ក្រុមគ្រួសារខែ្មរកម្ពុជាក្រោមនៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក នៃប្រទេសវៀតណាម បានអះអាងថា ក្រុមនគរបាលវៀតណាមជាង៣០នាក់និងក្រុមជើងកាងជាច្រើននាក់ទៀត បានមកហាមឃាត់និងគំរាមពួកគាត់មិនឲ្យធ្វើស្រែនៅលើដីស្រែដូនតារបស់ពួកគាត់ទេ នៅគ្រាដែលគ្រួសារទាំងនោះបានចុះទៅសាបព្រោះស្រូវនៅថៃ្ង១៦ វិច្ឆិកា។
គ្រួសារខែ្មរកម្ពុជាក្រោមម្នាក់នៅក្នុងភូមិពោធី ឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោមនោះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា កសិករចំនួន១០គ្រួសារបានចុះមកសាបព្រោះស្រូវ ប៉ុន្តែរងការរារាំង ៖ «ខ្ញុំមកតាំងពីម៉ោង៦ ពួកនគរបាលគេចុះមកប្រហែលជា៣០នាក់ ប៉ុន្តែគេមិនធ្វើអីទេ គ្រាន់តែមកមើល គាត់ទើបចេញទៅម៉ោង១២។ ឥឡូវហ្នឹងស្រាប់តែជើងកាងមក៧-៨នាក់មករករឿង កាន់ដំបងកាន់អីមក ពួកខ្ញុំក៏ប្រុងដែរ បើអ្នកឯងវ៉ៃខ្ញុំ ខ្ញុំត្រូវវ៉ៃវិញ ប្ដូរស្លាប់រស់នៅក្នុងស្រែហើយ»។
គ្រួសារខែ្មរកម្ពុជាក្រោមម្នាក់ទៀតដែលរងការរារាំងមិនឲ្យសាបព្រោះស្រូវនៅលើដីស្រែពីដូនតានោះ បានថែ្លងថា ៖ «វាមកវ៉ៃកនខ្ញុំ វ៉ៃឈ្មោះ អៀវ វ៉ៃគាត់ម្នាក់ ឥឡូវគេកំពុងតែមក...។ សំណូមពរឲ្យជួយខ្ញុំផង ឲ្យបានដីធ្វើស្រែដូចគេវៀតណាមទៅ ពួកខ្ញុំពិបាកវេទនាណាស់។ អត់យកទេ ដីខ្ញុំសន្ធឹកហើយឲ្យផ្ទះខ្ញុំមួយខ្នងខ្ញុំមិនព្រមទេ»។
មិនអាចទាក់ទងលោក ទ្រីញ បាកឹម ជាមន្រ្តីអ្នកនាំពាក្យនៃស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជាបានទេ ដើម្បីសុំការបញ្ជាក់រឿងនេះ ដោយមានអ្នកឆ្លើយទូរស័ព្ទថា លោកកំពុងតែជាប់រវល់។
គ្រួសារខែ្មរកម្ពុជាក្រោមទាំងនោះបានឲ្យដឹងថា ពួកគាត់មិនព្រមទទួលយកនូវដំណោះស្រាយដែលអាជ្ញាធរវៀតណាមសាងសង់ផ្ទះទទឹង៤ម៉ែត្រនិងបណ្តោយ៨ម៉ែត្រជាថ្នូរនោះទេ គឺពួកគាត់ចង់បានដីស្រែដែលរឹបអូសនោះមកវិញ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «សូមអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការសងដីរបស់ប្រជារាស្រ្ដមកវិញ កុំឲ្យមានអំពើហិង្សាកើតឡើង គឺសូមឲ្យមានការអន្តរាគមន៍ជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមផង»។
គ្រួសារខែ្មរកម្ពុជាក្រោមចំនួនប្រមាណ៣០០គ្រួសារ នៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោមនោះ បានបាត់បង់ដីស្រែដោយការរឹបអូសយកតាំងពីឆ្នាំ១៩៧៩មក នៅគ្រាដែលពួកគាត់បានរត់គេចពីការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមនៅពេលនោះ៕