ក្រុមហ៊ុន​មក​ពី ស.រ.អា វិនិយោគ​៣​លាន​ដុល្លារ​សម្រាប់​ថាមពល​អគ្គិសនី

ក្រុមហ៊ុន​អាមេរិក​មួយ​ឈ្មោះ ជី អេនណឺជី (G Energy) និង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ឈ្មោះ សោម៉ា គ្រុប (SOMA GROUP) បាន​ឱ្យ​ដឹង​ថា គេ​បាន​ធ្វើ​ការ​វិនិយោគ​នូវ​ចំនួន​ទឹក​ប្រាក់​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក។

0:00 / 0:00

នេះ​ជា​ការ​វិនិយោគ​លើក​ដំបូង ដើម្បី​ផ្ដល់​ថាមពល​អគ្គិសនី​ដើរ​ដោយ​ជីវម៉ាស​ឧស្ម័ន​ចម្រុះ ផ្គត់ផ្គង់​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​បាន​ប្រើ​ប្រាស់​ពេល​ខាង​មុខ​ឆាប់ៗ។

ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែ​កក្កដា នៅ​ឯ​ខេត្ត​សៀមរាប ដោយ​មាន​លោក សាត សាមី ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល របស់​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ្វេនស៊ីសស្កូ សាន់ជេហ្ស (Fancisco Sanchez) ជា​អនុរដ្ឋលេខាធិការ​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ចូល​រួម​ធ្វើ​ជា​សាក្សី​ផង។

លោក សុខ ពុទ្ធិវុធ ជា​អគ្គនាយក​របស់​ក្រុមហ៊ុន សោម៉ា គ្រុប លោក​បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ថា ការ​ចាប់​ផ្តើម​ដំណើរការ​ផ្ដល់​ថាមពល​អគ្គិសនី ដែល​ដើរ​ដោយ​ជីវម៉ាស​ឧស្ម័ន​ចម្រុះ​របស់​ក្រុមហ៊ុន​លោក អាច​នឹង​ក្លាយ​ជា​គំរូ​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្ម​កិន​ស្រូវ និង​វិស័យ​កសិកម្ម​នៅ​តាម​តំបន់​ផ្សេង​ទៀត ដែល​អាច​ទាញ​យក​ការ​កែច្នៃ​នូវ​ជីវម៉ាស​ដែល​ជា​កាក​សំណល់​ពី​រោង​ម៉ាស៊ីន ដើម្បី​ផលិត​ជា​អគ្គិសនី​យក​ទៅ​ប្រើប្រាស់ ហើយ​ក៏​ជា​ការ​ជួយ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​លើ​ថាមពល​អគ្គិសនី និង​ការ​បោះ​ចោល​កាក​សំណល់​នៅ​តាម​កន្លែង​ផ្សេងៗ​ផង​ដែរ។

លោក សុខ ពុទ្ធិវុធ៖ «បច្ចុប្បន្ន​នេះ ប្រហែល​៣​លាន ក្នុង​ការ​វិនិយោគ​នេះ។ បច្ចេកវិទ្យា​នេះ គឺ​វា​អាច​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម ដូច​ជា​អង្កាម កម្ទេច​ឈើ​ជា​ដើម ដែល​វា​មាន​សក្ដានុពល​ធំ​ជាង​គេ នៅ​ក្នុង​ស្រុក​ខ្មែរ​យើង។ បច្ចុប្បន្ន​យើង​ចាប់​ផ្ដើម​នៅ​ខេត្ត​កំពង់ចាម ហើយ​នឹង​មាន​ខេត្ត​បន្តៗ​ក្នុង​ផែនការ ហើយ​នឹង​សង្ឃឹមថា វា​នឹង​អាច​អនុវត្ត​បាន​លឿន ពីព្រោះ​នេះ​ជា​បទពិសោធន៍​លើក​ទី​មួយ។ អីចឹង យើង​នឹង​សាក​ល្បង​មើល»

ចំណែក​លោក កែនជិ អឺនិស៊ិ (Kenji Uenishi) ជា​ប្រធាន​ក្រុមហ៊ុន ជី អេនណឺជី (G Energy) នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា គម្រោង​របស់​ក្រុមហ៊ុន សោម៉ា គ្រុប គឺ​ជា​របក​គំហើញ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​វា​នឹង​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​បច្ចេកវិទ្យា​ម៉ាស៊ីន​ឧស្ម័ន ជី.អ៊ី (G E) ដោយ​មាន​ភាព​សមស្រប​ក្នុង​ការ​ជួយ​សម្អាត​កាក​សំណល់ និង​ផ្ដល់​តម្លៃ​ដល់​ផ្នែក​កសិកម្ម​ផង នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍។

លោក កែនជិ អឺនិស៊ិ៖ «ជា​ការ​ពិត​ណាស់ គឺ​យើង​បាន​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​ចាប់​ផ្ដើម​ថាមពល​ជីវម៉ាស​នេះ​សម្រាប់​កម្ពុជា ដើម្បី​សម្រេច​ឱ្យ​បាន​គោលដៅ​សេដ្ឋកិច្ច និង​បរិស្ថាន ហើយ​គោលដៅ​នៃ​ការ​ផ្ដល់​ថាមពល​នេះ នឹង​ឆ្លង​កាត់​ពី​កម្ពុជា​ទៅ​កាន់​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន មួយ​ចំនួន​ទៀត នា​ពេល​អនាគត»

គម្រោង​របស់​ក្រុមហ៊ុន សោម៉ា គ្រុប ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​តំណាង​នៃ​កិច្ច​ព្រមព្រៀង​ទិញ​ថាមពល​ទី​១ នៅ​ក្នុង​កម្ពុជា ដើម្បី​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជីវម៉ាស។ គម្រោង​នេះ បាន​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន ជី អេនណឺជី (G Energy) ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។