វៀតណាម​ចូល​កាប់​ឈើ​នៅ​តំបន់​អាង​ស្តុក​ទឹក​​ក្នុង​ខេត្ត​ស្ទឹងត្រែង

ប្រជាពលរដ្ឋ​នៅ​តំបន់​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា កម្មករ​ជនជាតិ​វៀតណាម ជាង ៣០​នាក់ អម​ដោយ​កង​នគរបាល​ស្រុក និង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ បាន​ដើរ​បាញ់​ថ្នាំ​ពណ៌​លើ​ដើម​ឈើ និង​កាប់​ឈើ​នៅ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​ជា​ផ្នែក​មួយ​នៃ​ការ​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី។

0:00 / 0:00

សកម្មភាព​បាញ់​ថ្នាំ​ពណ៌​លើ​ដើម​ឈើ និង​កាប់​ឈើ​នៅ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ព្រួយ​បារម្ភ និង​មាន​គម្រោង​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​សុំ​ឲ្យ​ផ្ដល់​ចំលើយ​ស្ដីពី​សំណង​ផល​ប៉ះពាល់​ជាក់​លាក់​ដល់​ប្រជាពលរដ្ឋ​មុន​ធ្វើការ​សាងសង់​ទំនប់។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន គឺ​លោក សៀក មេគង្គ។ លោក​បាន​បញ្ជាក់​ថា ចាប់​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន ព្រៃ​ឈើ​សហគមន៍​អភិរក្ស​ក្នុង​តំបន់​អាង​ស្តុក​ទឹក​ចំនួន​ជាង ១០​ហិកតារ​ហើយ​ត្រូវ​កម្មករ​ជនជាតិ​វៀតណាម ជាង ៣០​នាក់ អម​ដោយ​កង​នគរបាល​ស្រុក ៣​នាក់ និង​មន្ត្រី​ព្រៃឈើ​ម្នាក់​កាប់​រាន និង​ដើរ​បាញ់​ថ្នាំ​ពណ៌​លើ​ដើម​ឈើ​មាន​មុខ​កាត់​ពី ២០​សង់ទីម៉ែត្រ​ឡើង ដើម្បី​កាប់​យក​ឈើ។

លោក​បន្ត​ថា ជនជាតិ​វៀតណាម ដែល​គេ​ប្រើប្រាស់​សម្រាប់​កាប់​ឈើ​នោះ​ មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ ពួក​គេ​និយាយ​ភាសា​ឡាវ ប្រាប់​អ្នក​ភូមិ​ពី​គម្រោង​កាប់​រាន​ព្រៃ​យក​ឈើ​នេះ។ ក្នុង​នោះ​ដែរ​ក្រុម​នគរបាល​ខ្មែរ​អ្នក​ការពារ​ក្រុម​កម្មករ​វៀតណាម ក៏​ប្រាប់​អ្នក​ភូមិ​ឲ្យ​ត្រៀម​ចាកចេញ​ពី​តំបន់​នោះ ដើម្បី​សំអាត​ផ្ទៃ​អាង​ទឹក៖ «ចរចា​គ្នា​កាល​ពី​ឆ្នាំ​២០០៨ ២០០៩ ២០១០ ថា ម្ចាស់​គម្រោង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ ហើយ​មាន​វត្ត​អារាម ទី​លំនៅ​ឲ្យ​ជាក់លាក់​ពិត​ប្រាកដ​ទើប​សំអាត​អាង​ទឹក​ហ្នឹង​ណា! ស្រាប់​តែ​វៀតណាម ចូល​មក​រំលំ​ឡើង​រាប​ល្វឹងល្វើយ​អស់​រលីង​ហើយ»

មេ​ឃុំ​ស្រែគរ លោក ធី ញ៉ឺង បាន​អះអាង​ដែរ​ថា ក្រុម​សមត្ថកិច្ច​អ្នក​ដឹកនាំ​កម្មករ​ចូល​មក​កាប់​រាន​ព្រៃ​យក​ឈើ​នោះ មិន​បាន​ផ្ដល់​ដំណឹង​ឬ​បង្ហាញ​ឯកសារ​ទាក់ទង​គម្រោង​សំអាត​ផ្ទៃ​អាង​ស្តុក​ទឹក​នោះ​ដល់​អាជ្ញាធរ​ឃុំ​បាន​ដឹង​នោះ​ឡើយ។

