីថ្ងៃទី៤ ខែមេសា កន្លងទៅនេះ៕