អ្នកភូមិតាង៉ា ឃុំញ៉ាង ឈ្មោះ សល់ យ៉ាម បញ្ជាក់ថា រហូតមកទល់ថ្ងៃនេះ ក្រុមអាជ្ញាធរវៀតណាមនៅតំបន់នោះតែងហាមឃាត់កាលណាគ្រួសារអ្នកភូមិណាមួយរៀបចំលើកផ្ទះលើដីភូមិរបស់ពួកគេ ហើយក្រុមអាជ្ញាធរមូលដ្ឋានភូមិឃុំ ឬតម្រួតព្រំដែនខ្មែរនៅតំបន់នោះមិនបានធ្វើអន្តរាគមន៍ជួយអ្វីដល់អ្នកភូមិដោយលើកហេតុផលថា តំបន់នោះមិនទាន់មានការកំណត់បង្គោលព្រំដែនជាក់លាក់នៅឡើយ ចំណែកភាគីវៀតណាមអាចធ្វើការឈូសឆាយផ្លូវកាត់ភូមិដោយគ្មានការហាមឃាត់។
លោក សល់ យ៉ាម ថ្លែងដូច្នេះថា ៖ «អ្នកភូមិដឹងថា វៀតណាមនឹងយកពាក់កណ្ដាលភូមិ ហើយយើងកំពុងព្រួយបារម្ភថា អត់មានកន្លែងណានៅទៀតទេ ព្រោះអីដីឥឡូវមានមនុស្សនៅទាំងអស់។ ខាងឃុំអត់យកចិត្តទុកដាក់ អត់មានទៅជួយដោះស្រាយឲ្យ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអាជ្ញាធរវៀតណាមនៅតំបន់នោះដើម្បីអត្ថាធិប្បាយការចោទប្រកាន់នេះបានទេ រីឯជំទប់ទី២ឃុំញ៉ាង អ្នកស្រី សយ នី មានប្រសាសន៍ទទួលស្គាល់ថា អ្នកភូមិពិតជាជួបប្រទះបញ្ហាលំបាក ពីព្រោះតំបន់នោះមិនទាន់មានការកំណត់ព្រំដែនតាមភូមិសាស្ត្រជាក់ស្តែង។
អ្នកស្រី សយ នី ថ្លែងយ៉ាងដូច្នេះ ៖ «ប្រជាពលរដ្ឋមានទំនាស់យូរហើយ គាត់ធ្វើមិនកើតជាមួយវៀតណាម គេឈូសកាត់ភូមិពីរឆ្នាំមកហើយ»។
ប្រភពពីអ្នកភូមិឲ្យដឹងដែរថា ពីប៉ុស្តិ៍ការពារខ្សែបន្ទាត់ព្រំដែនវៀតណាមមានចម្ងាយប្រមាណមួយគីឡូម៉ែត្រពីភូមិពួកគាត់ដែលធ្លាប់រស់នៅតាំងពីសម័យខ្មែរក្រហមមក ក៏ប៉ុន្តែចាប់ពីឆ្នាំ២០០៥មក អាជ្ញាធរវៀតណាមបានឈូសឆាយផ្លូវបន្ថែមចូលមកក្នុងភូមិជម្រៅ ២០០ម៉ែត្រ ហើយអះអាងថា ជាដីរបស់ពួកគេមិនឲ្យអ្នកភូមិធ្វើអ្វីឡើយ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ករណីនេះពីអភិបាល អភិបាលរងស្រុកអណ្តូងមាសបានទេ ចំណែកអភិបាលខេត្តរតនគិរីស្តីទី លោក មុំ សារឿន មានប្រសាសន៍ថា ជាប់រវល់។
យ៉ាងនេះក្តី មន្ត្រីខេត្តមួយរូបនិយាយដោយសុំមិនឲ្យបញ្ចេញឈ្មោះថា បង្គោលព្រំដែនមេនៅតំបន់នោះបានបោះរួចហើយកាលពីឆ្នាំ២០០៨ ក៏ប៉ុន្តែការបោះបង្គោលព្រំដែនតាមភូមិសាស្ត្រជាក់ស្តែងនៅទីនោះមិនទាន់បានធ្វើ ទើបនៅកើតរឿងបែបនេះ។
ប្រធានគណៈកម្មការកិច្ចការព្រំដែននៃប្រទេសកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា លោកមិនបានទទួលរបាយការណ៍ណាមួយពីករណីខាងលើនេះទេ។
លោកថា ប្រសិនអ្នកភូមិមានបញ្ហាជម្លោះនៅតំបន់ព្រំដែន អាជ្ញាធរមូលដ្ឋាននៅទីនោះត្រូវសហការដោះស្រាយ ហើយរាយការណ៍មកគណៈកម្មការជាតិដើម្បីជួយ ប្រសិនរឿងនេះមិនអាចសម្របសម្រួលបាន ៖ «បើគេ[វៀតណាម]មកឃាត់ យើងត្រូវទៅខាងអាជ្ញាធរដែនដីរបស់យើងដើម្បីសួរថា រឿងអីបានជាគេមកឃាត់»។
ប្រភពមន្ត្រីខេត្តសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា មកទល់នឹងថ្ងៃនេះ អាជ្ញាធរប្រទេសកម្ពុជានិងវៀតណាមបានធ្វើការបោះបង្គោលព្រំដែនមេនៃប្រទេសទាំងពីរ ៣៨បង្គោលរួចហើយ ពីតំបន់ព្រំប្រទល់បីប្រទេសលាវ-កម្ពុជា-វៀតណាម ដែលគេនិយមហៅថាតំបន់ត្រីកោណ ឬតំបន់កន្ទុយនាគរហូតមកទល់នឹងច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវ ដែលកំពុងមានបញ្ហាប្រទាញប្រទង់គ្នាលើការបោះបង្គោលព្រំដែននៅទីនោះ៕