ពលរដ្ឋ​នៅ​ស្វាយរៀង​សង្ស័យ​សកម្មភាព​មន្ត្រី​វាស់វែង​ព្រំដែន

ប្រជា​កសិករ​ដែល​កំពុង​តែ​បារម្ភ​ពី​ការ​បាត់បង់​ដីស្រែ​ដោយសារ​តែ​ការ​កំណត់​ព្រំដែន​វៀតណាម នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា មន្ត្រី​ពីរ​រូប​នៃ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ធ្វើ​ការ​វាស់វែង​ព្រំដែន​ក្នុង​ភាព​លាក់​បាំង ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​សង្ស័យ។

0:00 / 0:00

ស្ត្រី​ឈ្មោះ មាស ស្រី អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ដែល​ត្រូវ​បាន​គេ​បោះ​បង្គោល​ឈើ​តម្រុយ​សម្រាប់​កំណត់​បង្គោល​ព្រំដែន​លេខ​១៨៥ ចំ​ដី​ស្រែ​របស់​គាត់​កាល​ពី​ពេល​កន្លង​ទៅ មាន​ការ​សង្ស័យ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​ទាំង​ពីរ​រូប​នោះ​កាល​ពី​ថ្ងៃ​សៅរ៍។

អ្នក​ស្រី មាស ស្រី បាន​បញ្ជាក់​ថា ៖ «បើ​លោក​ឯង​ធ្វើ​ការ​ត្រឹមត្រូវ លោក​ឯង​មិន​មក​វាស់​លួច​លាក់​អ៊ីចឹង​ទេ លោក​ឯង​ប្រាប់​ប្រជាជន​ឲ្យ​ដឹង​ហើយ ព្រោះ​លោក​ឯង​ចង់​ធ្វើ​ការ​អី ចង់​ធ្វើ​ការ​ស្ងាត់ៗ ហើយ​សុទ្ធ​តែ​លួច​លាក់​គ្នា​ទៀត ដល់​កន្លែង​ណា​សំខាន់​លោក​ឯង​សុទ្ធ​តែ​ស៊ីញ៉ូ​គ្នា»

អ្នកស្រី មាស ស្រី ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​ស្រី​បាន​ប៉ះ​សម្ដី​ខ្លះ​ជាមួយ​មន្ត្រី​វាស់វែង​ព្រំដែន ៖ «គេ​បាន​ឡើង​ជិះ​ម៉ូតូ គេ​ថា​ឲ្យ​ខ្ញុំ គេ​បាន​ចង្អុល​មុខ​ខ្ញុំ គេ​ថា "មីង​ឯង​គេ​អត់​ដោះស្រាយ​ឲ្យ​ទេ បើ​ប្រជាជន​បាត់បង់​ដី​ថ្មើរ​ហ្នឹង​គេ​ដោះស្រាយ​ឲ្យ បើ​ស្រុក​មីង​ឯង​មួយ​គេ​មិន​ដោះស្រាយ​ឲ្យ​ទេ ព្រោះ​មីង​ឯង​តស៊ូ​ខ្លាំង​ពេក មីង​ឯង​ប្ដឹង​ខ្លាំង​ពេក" គេ​ថា​ឲ្យ​ខ្ញុំ​អ៊ីចឹង​ណា៎! ហើយ​ខ្ញុំ​ប្ដឹង​ខ្លាំង​ណាស់​រាល់​ថ្ងៃ​ហ្នឹង គេ​តាម​សង្កេត​ខ្ញុំ​គ្រប់​ពេល​គ្រប់វេលា ទៅ​ផ្លូវ​ណាៗ​គេ​ដឹង​ទាំង​អស់... ខ្ញុំ​មិន​ខ្លាច​នឹង​ប្ដឹង​ទេ...»

លោក ឈិន សុវ៉េត អាយុ​៣៨​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល​ដែរ បាន​ប្រាប់​ថា លោក​មិន​យល់​ពី​សកម្មភាព​និង​បំណង​របស់​ក្រុម​មន្ត្រី​ទាំង​នោះ​ទេ។

លោក ឈិន សុវ៉េត បាន​ឲ្យ​ដឹង​ថា ៖ «វ៉ៃៗ​ម៉េច​ក៏​មិន​ប្រាប់​ប្រជាជន​ឲ្យ​ដឹង ព្រោះ​ប្រជាជន​គ្នា​មិន​ដែល​បាន​រៀន​សូត្រ​អី​ផង។ គ្នា​ងឿង​ឆ្ងល់ ឃើញ​គេ​ធ្វើ​ចម្លែកៗ​អ៊ីចឹង ចេះ​តែ​មាន​ការ​ងឿង​ឆ្ងល់ ចេះ​តែ​និយាយ ចេះ​តែ​ស្ដី​ទៅ​ណា៎!»

លោក ពៅ ភាព ជំទប់​ទី​២​នៃឃុំ​សំរោង បាន​អះអាង​ថា មន្ត្រី​វាស់វែង​ព្រំដែន​មិន​ដែល​ទាក់ទង​ឬ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ឡើយ ហើយ​លោក​ថា លោក​មិន​យល់​ទេ​នូវ​ទង្វើ​របស់​មន្ត្រី​កាល​ពី​ថ្ងៃ​សៅរ៍​នោះ។

លោក ពៅ ភាព បាន​ថ្លែង​ថា ៖ «គេ​ធ្វើ​អី​អ៊ីចឹង​គេ​អត់​ដែល​និយាយ ឬ​ផ្សព្វផ្សាយ​ជា​ព័ត៌មាន​ចេញ​ថា គេ​ធ្វើ​វាស់​អ៊ីចេះៗ​ទៅ​ខុស ឥឡូវ​ថា​ត្រូវ​កែ​តម្រូវ​អី​យ៉ាង​ម៉េចៗ គេ​អត់​បាន​ឲ្យ​ឮ ឲ្យ​ដឹង​អី​ទាំង​អស់! គេ​ដើរ​ហ្នឹង ដើរ​របៀប​ក្មេង​ទៅ​បំពុល​សត្វ​អ៊ីចឹង​ណា៎ ដើរ​តាម​វាល​ស្រែ​ហ្នឹង សរសេរ​កត់ៗ​យក​អ៊ីចឹង​ណា៎»

អភិបាល​ស្រុក​ចន្ទ្រា លោក ជា យាង បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ជ្រាប​អំពី​ការ​ដែល​ថា មាន​មន្ត្រី​វាស់វែង​ព្រំដែន​បាន​ចុះ​ធ្វើ​ការ​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា មន្ត្រី​មួយ​ក្រុម​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រួម​ទាំង​កម្លាំង​ការពារ​ព្រំដែន​ផង សរុប​មាន​ចំនួន​រាប់​សិប​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​និង​ថត​ជា​ខ្សែ​វីដេអូ​ត្រង់​ចំណុច​ដែល​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ដក​បង្គោល​តម្រុយ​កំណត់​ព្រំដែន​ចេញ​ពី​ដីស្រែ​របស់​ប្រជា​កសិករ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​២៥ តុលា កន្លង​ទៅ។

ដោយ​ឡែក នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ព្រម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​មួយ​រូប​ផង មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ជិត​ឬ​ថត​សកម្មភាព​របស់​ក្រុម​មន្ត្រី​ទាំង​នោះ​ឡើយ៕