អ.ស.ប​និង​រដ្ឋាភិបាល​​ចុះ​ហត្ថលេខា​លើ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​៥​ឆ្នាំ

អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប)​និង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​រយៈពេល​៥​ឆ្នាំ សម្រាប់​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១៥។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ.ស.ប​នៅ​កម្ពុជា មិន​បាន​ឲ្យ​ដឹង​ថា មាន​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​នឹង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​កិច្ច​សហការ​៥​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ទេ តែ​កន្លង​មក​នៅ​ក្នុង​ប្រតិបត្តិការ​របស់​អ.ស.ប​នៅ​កម្ពុជា បាន​ចំណាយ​ប្រចាំ​ឆ្នាំ​ប្រហែល​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

អ.ស.ប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា គឺ​ជា​ក្រុម​ដែល​ធំ​ជាង​គេ​បំផុត ហើយ​មាន​ភ្នាក់ងារ​ឯកទេស​អ.ស.ប​ចំនួន​២៣​អង្គភាព ដែល​ធ្វើ​សកម្មភាព​ដែល​មាន​មូល​និធិ​និង​កម្មវិធី​ជា​ច្រើន​ជាមួយ​នឹង​បុគ្គលិក​ជិត​១.០០០​នាក់ ដែល​កំពុង​អនុវត្ត​កម្មវិធី​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ.ស.ប នៅ​ថ្ងៃ​ទី​២៦ ខែ​មករា បាន​សសេរ​ថា អ.ស.ប​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្តល់​នូវ​ធនធាន​សមត្ថភាព​បច្ចេកទេស​ក្នុង​វិស័យ​ទូលំ​ទូលាយ​មួយ ដោយ​រាប់​ទាំង​វិស័យ​ជា​ច្រើន​ដូចជា សុខភាព អប់រំ ជន​ចំណាក​ស្រុក ជំងឺ​អេដស៍ អភិបាលកិច្ច​ល្អ សិទ្ធិ​មនុស្ស កសិកម្ម ជំងឺ​រីករាល​ដាល ជំងឺ​ផ្តាសសាយ​បក្សី ការ​ជួញ​ដូរ​មនុស្ស ពាណិជ្ជកម្ម ការ​ថែ​រក្សា​វប្បធម៌ ការ​បង្ការ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​និង​សន្តិសុខ​ស្បៀង​ជាដើម។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​សរសេរ​ទៀត​ថា នេះ​គឺ​ជា​ការ​ផ្សា​ភ្ជាប់​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ដំណាក់​កាល​ទី​ពីរ​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដែល​បាន​ស្ថាបនា​ទៅ​លើ​សមិទ្ធផល​និង​ភាព​រីក​ចម្រើន​នៅ​ទសវត្សរ៍​កន្លង​ទៅ​និង​នៅ​លើ​ជំហរ​របស់​អ.ស.ប ដែល​ជា​ដៃគូ​ជឿ​ទុក​ចិត្ត​និង​អព្យាក្រឹត​របស់​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា៕