របាយការណ៍ស្ទង់មតិរបស់អង្គការសហប្រជាជាតិ ស្ដីពីផលប៉ះពាល់សង្គមសេដ្ឋកិច្ចដោយសារជំងឺអេដស៍ ដែលផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា បានបង្ហាញថា គ្រួសារអ្នកកើតជំងឺអេដស៍ប្រមាណ ៥១% កំពុងរស់នៅដោយស្រេកឃ្លាន។ បន្ថែមលើបញ្ហាគ្មានម្ហូបអាហារគ្រប់គ្រាន់សម្រាប់បរិភោគនេះ ពួកគេក៏ត្រូវទទួលរងការរើសអើង ប្រមាថមើលងាយក្នុងសង្គម និងបាត់បង់ការងារដោយសារស្ថានភាពជំងឺរបស់ពួកគេ។
របាយការណ៍នេះ គឺជាការសិក្សាក្នុងទ្រង់ទ្រាយធំ និងពិស្ដារបំផុតមួយពុំធ្លាប់មានពីមុនមក ដែលធ្វើឡើងរួមគ្នារវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
ក្នុងចំណោមពលរដ្ឋជាង ៤ពាន់គ្រួសារ ដែលផ្ដល់សម្ភាសន៍ មានជាង ២.៦០០គ្រួសារជាក្រុមគ្រួសារដែលផ្ទុកមេរោគអេដស៍។ របាយការណ៍បានប៉ាន់ប្រមាណទុកថា ការរីករាលដាលនៃជំងឺអេដស៍បានបណ្ដាលឲ្យផលិតផលសរុបក្នុងស្រុក ឬ GDP ធ្លាក់ចុះប្រមាណជាង ១៦% ក្នុងចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២០។ បច្ចុប្បន្ននេះ ក្នុងចំណោមពលរដ្ឋ ៦ម៉ឺនគ្រួសារ មានជាង ៧ម៉ឺននាក់កំពុងផ្ទុកមេរោគអេដស៍ និងកើតជំងឺអេដស៍៕