ក្រុមហ៊ុន​វៀតណាម​នៅ​តែ​បន្ត​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឡង់

ការ​ទាមទារ​របស់​ប្រជា​សហគមន៍​រស់​នៅ​តំបន់​ព្រៃ​ឡង់ សុំ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ រហូត​មក​ទាល់​ពេលនេះ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​ទេ។

0:00 / 0:00

តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី​មណ្ឌល​កំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មីនា​ថា លោក​នឹង​យក​ពាក្យ​បណ្ដឹង​ប្រជា​ពល​រដ្ឋ​ចំនួន​បួន​ខែត្រ ដែល​រស់​នៅ​តំបន់​ព្រៃ​ឡង់ ដាក់​ជួន​ប្រធាន​រដ្ឋសភា និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​ទៅ​ក្រុម​ហ៊ុន​វៀតណាម​បញ្ឈប់​កាប់​បំផ្លាញ​ព្រៃ​ឡង់​ត​ទៅ​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ។

លោក ម៉ែន សុថាវរិន្រ្ទ តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង ប្រចាំ​ខែត្រ​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​អ្នក​តំណាង​រាស្ត្រ និង​ប្រជា​ពល​រដ្ឋ បាន​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប្រធាន​សភា និង​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ ដោយសារ​តែ​គ្មាន​អ្នក​ណា​អាច​ដោះ​ស្រាយ​បញ្ហា ដែល​ក្រុមហ៊ុន​វៀតណាម​កំពុង​តែ​កាប់​បំផ្លាញ​ព្រៃ​ឡង់​នេះ​បាន​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ ៖ "ខួច​បរិស្ថាន ខួច​ព្រៃ​ឡង់​អី​ទាំង​អស់ ហើយ​ខ្ញុំ​នឹង​សរសេរ​លិខិត​ទៅ​សម្ដេច​នាយក មាន​តែ​សម្ដេច​នាយក​ទេ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន"

កាល​ពី​ថ្ងៃ​ទី​១១ មីនា កន្លង​ទៅ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ នៅ​ក្នុង​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ ដែល​មាន​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ចំនួន​៤ ចូល​រួម គឺ​គណ​បក្ស​សម​រង្ស៊ី គណ​បក្ស​សិទ្ធិ​មនុស្ស គណ​បក្ស​នរោត្តម​រណឫទ្ធិ និង​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ព្រម​ទាំង​អភិបាល​រង​ខែត្រ​កំពង់ធំ និង​មន្ត្រី​មួយ​ចំនួន​ទៀត។ នៅ​ខណៈ​នោះ លោក មែន សុថាវរិន្រ្ទ បាន​អះអាង​ថា លោក​បាន​ចូល​ទៅ​មើល​រោង​ម៉ាស៊ីន​អារ​ឈើ​នៅ​ក្នុង​ស្រុក​សណ្ដាន់​នោះ តែ​ត្រូវ​បាន​សមត្ថកិច្ច​មិន​ឲ្យ​លោក​ចូល​ទៅ​មើល​នោះ​ទេ ដោយ​ពួក​គេ​បាន​ការ​ពារ​ក្រុមហ៊ុន​ទៅ​វិញ។

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ មីនា​នេះ​ថា បាន​ជា​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម ស៊ី​អរ​ស៊ី​ខេ (CRCK) អភិវឌ្ឍន៍​ដាំ​ដើម​កៅស៊ូ​នៅ​ក្នុង​ស្រុក​សណ្ដាន់​នោះ ដោយ​សារ​រដ្ឋាភិបាល​ចង់​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​ចង់​កែ​ប្រែ​ទម្លាប់​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ ដែល​កន្លង​មក​ពឹង​លើ​តែ​អនុ​ផល​ព្រៃ​ឈើ​នោះ។ លោក អ៊ុត សំអន បាន​បញ្ជាក់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ប្រជា​ពល​រដ្ឋ​នេះ ជា​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ។

ការ​លើក​ឡើង​របស់​អភិបាល​រង​ខែត្រ​ដូច្នេះ តំណាង​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួយ ដែល​រស់​នៅ​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ​តាំង​ពី​ជីដូន​ជីតា​របស់​ពួក​គេ​មក​ហើយ​នោះ បាន​មាន​ប្រតិកម្ម​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​នេះ កំពុង​តែ​រុញ​ច្រាន​ឲ្យ​អ្នក​ភូមិ​ធ្លាក់​ពី​ម្ចាស់​ព្រៃ​ទៅ​ជា​អ្នក​ស៊ី​ឈ្នួល​គេ​វិញ ហើយ​កូន​ចៅ​របស់​ពួក​គេ​ទៅ​មុខ​ទៀត តើ​ពួក​គេ​ពឹង​លើ​អ្វី​ទៀត ប្រសិន​បើ​ព្រៃ​ឈើ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​អស់​នោះ។

លោក ឈៀង វុទ្ធី បាន​លើក​ឡើង​ថា ប្រជា​ពល​រដ្ឋ​ចំនួន​បួន​ខែត្រ មាន​ខែត្រ​កំពង់ធំ ខែត្រ​ព្រះវិហារ ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង​ដែល​រស់​នៅ​តំបន់​ព្រៃ​ឡង់​កំពុង​ប្រមូល​ស្នាម​ដៃ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប្រធាន​រដ្ឋ​សភា និង​លោក​នាយក​រដ្ឋ​មន្ត្រី​តាម​រយៈ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​នោះ ៖ "វា​មិន​ថា​ព្រៃ​ស្រោង​ទាំង​ស្រុង​ទេ ហើយ​មួយ​ផ្នែក​ទៀត ការ​កាប់​ព្រៃ​អានាធិបតេយ្យ​ខ្លះ ដែល​ជា​មិន​មាន​ការ​គ្រប់គ្រង​ហ្មត់ចត់ អ៊ីចឹង​វា​ជា​បញ្ហា​មួយ​ដែរ"

ព្រៃ​ឡង់​ដែល​មាន​ឈ្មោះ​ជា​ភាសា​ជនជាតិ​កួយ មាន​ន័យ​ថា «ព្រៃ​របស់​យើង​ទាំង​អស់​គ្នា» ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស គឺ​ជា​ព្រៃ​ស្រោង​ធំ​បំផុត​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ មាន​ទំហំ ៣.៦០០​គីឡូ​ម៉ែត្រ​ក្រឡា ជាប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ព្រះវិហារ។ ហើយ​ប្រជា​ពល​រដ្ឋ​ប្រមាណ ២០​ម៉ឺន​នាក់​កំពុង​រស់​នៅ​អាស្រ័យ​ផល​នៃ​អនុ​ផល​ព្រៃ​ឈើ​នេះ។

លោក អ៊ុត សំអន បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខែត្រ​កំពង់ធំ នៅ​ក្នុង​ខែត្រ​របស់​លោក មាន​ក្រុម​ហ៊ុន​ក្នុង​ស្រុក​នៅ​ក្រៅ​ស្រុក​ប្រមាណ ២០​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ ទទួល​បាន​ដី​ទំហំ​ចន្លោះ ១​ពាន់​ហិកតារ ដល់​ជិត ១​ម៉ឺន​ហិកតារ អភិវឌ្ឍន៍​ដាំ​ដើម​កៅស៊ូ និង​ដើម​ប្រេង​ខ្យល់៕