ប្រជា​ពលរដ្ឋ​២​ក្រុម តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ

ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​ក្រុម នៅ​ទី​កន្លែង​ខុស​គ្នា មក​សំដែង​ការ​តវ៉ា​ដូច​គ្នា នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ អំពី​បញ្ហា​ដីធ្លី និង​ផ្ទះ​សម្បែង នៅ​ថ្ងៃ​ច័ន្ទ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១០។

0:00 / 0:00

ប្រជា​ពលរដ្ឋ​ខ្មែរ ចំនួន​២​ក្រុម​ផ្សេង​គ្នា ដែល​ចំនួន​ជាង ៥០​នាក់ មក​ពី​ចាក់​អង្រែ​លើ និង​តំបន់​បឹងកក់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ​ទី​២៦ ខែ​មេសា បាន​សម្ដែង​ការ​តវ៉ា​រួម​គ្នា នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ជួយ​អន្តរាគមន៍​ដោះ​ស្រាយ ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​រស់​នៅ​លើ​ដីធ្លី​បច្ចុប្បន្ន​ជា​បន្ត​ទៀត កុំ​ឲ្យ​មាន​ការ​ជម្លៀស​ពួក​គាត់​ដោយ​បង្ខំ ដែល​នាំ​ឲ្យ​បាត់​បង់​ទី​ជម្រក។

តំណាង​គ្រួសារ​តវ៉ា​ទាំង​នោះ បាន​សុំ​ជួប​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ ការ​ទាម​ទារ​ខាង​លើ​នេះ ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​ចេញ​មុខ​មក​ដោះ​ស្រាយ​ទេ នៅ​ថ្ងៃ​ច័ន្ទ​ទី​២៦ មេសា។

ប្រជា​ពលរដ្ឋ ឈ្មោះ ឆាយ លក្ខិណា អាយុ​៤០​ឆ្នាំ មក​ពី​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ នៅ​ជាយ​ទីក្រុង​ភ្នំពេញ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ ១៩​គ្រួសារ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ខាង​មុខ​សាលា​ក្រុង​ភ្នំពេញ​ថា ៖ «មក​តវ៉ា​ពីរឿង​ដីធ្លី ដែល​បណ្ដេញ​ពួក​ខ្ញុំ​ចេញ ពី​ក្រោយ​រោង​ចក្រ​ហ្គូល​តិច កន្លែង​ខ្ញុំ​រស់​នៅ​រាល់​ថ្ងៃ។ ខ្ញុំ​រស់​នៅ​តាំង​ពី​ឆ្នាំ ១៩៩០​ជាង។ សង្កាត់​ឲ្យ​ពួក​ខ្ញុំ​រុះ​រើ ពួក​ខ្ញុំ​មិន​ព្រម​រុះ​រើ​ទេ បើ​គ្មាន​សំណង​សមរម្យ។ ពួក​ខ្ញុំ​រស់​នៅ​ក្នុង​ទឹក​ដី​ចាក់​អង្រែ​លើ​នេះ តាំង​ពី​ឆ្នាំ ១៩៩០​ជាង ខ្ញុំ​មាន​សំណង់​ផ្ទះ​ខ្ញុំ​ត្រឹម​ត្រូវ ដែល​ពួក​ខ្ញុំ​អាច​រស់​នៅ​បាន។ ហើយ​ហេតុ​អ្វី មិន​មាន​ការ​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ?»

សុខ សេរីឱសានវាទ ដែល​គេ​ឲ្យ​រុះ​រើ​ថ្ងៃ​ណា? ឆាយ លក្ខិណាគេ​ប្រាប់​ខ្ញុំ​ថា នៅ​ក្នុង​អាទិត្យ​ហ្នឹង។ គេ​ទុក​ឲ្យ​ខ្ញុំ​មួយ​អាទិត្យ​ទៀត។

ប្រជា​ពលរដ្ឋ ១៩​គ្រួសារ កំពុង​តែ​ប្រឈម​មុខ​នឹង​ផែនការ​ឲ្យ​រុះ​រើ​ផ្ទះ​សំបែង នៅ​លើ​ផ្ទៃ​ដី​ចំនួន​ជាង ២​ហិកតារ នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​នោះ។ គ្រួសារ​ទាំង​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ទៅ​សាលា​ក្រុង​ភ្នំពេញ តាំង​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។ ថែម​ទាំង​មាន​ការ​គំរាម​រុះ​រើ​ផ្ទះ​សំបែង ពី​អាជ្ញាធរ​មូលដ្ឋាន។

ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គេ​មាន​ផែនការ​រឹប​យក​ដីធ្លី​នៅ​ទី​នេះ ដើម្បី​ចាក់​ខ្សាច់ និង​រៀប​អដ្ឋិ​ក្រឡា។

