OHCHR​ថ្កោលទោស​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​បញ្ជូន​ជន​អ៊ុយហ្គរ៍​ទៅ​ចិន

ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្ដែង​ការ​ស្រងាក​ចិត្ត និង​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​ខ្មែរ ដែល​បាន​ចាប់​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍ ២០​នាក់​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ កាល​ពី​យប់​ថ្ងៃ​ទី​១៩ ធ្នូ​កន្លង​មក​នេះ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍ ២​ទំព័រ​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​ធ្នូ លោកគ្រី ស្តូហ្វ ប៉េស៊ូ តំណាង​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្ដែង​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ដែល​កម្ពុជា​ជា​ប្រទេស​ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ និង​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ពិនិត្យ​ការ​ស្នើសុំ​ជ្រកកោន​របស់​ជនជាតិ​អ៊ុយហ្គរ៍ ២០​នាក់ បែរ​ជា​ផ្លាស់ប្តូរ​ជំហរ​យ៉ាង​ឆាប់​រហ័ស​របស់​ខ្លួន ដែល​បាន​ធានា​អះអាង​នៅ​មុន​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ទាំង​នោះ​ថា កម្ពុជា​នឹង​ត្រួត​ពិនិត្យ​ធ្វើ​សំណុំ​បែបបទ​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ទាំង​នោះ។

ការ​ផ្លាស់ប្តូរ​ជំហរ​ដ៏​ឆាប់​រហ័ស​របស់​កម្ពុជា​នៅ​ចុង​សប្តាហ៍​កន្លង​មក​នេះ ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ពី​ប្រទេស​ចិន ទើប​បណ្តាល​ឲ្យ​កម្ពុជា​ចាត់ទុក​ជនជាតិ​អ៊ុយហ្គរ៍​ទាំង ២០​នាក់​នោះ ថា​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​វិញ។

សេចក្តី​ថ្លែង​ការណ៍​ដដែល​ប​ន្តថា ការ​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍ ២០​នាក់​ត្រឡប់​ទៅ​វិញ​នេះ នាំ​ឲ្យ​មាន​កង្វល់​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​មួយ ដែល​ធ្លាប់​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង​ក្នុង​អំឡុង​ពេល​សង្គ្រាម និង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​ដែល​កម្ពុជា​ដឹង​ច្បាស់​បំផុត​អំពី​តម្លៃ​និង​ភាព​សំខាន់​ចាំបាច់​របស់​ជន​ភៀស​ខ្លួន ជា​ពិសេស​កម្ពុជា​ដែល​មាន​ប្រជាពលដ្ឋ​របស់​ខ្លួន​រាប់​ម៉ឺន​នាក់​បាន​ត្រូវ​សង្គ្រោះ​ជីវិត ដោយ​ប្រព័ន្ធ​ការពារ​ជន​ភៀស​ខ្លួន​អន្តរជាតិ​នេះ។

លោក គ្រីស្តូហ្វ ប៉េស៊ូ តំណាង​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​នៅ​កម្ពុជា បាន​បញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​គោរព​ការ​សន្យា​របស់​ខ្លួន​ចំពោះ​កិច្ច​គាំពារ​ដល់​ជន​ភៀស​ខ្លួន គោរព​គោល​ការណ៍​សំខាន់​ស្តីពី​ការ​មិន​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​វិញ និង​ការ​ទប់ទល់​នឹង​សម្ពាធ​ពី​ប្រទេស​ខាង​ក្រៅ​ដែល​មាន​អំណាច​ជាង ហើយ​បន្ថែម​ពី​នេះ​ប្រទេស​ខាង​ក្រៅ​ដោយ​រាប់​ទាំង​ប្រទេស​ចិន​ផង ត្រូវ​គោរព​ការ​ប្តេជ្ញា​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​របស់​កម្ពុជា​ក្រោម​អនុសញ្ញា​ទាំង​ឡាយ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

លោក គ្រីស្តូហ្វ ប៉េស៊ូ បន្ត​ថា ការ​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ត្រឡប់​ទៅ​វិញ​នេះ​បាន​បង្កើត​ឲ្យ​មាន​ទម្លាប់​ជា​អកុសល​មួយ មិន​មែន​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​កើត​មាន​ទូលំ​ទូលាយ​ជាង​នេះ។ យន្តហោះ​ដែល​បាន​ចាក​ចេញ​ទៅ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ ពោរពេញ​ដោយ​ក្តី​អាម៉ាស​និង​បង្ហាញ​ថា សេរីភាព​ចាក​ផុត​ពី​ការ​ខ្វះខាត​និង​ការ​ភ័យ​ខ្លាច​បាន​ក្លាយ​ជា​តូច​ចង្អៀត​ថែម​ទៀត​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ពិភពលោក​នេះ។

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ខាង​លើ​នេះ​នៅ​ឡើយ​ទេ។

សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ​ពី​ស្ថានភាព​របស់​ជន​អ៊ុយហ្គរ៍​២០​នាក់

ចំណែក​សហភាព​អឺរ៉ុប​វិញ នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ផងដែរ​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​របស់​ជនជាតិ​អ៊ុយហ្គរ៍ ២០​នាក់​នោះ ដែល​ត្រូវ​បាន​ដឹក​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ដែរ ប្រធាន​សហភាព​អឺរ៉ុប​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ចិន​គោរព​នូវ​សិទ្ធិ​របស់​ជនជាតិ​អ៊ុយហ្គរ៍ ហើយ​រាល់​សកម្មភាព​ដែល​ធ្វើ​ឡើង​គឺ​ត្រូវ​ធានា​ឲ្យ​មាន​តម្លាភាព​និង​ដោយ​ស្រប​ច្បាប់។

ចិន​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​ដល់​កម្ពុជា និង​សរសើរ​ជុំវិញ​ការ​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​និង​ប្រាក់​កម្ចី​ដល់​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​សរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេច​ចិត្ត​ចាប់​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍​កាន់​សាសនា​អ៊ិស្លាម​ចំនួន ២០​នាក់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

ប្រភព​ព័ត៌មាន អាអេហ្វប៉េ (AFP) ឲ្យ​ដឹង​ថា លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​និង​ចិន​បាន​ព្រមព្រៀង​គ្នា​ថា នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ និង​ពង្រីក​សហ​ប្រតិបត្តិការ​នូវ​លើ​គ្រប់​វិស័យ​ទាំង​អស់ ហើយ​ថា រដ្ឋាភិបាល​ចិន​ក៏​បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល​ខ្មែរ​ដែល​បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍ ២០​នាក់​នោះ ដែល​តាម​ច្បាប់​ក្នុង​ប្រទេស​ចិន​គឺ​ជា​ឧក្រិដ្ឋករ។

សូម​រំឭក​ជូន​ថា ទង្វើ​របស់​រដ្ឋាភិបាល​ខ្មែរ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ធ្វើ​ឡើង​នៅ​ទន្ទឹម​ដែល​លោក​អនុ​ប្រធានាធិបតី​ចិន ស៊ី យិនពីង (Xi Jinping) បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ចំនួន ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ទី​២២ ធ្នូ៕