តំណាងប្រជាពលរដ្ឋមួយរូបនៅភូមិអូរចម្លងរម៉ាំលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវជនមិនស្គាល់មុខមានគ្នាពីរនាក់ប្រើកាំភ្លើងអាកាមួយដើមបាញ់ប្រហារចំនួន ៨គ្រាប់ កាលពីយប់ថ្ងៃ៤ មេសា បណ្ដាលឲ្យរបួសកំភួនជើងខាងស្កាំ និងស្មាខាងឆ្វេង ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ។
លោក ស៊ុន ម៉ី អាយុ ៤៥ឆ្នាំ បានថ្លែងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១០ ថា នៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី៤ ខែមេសា នៅពេលដែលលោកដើរត្រឡប់មកពីផ្ទះក្មួយនៅក្នុងភូមិ នៅពេលជិតមកដល់ផ្ទះរបស់ខ្លួនក៏ត្រូវជនមិនស្គាល់មុខមានគ្នាពីរនាក់លួចបាញ់ចំនួន ៨គ្រាប់ ធ្វើឲ្យលោកលោតគេចខ្លួនធ្លាក់ចូលប្រឡាយទឹក។
លោក ស៊ុន ម៉ី បានឲ្យដឹងដូច្នេះ ៖ «ខ្ញុំដើរទៅយកមាន់ពីផ្ទះក្មួយខាងលិចមក ពេលខ្ញុំមកដល់ជិតផ្ទះចាប់ផ្ដើមបាញ់។ ខ្ញុំអត់ដឹងគេបាញ់ផង។ បាញ់៨គ្រាប់កាំភ្លើងអាកា។ (ត្រូវ)កំភួនជើងខាងស្កាំ និងស្មាខាងឆ្វេងរបួសស្រាល»។
លោ ស៊ុន ម៉ី ជាជនរងការបាញ់ប្រហារបានសន្និដ្ឋានថា ករណីខាងលើនេះគឺជាការប៉ុនប៉ងធ្វើមនុស្សឃាត់ដែលកើតចេញពីទំនាស់ដីធ្លី ព្រោះរូបលោកគឺជាតំណាងប្រជាពលរដ្ឋ ១៤១គ្រួសារដែលជាអ្នកមានទំនាស់ដីធ្លីជាមួយអាជ្ញាធរ។ ដីដែលមានទំនាស់រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរនោះ មានចំនួន ១៩០ហិកតា ស្ថិតនៅភូមិអូរចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
មេឃុំអូរសំរិល លោក ផឹង ហ៊ន មិនអាចទាក់ទងសុំការបញ្ជាក់ពីដំណើររឿងទំនាស់ដីធ្លីខាងលើនេះបានទេ។ ប៉ុន្តែក្រុមអ្នកភូមិបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងភូមិអូរចម្លងរម៉ាំងលើ ចំនួន ១៤១គ្រួសារបានកើតមានទំនាស់ដីធ្លីជាច្រើនហិកតាជាមួយអាជ្ញាធរតាំងពីឆ្នាំ២០០៦ រហូតមកទល់បច្ចុប្បន្នដោះស្រាយមិនចប់។
លោកអនុសេនីយ៍ឯក អ៊ាម សេងអឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូត បានមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចចម្រុះ ប៉ូលិស ប៉េអឹម ជាង ១០នាក់បានចុះទៅធ្វើកំណត់ហេតុករណីខាងលើនេះនៅព្រឹកថ្ងៃទី៥ ខែមេសា ហើយសន្និដ្ឋានថា ជារឿងគំនុំក្នុងទំនាស់ដីធ្លី ៖ «គំនុំទាំងអស់ សុទ្ធតែគំនុំក្នុងទំនាស់ដីធ្លី ។ ខាងខ្ញុំនឹងស្រាវជ្រាវរកជនដៃដល់»។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យិន ម៉េងលី មិនទាន់ធ្វើការសន្និដ្ឋានច្បាស់លាស់ទេជុំវិញករណីជនមិនស្គាល់មុខលួចបាញ់ប្រហារលោក ស៊ុន ម៉ី នេះទេ ប៉ុន្តែលោកបញ្ជាក់ថា ករណីបាញ់ប្រហារដូចគ្នានេះ បានកើតឡើងចំនួនពីរលើកហើយនៅទីនោះ។
លោក យិន ម៉េងលី មានប្រសាសន៍ដូច្នេះ ៖ «ការបាញ់នៅតំបន់នោះវាកើតឡើងពីរលើកទាំងលើកនេះហើយ ។ ទីមួយបានបាញ់គំរាមដុតផ្ទះដេញប្រជាពលរដ្ឋចេញ ហើយឥឡូវបាញ់លើកទីពីរនេះលោក ម៉ី ជាតំណាងប្រជាពលរដ្ឋនៅក្នុងជម្លោះដីធ្លី។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ជម្លោះដីធ្លីនៅតំបន់នោះមានពីរកន្លែង ជាមួយនាយទាហានយោធភូមិភាគ៥ និងមួយកន្លែងទៀត ជាមួយក្រុមហ៊ុនកូរ៉េ»។
លោក យិន ម៉េងលី បានស្នើឲ្យអាជ្ញាធរដាក់កម្លាំងសមត្ថកិច្ចការពារនៅទីនោះ ដើម្បីផ្ដល់សុវត្ថិភាពឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តឡើងវិញ និងទី២ ស្នើឲ្យមានការដោះស្រាយទំនាស់ដីធ្លីចប់ជាស្ថាពរ៕