ក្នុងឱកាសសម្ពោធទីចាត់ការនោះដែរ វិទ្យុដដែលបានឲ្យដឹងទៀតថា សមាគមយៀកណាមក៏បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការផងដែរនូវសាលាបឋមសិក្សាមួយខ្នងដែលមានតម្លៃ ៨៦.០០០ដុល្លារសម្រាប់កុមារាកុមារីជនជាតិយៀកណាមសិក្សាចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥។
សាលានេះ បានទទួលការឧបត្ថម្ភពីគណៈកម្មាធិការសម្រាប់ជួយជនជាតិយៀកណាមនៅក្រៅប្រទេសនិងពីក្រសួងការបរទេសក្រុងហាណូយ។
មន្រ្តីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខែត្រព្រះសីហនុ គឺអ្នកស្រី ជាប សុធារី បានបញ្ជាក់ថា សមាគមយៀកណាមដែលបច្ចុប្បន្ន មានទីតាំងនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ នៃខែត្រព្រះសីហនុ បានប្រារព្ធពិធីសម្ពោធដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផង។
អ្នកស្រី ជាប សុធារី មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំធ្លាប់ឃើញទីស្នាក់ការសមាគមវៀតណាមហ្នឹង កាលពីមុន គាត់មានទីតាំងគាត់ហ្នឹងនៅក្បែរមន្ទីរព័ត៌មានក្រុងព្រះសីហនុ។ តែដល់កាលពីថ្ងៃទី២៧នេះ គេបានធ្វើការបើកសម្ពោធទីស្នាក់ការសមាគមជាតិវៀតណាមហ្នឹង ដោយសារសមាគមគេមានលទ្ធភាពក្នុងការទិញដីអីអ៊ីចឹងទៅ គេរៀបចំជាទីស្នាក់ការរបស់គេផ្ទាល់ សមាគមហ្នឹងលែងជួលដីតទៅទៀត។ ហើយតាមពិតទៅ ការបើកទីស្នាក់ការហ្នឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានអីដែរ ប្រហែលជាគេមានការចុះបញ្ជីត្រឹមត្រូវ ក្នុងការបង្កើតសមាគមហ្នឹង ចង់និយាយថា ទទួលស្គាល់ត្រឹមត្រូវតាមផ្លូវច្បាប់»។
សូមបញ្ជាក់ផងដែរថា ពិធីសម្ពោធដែលបានចូលរួមដោយអភិបាលខែត្រនិងអភិបាលរង ព្រមទាំងអ្នកតំណាងរាស្រ្តនៃមណ្ឌលខែត្រព្រះសីហនុផងនោះ បានប្រព្រឹត្តទៅជាភាសាយៀកណាមដោយមានការបកប្រែជាភាសាខ្មែរ។
វិទ្យុយៀកណាម ឲ្យដឹងទៀតថា បច្ចុប្បន្ន មានកុមារាកុមារីជាសិស្សជនជាតិយៀកណាមចំនួន ៥០នាក់ ដែលបានចូលរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ ដោយមានការជួយឧបត្ថម្ភជាទឹកប្រាក់បន្ថែមទៀតពីខែត្រកៀនយ៉ាង ចំនួន២០លានដុងសម្រាប់ការចំណាយលើគ្រឿងសង្ហារិម ដូចជា តុ កៅអី ជាដើម។
លោកស្រី ជាប សុធារី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខែត្រព្រះសីហនុ ឲ្យដឹងអំពីភាពស្របច្បាប់នៃសមាគមយៀកណាមមួយនេះ តាមរយៈសេចក្តីបំភ្លឺរបស់អាជ្ញាធរមូលដ្ឋានដូច្នេះ ៖ «ខ្ញុំសួរថា ជាជនជាតិវៀតណាមទាំងអស់ ឬក៏យ៉ាងម៉េច? គាត់ថាតាមពិតទៅ អ្នកទាំងអស់ហ្នឹង គាត់បានចូលមករស់នៅខ្មែរហ្នឹងតាំងពីយូរណាស់ហើយ ហើយគាត់មានឯកសារ ហើយគាត់បានទទួលចង់និយាយថាមានសៀវភៅគ្រួសារមានអត្តសញ្ញាណប័ណ្ណ មានអី ចង់និយាយថា គាត់បានទទួលសញ្ជាតិជាខ្មែរ។ ហើយអ៊ីចឹងភាគច្រើន អ្នកដែលជាសមាជិកទៅក្នុងសមាគមវៀតណាមហ្នឹង គឺគាត់បានទទួលសញ្ជាតិជាខ្មែរ អ្នកខ្លះទៀតបានមករស់នៅនិងស្នាក់នៅក្នុងទឹកដីកម្ពុជាដោយស្របច្បាប់។ គាត់ថាមានអ្នកខ្លះមករកស៊ីបណ្ដោះអាសន្នអី ប៉ុន្តែមានអ្នកខ្លះមានលិខិតទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានអីអ៊ីចឹង។ ហើយកាលពីមុនមក សាលារៀនភាសាវៀតណាម អត់ឃើញមានទេ ប៉ុន្តែដល់គេបើកទីស្នាក់ការថ្មីនេះ ប្រហែលខាងសមាគមហ្នឹងគេមានលទ្ធភាពក្នុងការជួលសាលា ជួលផ្ទះអី ដើម្បីបើកបង្រៀនភាសាវៀតណាម ពីមុនមកអត់ដែលមានទេ មានតែភាសាចិន ហ្នឹងខ្ញុំធ្លាប់ឃើញ»។
យោងតាមវិទ្យុផ្សាយសំឡេងយៀកណាម នៅទីរួមខែត្រព្រះសីហនុ បច្ចុប្បន្ន មានពលរដ្ឋយៀកណាម ចំនួន៨២៣ គ្រួសារ កំពុងរស់នៅ៕