ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​ក្នុង​រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ហេងអភិវឌ្ឍន៍

ក្រុម​អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ នៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខែត្រ​កណ្ដាល បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឃុំ​ជា​ផ្លូវការ​ហើយ ដើម្បី​ឲ្យ​បញ្ឈប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សិន។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ចំនួន ៤០០​គ្រួសារ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ទៅ​មេ​ឃុំ​ព្រែកស្លែង​ហើយ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​មេសា ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ​បញ្ឈប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ឲ្យ​ឈប់​ឈូស​ឆាយ​ដី​ដែល​កំពុង​មាន​ជម្លោះ​នៅ​ឃុំ​ព្រែកស្លែង ដោយ​ទាមទារ​ឲ្យ​ដោះ​ស្រាយ​គ្នា​ជា​មុន​សិន។

បុរស​ម្នាក់​ដែល​អះអាង​ថា ជា​តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ ញែប អឿង បាន​មាន​ប្រសាសន៍​ថា លោក​បាន​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​សាលា​ឃុំ​ព្រែកស្លែង​រួច​ហើយ ប៉ុន្តែ​មិន​ជួប​មេ​ឃុំ​ទេ គឺ​ក្រុម​ប្រឹក្សា​ឃុំ​ជា​អ្នក​ទទួល​ពាក្យ​បណ្ដឹង​នោះ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​៥ ខែ​មេសា​នេះ អ្នក​ភូមិ​នៅ​តែ​បន្ត​ទៅ​ទប់​ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មិន​ឲ្យ​ឈូស​ឆាយ​ដី​នោះ​ទេ។

លោក ញែប អឿង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មាន​គ្រឿងចក្រ​ហើយ​មិន​នេះ​ទៀត... មាន​តែ​ប្ដឹង​ទៅ​ខាង​ផ្នែក​អង្គការ​ច្បាប់ ព្រោះ​ប្ដឹង​ទៅ​គ្រប់​ក្រសួង​ស្ថាប័ន​អស់​ហើយ ហើយ​គេ​អត់​ដោះស្រាយ»

លោក ញែប អឿង បាន​ឲ្យ​ដឹង​ថា នៅ​មាន​ប្រជាពលរដ្ឋ​ចំនួន ៣០០​គ្រួសារ​ផ្សេង​ទៀត​ដែល​កំពុង​ចុះ​ទៅ​ទប់​ស្កាត់​ត្រាក់ទ័រ​កុំ​ឲ្យ​ឈូស​ដី គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​មក​សាលា​ឃុំ​ទៀត​ដែរ។

ដី​ដែល​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​នោះ មាន​ចំនួន ២០០​ហិកតា ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខែត្រ​កណ្ដាល។

មេ​ឃុំ​ព្រែកស្លែង លោកស្រី មាស សុខែម មិន​បាន​ធ្វើការ​អធិប្បាយ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​នេះ​ទេ។ ប៉ុន្តែ​លោកស្រី​មេ​ឃុំ ក៏​ដូចជា​តំណាង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ថា ប្រជាពលរដ្ឋ​ចំនួន ១៤​គ្រួសារ​នៅ​ឃុំ​ព្រែកស្លែង បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ក្នុង​១​ហិកតា​១​តម្លឹង​មាស រី​ឯ​អ្នក​ភូមិ​ផ្សេង​ទៀត​ពុំ​មាន​ដី​នៅ​តំបន់​ទំនប់​៩៤ និង​ទំនប់​៩៦​ទេ គឺ​ជា​ដី​របស់​អ្នក​ភូមិ​នៅ​ឃុំ​ផ្សេង​ទៀត​ដែល​បាន​លក់​ឲ្យ​ក្រុមហ៊ុន​អស់​រួច​ហើយ។

តំណាង​ប្រជាពលរដ្ឋ​ដដែល លោក ញែប អឿង បាន​បំភ្លឺ​ថា កាល​ពី​ឆ្នាំ​២០០៥ អ្នក​ភូមិ​នៅ​ឃុំ​ព្រែកស្លែង​ចំនួន ១៥​គ្រួសារ បាន​ជួល​គេ​កាប់​ឆ្ការ​ព្រៃ​អស់​ថ្លៃ​ចំនួន ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ហិកតា បន្ទាប់​មក​នៅ​ឆ្នាំ​ដដែល ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​សុំ​ខ្ចី​ដី​របស់​អ្នក​ភូមិ​ចំនួន ១៥​គ្រួសារ​នោះ​ធ្វើ​កសិកម្ម​ដាំ​ពោត ដោយ​សង​ថ្លៃ​ជួល​គេ​កាប់​ឆ្ការ​ព្រៃ​ចំនួន ៣០​ម៉ឺន​រៀល​វិញ។ អ្នក​ភូមិ​មិន​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​បាន​អះអាង​ថា គេ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែកស្លែង បាន​ចាប់​ផ្ដើម​ធ្វើការ​តវ៉ា​នៅ​កន្លែង​ដី​ជម្លោះ​តាំង​ពី​ថ្ងៃ​សុក្រ ទី​២ ខែ​មេសា​កន្លង​មក រហូត​ដល់​ថ្ងៃ​ទី​៤ មេសា ពុំ​មាន​ដំណោះស្រាយ​ណា​មួយ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ឡើង​មក​សាលា​ឃុំ ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​២ នៅ​ទល់​មុខ​សាលា​ឃុំ​ព្រែកស្លែង។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ក្រោយ​ពី​អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់​បាន​បិទ​ផ្លូវ​ជាតិ​លេខ​២​ប្រមាណ​៣​ម៉ោង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា អាជ្ញាធរ​ស្រុក​សហការ​នឹង​អាជ្ញាធរ​ខែត្រ បាន​ទៅ​បំបែក​ហ្វូង​អ្នក​ភូមិ ហើយ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​ភូមិ ព្រមទាំង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ១០​នាក់ ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​ត្រូវ​បាន​ដោះ​លែង​វិញ​ភ្លាមៗ នៅ​សល់ ៧​នាក់ ហើយ​ដល់​ម៉ោង ១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៥ មេសា ទើប​គេ​ដោះ​លែង​អ្នក​ភូមិ​ទាំង ៧​នាក់​នោះ​វិញ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ៖ «អាជ្ញាធរ​ខ្លួន​ឯង​ហ្នឹង​គឺ​ធ្វើ​សកម្មភាព​មិន​ប្រក្រតី ធ្វើ​សកម្មភាព​ដោយ​លួច​លាក់ អាជ្ញាធរ​ខ្លួន​ឯង​ធ្វើ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ទុក​ចិត្ត»

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ចំពោះ​បញ្ហា​ជម្លោះ​ដី​នេះ អាជ្ញាធរ​ឃុំ​បាន​គេចវេះ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​ថា បញ្ហា​ដែល​ឈាន​ដល់​ការ​បិទ​ផ្លូវ​ជាតិ​លេខ​២​នោះ ដោយសារ​តែ​អាជ្ញាធរ​ឃុំ​មិន​ចេញ​មុខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​អ្វី​ផ្សេង​នោះ៕