អ្នកភូមិឡែនៃសហគមន៍ជនជាតិដើមភាគតិចឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃ២៤ មីនានេះ ថា ក្រុមហ៊ុនសម្បទានរ៉ែលោហៈនៃប្រទេសវៀតណាមឈ្មោះ ហង អាន រតនគិរី នៅតែបន្តប្រើប្រាស់គ្រឿងចក្រជីកកកាយទៅលើដីតំបន់ស្រែចម្ការអ្នកភូមិ ដោយមិនមានការយល់ព្រម ឬចេញសំណងខូចខាតដល់អ្នកភូមិនោះទេ។
ក្រុមហ៊ុន ហង អាន បានចូលមកបោះទីតាំងការដ្ឋានស្រាវជ្រាវរករ៉ែដែកនៅភូមិឡែ និងប្រើប្រាស់គ្រឿងចក្រចំនួន ៤គ្រឿង រួមទាំងកម្មករជំនាញជនជាតិវៀតណាមជាង ១០នាក់ ជីកខួងយករ៉ែ តាំងពីដើមឆ្នាំ២០១០រហូតមក ហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១០ ក្រុមអ្នកភូមិសមាជិកសហគមន៍មានគ្នាជាង ៥០នាក់បាននាំគ្នាទៅបណ្ដេញឲ្យក្រុមហ៊ុនរើទីតាំង និងដកគ្រឿងចក្រចេញ ដោយសារតែអ្នកភូមិសំអាងថា ក្រុមហ៊ុនចូលមកធ្វើការស្រាវជ្រាវរ៉ែមិនបានប្រឹក្សា ឬផ្ដល់ដំណឹងដល់សហគមន៍ និងអាជ្ញាធរប្រពៃណីពួកគាត់ និងបានជីកកកាយដីចម្ការអ្នកភូមិក្លាយទៅជារណ្ដៅជាច្រើនកន្លែង ហើយក្រុមហ៊ុនក៏បានធ្វើការឈូសឆាយទៅលើតំបន់ព្រៃឈើនៅក្នុងមូលដ្ឋាននោះទៀតផង។
តំណាងអ្នកភូមិ លោក សល់ ណិប មានប្រសាសន៍ថា ក្រុមហ៊ុនមិនទាន់បញ្ឈប់ជីកកកាយដីចម្ការអ្នកភូមិទេ រហូតមកទល់ថ្ងៃនេះ ៖ «តាមចម្ការតាមអី តាមព្រៃ។ ទោះបីក្នុងព្រៃក៏វាគ្មានច្បាប់កកាយជ្រៅអ៊ីចឹងដែរ ជម្រៅ ៦ម៉ែត្រ។ ខូចដីអស់រលីង!»។
មេឃុំលំជ័រ លោក សេវ ថ្វាន មានប្រសាសន៍ដែរថា ក្រុមហ៊ុនសំអាងថា មានអាជ្ញាប័ណ្ណចេញដោយក្រសួងឧស្សាហកម្មប្រទេសកម្ពុជាធ្វើការសិក្សាស្រាវជ្រាវពីរ៉ែដែកចំនួនផ្ទៃដី ១ពាន់ហិកតានៅស្រុកអូរយ៉ាដាវ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ ហើយក្រុមហ៊ុនបានជីកកកាយដីក្នុងតំបន់ទទួលការអនុញ្ញាតដោយមិនគិតគូរដល់ការប៉ះពាល់ដីធ្លីអ្នកភូមិដែលកំពុងប្រើប្រាស់នោះឡើយ។
លោកថា គម្រោងស្រាវជ្រាវរ៉ែដែកនេះនឹងធ្វើនៅលើតំបន់ជនជាតិដើម មានឃុំលំជ័រ, ប៉ាតេ, សោមធំ, បរខាំ និងយ៉ាទុង ក្នុងស្រុកអូរយ៉ាដាវ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអធិប្បាយពីនាយកក្រុមហ៊ុន ហង អាន បានទេនៅថ្ងៃពុធនេះ ដោយបុគ្គលិកក្រុមហ៊ុនការិយាល័យបញ្ជាក់ថា លោកនាយកអញ្ជើញទៅប្រទេសវៀតណាម។
ប្រធានមន្ទីរឧស្សាហកម្មរ៉ែខេត្តរតនគិរី លោក ហែម វណ្ណថន មានប្រសាសន៍ថា ការជីកខួងដីដើម្បីសិក្សាពីធនធានរ៉ែក្នុងដីជាសិទ្ធិរបស់ក្រុមហ៊ុនដែលមានការអនុញ្ញាតពីថ្នាក់ជាតិ ក៏ប៉ុន្តែការជីកកកាយមានផលប៉ះពាល់ដល់ដីស្រែចម្ការអ្នកភូមិ ត្រូវមានការឯកភាពពីប្រជាពលរដ្ឋម្ចាស់ដី ហើយបើប៉ះពាល់តំបន់ព្រៃឈើត្រូវមានការអនុញ្ញាតពីស្ថាប័នព្រៃឈើ។
លោក ហែម វណ្ណថន បានបញ្ជាក់ថា ៖ «បើសិនណាជាក្នុងទឹកដីរបស់ប្រជាពលរដ្ឋដែលគាត់កាន់កាប់ អាហ្នឹងក្រុមហ៊ុនត្រូវធ្វើការចរចាជាមួយប្រជាពលរដ្ឋទៅ»។
អភិបាលស្រុកអូរយ៉ាដាវ លោក ដក់ ស មានប្រសាសន៍ថា លោកបានធ្វើការណែនាំក្រុមហ៊ុនមិនឲ្យកកាយប៉ះពាល់ដីអ្នកភូមិពីរលើករួចហើយ។ លោកបន្តថា នឹងចុះពិនិត្យករណីនេះជាថ្មីទៀតដើម្បីធ្វើការជួយដោះស្រាយ។
លោក ដក់ ស បានអះអាងថា ៖ «គេថា អត់ធ្វើៗទេ គេធ្វើកន្លែងព្រៃ។ សាមុនគេកាយមែន គេកាយនៅចម្ការគេ»។
កាលពីថ្ងៃច័ន្ទកន្លងទៅនេះ អ្នកភូមិគងយុ ឃុំប៉ាតេ ជាង ៦០គ្រួសារបានប្រតិកម្មមិនផ្ដល់ព័ត៌មានដល់គម្រោងចុះសិក្សាពីផលប៉ះពាល់ដល់អ្នកភូមិ ទាក់ទិនទៅនឹងគម្រោងធ្វើអាជីវកម្មរ៉ែដែកនៅតំបន់នោះ ដោយក្រុមហ៊ុន ហង អាន។ អ្នកភូមិបារម្ភពីការបាត់បង់ដីធ្លី ស្រែចម្ការ និងភូមិឋានពួកគាត់ធ្លាប់រស់នៅដោយសារក្រុមហ៊ុននេះ៕