ព្រះសង្ឃព្រះនាម ឆាយ វិត ដែលបានជួយផ្គត់ផ្គង់ដល់វត្តគិរីមានជ័យបឹងជ្រោង ឃុំជាំ ស្រុកមេមត់ បានពិតពុទ្ធដីកាថា មានសប្បុរសជនក្រៅប្រទេសបានឧបត្ថម្ភជាប្រាក់តាមការអំពាវនាវរបស់លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីដើម្បីកសាងរបងវត្តគិរីមានជ័យបឹងជ្រោង ដែលអាជ្ញាធរខ្មែរដែលបានចុះហត្ថលេខាអនុញ្ញាតហើយ តែបែរជាអាជ្ញាធរវៀតណាមហាមឃាត់ទៅវិញ។
ព្រះតេជគុណ ឆាយ វិត មានដីកាដូច្នេះថា ៖ «លិខិតហ្នឹងអនុញ្ញាតចេញពីចៅហ្វាយស្រុក ក្រសួងធម្មការស្រុក អនុពន្ធស្រុកផង និងបានវ៉ៃត្រាមេឃុំអីហ្នឹងរួចរាល់អស់ហើយ ប៉ុន្តែគាត់ចង់ធ្វើខាងត្បូងទៀត បែរជាវៀតណាមមិនឲ្យធ្វើវិញ»។
ព្រះសង្ឃ ឆាយ វិត ក៏បានរិះគន់ថា ដោយសារតែរដ្ឋាភិបាលមិនបានគិតគូរដល់ការអភិវឌ្ឍតាមជាយដែន ទើបបានជាធ្វើឲ្យអាជ្ញាធរវៀតណាមហាមឃាត់ដល់ការអភិវឌ្ឍតាមវត្តអារាមខ្មែរ ៖ «រដ្ឋាភិបាលខ្មែរ ជឿថា បើគាត់ចង់អភិវឌ្ឍមែន ប្រជាជននៅតាមព្រំដែនឲ្យយួនជាន់ធ្លីកាត់យកជាដុំៗអ៊ីចឹងមិនល្អទេ»។
អភិបាលស្រុកមេមត់ គឺលោក ចឹក សាអន បានជម្រាបតាមទូរស័ព្ទថា លោកជាអ្នកចុះហត្ថលេខាអនុញ្ញាត ហើយលោកក៏ជាអ្នកបានទៅហាមឃាត់វិញដែរ ដោយលោកបានបញ្ជាក់ថា បញ្ហានេះជាបញ្ហាថ្នាក់ជាតិ។
លោក ចឹក សាអន មានប្រសាសន៍ដូច្នេះថា ៖ «ទោះបីវត្តយើងមិនជាប់នឹងចំណុចព្រំដែនម៉េចក៏ដោយ ប៉ុន្តែគេមិនឲ្យយើងធ្វើស្អីដែលខុសពីលំនាំដើមទេ។ ខ្ញុំចារមកថា ឯកភាពឲ្យធ្វើរបងវត្តតែកុំឲ្យប៉ះពាល់លើការហាមឃាត់របស់សមត្ថកិច្ចដែន»។
តំណាងរាស្រ្ដគណបក្សសមរង្ស៊ី ខេត្តកំពង់ចាម គឺលោក ម៉ៅ មុនីវណ្ណ បានប្រតិកម្មថា ការអភិវឌ្ឍរបងវត្តនៅក្នុងទឹកដីខ្មែរនេះ គឺក្នុងគោលបំណងការពារបូរណភាពដែនដីឲ្យបានគង់វង្ស និងរឹងមាំ ៖ «អាជ្ញាធរយួនមកបំពានលើទឹកដីខ្មែរ រំលោភលើបូរណភាពទឹកដីខ្មែរហើយ រដ្ឋាភិបាលត្រូវតែអន្តរាគមន៍ធ្វើយ៉ាងណាបង្កឲ្យគណៈកម្មការវត្តនិងប្រជាពលរដ្ឋធ្វើរបងដើម្បីការពារវត្តអារាមផង ជាការការពារបូរណភាពទឹកដីខ្មែរផង»។
អភិបាលស្រុកមេមត់ គឺលោក ចឹក សាអន បានជម្រាបថា សិទ្ធិសម្រេចរឿងនេះគឺនៅលើគណៈកម្មការព្រំដែនទាំងសងខាង ដែលលោកអះអាងថា កាលពីឆ្នាំទៅអាជ្ញាធរខ្មែរក៏បានទៅធ្វើការឃាត់ឃាំងការជីកប្រឡាយមួយរបស់ភាគីវៀតណាមដែរ នៅចំណុចភូមិដូង ៧ដើម ប៉ុន្តែលោកតំណាងរាស្រ្ដ ម៉ៅ មុនីវណ្ណ បានអះអាងតបថា ក្នុងនាមលោកជាតំណាងរាស្រ្ដ ២អាណត្តិក្នុងខេត្តកំពង់ចាម លោកមិនដែលឃើញពេលអាជ្ញាធរវៀតណាមបំពានលើបូរណភាពដែនដីខ្មែរ ហើយអាជ្ញាធរខ្មែរចុះទៅទប់ស្កាត់នោះទេ ហើយថាការអះអាងបែបនេះគឺគ្រាន់តែដោះសាកុំឲ្យមានទម្ងន់ខ្លាំងពេកនៅពេលដែលបរទេសរំលោភបូរណភាពដែនដី៕