ជា​មួយ​គ្នា​នេះ មាន​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ទៀត មក​ពី​បឹងកក់ បាន​មក​សម្ដែង​ការ​តវ៉ា​នៅ​ខាង​មុខ​សាលា​ក្រុង​ភ្នំពេញ​នោះ​ដែរ។

ប្រជា​ពលរដ្ឋ​ឈ្មោះ ស៊យ កូឡាប អាយុ​៥៤​ឆ្នាំ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ភូមិ​៦ តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ថ្លែង​អំពី​បំណង​តវ៉ា​ថា ៖ «ដាក់​សំណើ​ទៅ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ម្ដង​ហើយ។ ខ្ញុំ​ទៅ​សួរ​ទៅ គេ​ថា​គេ​បាន​បញ្ជូន​មក​សាលា​ក្រុង​ភ្នំពេញ។ ពួក​ខ្ញុំ​មក​តាម​មើល​នៅ​សាលា​ក្រុង ថា​តើ​សំណើ​របស់​ពួក​ខ្ញុំ ទៅ​ដល់​ទីណា​ហើយ?»

សុខ សេរីតវ៉ា​រឿង​​អ្វី ? ស៊យ កូទ្បាបសុំ​ប័ណ្ណ​កម្មសិទ្ធិ។ សុខ សេរី កម្ម​សិទ្ធិ​រឿងអ្វី? ស៊យ កូទ្បាបចាស់ កម្មសិទ្ធិ​រឿង​ដីធ្លី​ហ្នឹង។

សុខ សេរី ប៉ុន្មាន​គ្រួសារ​បាទ? ស៊យ កូទ្បាបចាស់ ជាង​៣០០០​គ្រួសារ។

តំបន់​បឹងកក់ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​មាន​ផ្ទៃ​ដី​ទំហំ ១៣៣​ហិកតារ កំពុង​តែ​បូម​ខ្សាច់​ចាក់​លុប​បឹងកក់​នោះ ដោយ​ក្រុម​ហ៊ុន Sukaku ក្នុង​តម្លៃ​វិនិយោគទុន ជាង​៧៩​លាន​ដុល្លារ​អាមេរិក រយៈពេល ៩៩​ឆ្នាំ។

កិច្ច​សន្យា​នោះ បាន​ធ្វើ​ឡើង​វាង​លោក ឡាវ ម៉េង​ឃីន ជា​ប្រធាន​ក្រុមហ៊ុន ជា​អ្នក​ជួល និង​សាលា​ក្រុង​ភ្នំពេញ។ នេះ​បើ​តាម​ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន។

ប្រជា​ពលរដ្ឋ​ចំនួន​ជាង ៤០០០​គ្រួសារ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ជម្លៀស​ចេញ​ពី​តំបន់​បឹងកក់ ជា​បន្ត​បន្ទាប់ ដើម្បី​យក​ដី​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប វប្បធម៌ ទេសចរណ៍ លំនៅឋាន និង​រមណីយដ្ឋាន។

វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់​ទង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ដើម្បី​សាក​សួរ​អំពី​ការ​ដោះ​ស្រាយ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ បាន​បិត​ទូរស័ព្ទ​។ មន្ត្រី​ខុទ្ទកាល័យ មិន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ។ ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គ្មាន​ការ​សន្យា​ណា​មួយ​ក្នុង​ការ​ដោះ​ស្រាយ​ទេ។

ភ្នាក់ងារ​នគរបាល ដែល​កំពុង​តែ​តាម​ដាន​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ បាន​មាន​ប្រសាសន៍​ថា ៖ «ប្រជា​ពលរដ្ឋ មក​ជួប​ជុំ​គ្នា គឺ​ពួក​ខ្ញុំ​មាន​តួ​នាទី​រៀបចំ​សណ្ដាប់​ធ្នាប់ កុំ​ឲ្យ​ប៉ះពាល់​ដល់​សាធារណៈ»

សុខ សេរីមើល​ទៅ មាន​គម្រោង​ការ​បណ្ដេញ​ពួក​គាត់​ទេ ឬ​ក៏​អត់​ទេ? នគរបាល អត់​មាន​បណ្ដេញ​អី​ទេ គ្រាន់​ថា មក​ការពារ​សុវត្ថិភាព​ជូន​គាត់​ទេ។

ប្រជា​ពលរដ្ឋ​តវ៉ា​បាន​រំសាយ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ដោយសារ​គ្មាន​ចម្លើយ​ពី​សាលា​ក្រុង​ភ្នំពេញ ប៉ុន្តែ​បាន​សន្យា​ថា នឹង​បន្ត​ការ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​របស់​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី នៅ​ពេល​ឆាប់​ខាង​មុខ​នេះ​ទៀត៕