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ជា​ច្រើន​លើក​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ផ្តល់​ដំណោះស្រាយ​ពី​សំណង​ផល​ប៉ះពាល់​ជាក់លាក់​ឲ្យ​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​បាន​លទ្ធផល៖ «ខ្ញុំ​កំពុង​គិត​ជាមួយ​សហគមន៍​ធ្វើ​ម៉េច​យ៉ាង​ហ្នឹង​អត់​ដឹង​ឯកភាព​ពី​ខាង​ណា​មក​ផង។ ខ្ញុំ​បន្ទោស​ស្រុក ម៉េច​មិន​ឲ្យ​ខ្ញុំ​ដឹង​ផង»

ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​អេឡិចទ្រិច​ស៊ីធី វៀតណាម (Electricity Vietnam) និង​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group) កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១១ បាន​ចុះ​កិច្ច​ព្រមព្រៀង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​គម្រោង​ទឹក​ប្រាក់​ជាង ៨០០​លាន​ដុល្លារ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ បន្ទាប់ពី​រាជ​រដ្ឋាភិបាល​បាន​ឯកភាព​ទៅ​នឹង​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ចុង​ក្រោយ​នឹង​បញ្ចប់​សម្រាប់​គម្រោង​នេះ។

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​មករា ឆ្នាំ​២០១២ មិន​អាច​ទាក់ទង​អភិបាល​ស្រុក​សេសាន គឺ​លោក ប៊ូ កែវសុវណ្ណ និង​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡួយ សូផាត ដើម្បី​បញ្ជាក់​ពី​សេចក្ដី​រាយការណ៍​របស់​អ្នក​ភូមិ​បាន​ទេ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​លោក​ទាំង​ពីរ​បញ្ជាក់​ថា លោក​ជាប់​រវល់។

យ៉ាង​នេះ​ក្ដី ប្រភព​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កំពុង​ឋិត​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ មិន​ទាន់​មាន​សេចក្ដី​សម្រេច​ណា​មួយ​ឲ្យ​ធ្វើ​ការ​សាងសង់ ឬ​សំអាត​ផ្ទៃ​អាង​ស្តុក​ទឹក​នោះ​នៅ​ឡើយ។

អ្នក​សម្របសម្រួល​អង្គការ​ទន្លេ​បី គឺ​លោក មៀច មាន។ លោក​បាន​ចាប់​អារម្មណ៍​ថា រាជរដ្ឋាភិបាល​គួរ​ចាត់​វិធានការ​សំខាន់ គឺ​ដោះស្រាយ​សំណង​ជាក់លាក់​ដល់​ប្រជាពលរដ្ឋ​ស្រប​តាម​វិធានការ​ដាក់​ចេញ​របស់​ម្ចាស់​គម្រោង​អនុវត្ត​សម្រាប់​ការ​តាំង​ទី​លំនៅ​ឡើង​វិញ​របស់​អ្នក​ភូមិ៖ «រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​បាន​ដឹង​ឮ​ថា តើ​ក្រុមហ៊ុន​ចាប់​ផ្ដើម​ពិភាក្សា​ទាក់ទង​សំណង​ជាមួយ​សហគមន៍​នៅ​ពេល​ណា​ទេ ខាង​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ខាង​រាជរដ្ឋាភិបាល​មាន​ចំណាត់​ការ​បែប​ណា?»

ទិន្នន័យ​ប៉ាន់​ប្រមាណ​ក្នុង​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ចុង​ក្រោយ​នឹង​​​បញ្ចប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ប្រជាពលរដ្ឋ ១.៥៧៩​គ្រួសារ ក្នុង​ភូមិ​ចំនួន ៧ ក្នុង​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​សេសាន ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​ទីតាំង​ផ្សេង និង​មាន​ហេតុ​ប៉ះពាល់​ផ្នែក​បរិស្ថាន​សំខាន់ៗ រួម​មាន បាត់បង់​ព្រៃ​ឈើ​ជម្រក​សត្វ​ព្រៃ​ជាង ៣​ម៉ឺន​ហិកតារ ដី​កសិកម្ម ១.២១៦​ហិកតារ៕