ទូក​វៀតណាម​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​ខុស​ច្បាប់

ប្រជា​នេសាទ​នៅ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា មាន​ទូក​នេសាទ​វៀតណាម​ខុស​ច្បាប់ ចូល​មក​ធ្វើ​ការ​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ក្នុង​ខេត្ត​កំពត ដោយ​លួច​លាក់​នៅ​ពេល​យប់។

0:00 / 0:00

ប្រជា​នេសាទ​នៅ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ថា ក្រុម​គ្រួសារ​អ្នក​នេសាទ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ក្នុង​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​កំពត កំពុង​តែ​រង​នូវ​ផល​លំបាក​ក្នុង​មុខរបរ​នេសាទ​ត្រី ក្តាម និង​បង្គា បាន​តិច​តួច​ណាស់​ក្នុង​មួយ​ថ្ងៃ​ៗ ដោយសារ​មាន​ទូក​នេសាទ​វៀតណាម​តែងតែ​ចូល​មក​ឆក់​ត្រី និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំ​នា​ពេល​យប់។

គ្រួសារ​អ្នក​នេសាទ​ទាំង​នោះ គឺ​នៅ​ក្នុង​ឃុំ​ចំនួន ៤ មាន​ឃុំ​កោះតូច ឃុំ​ស្រែ​កោះ ឃុំ​កែប និង​ឃុំ​ត្រពាំង​ល្ពៅ ក្នុង​ស្រុក​កំពត ខេត្ត​កំពត។ ទូក​នេសាទ​វៀតណាម ឬ​ហៅ​ថា ទូក​គូរ​នោះ តែងតែ​ចូល​មក​នេសាទ​ត្រី ក្តាម និង​បង្គា​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដោយ​ខុស​ច្បាប់​នៅ​ពេល​យប់ រហូត​ដល់​ភ្លឺ ដោយ​ប្រើ​ឧបករណ៍​អួន​ក្រឡា​ញឹក និង​ឧបករណ៍​ឆក់​ជាដើម។ គេ​បាន​ចូល​មក​ក្នុង​មួយ​យប់​ៗ​ចំនួន ១០​ទូក។

គ្រួសារ​អ្នក​នេសាទ​បាន​បន្ទោស​ថា អាជ្ញាធរ​ជលផល​ខេត្ត​មិន​បាន​អើពើ​នឹង​បញ្ហា​នេះ​ទេ នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ពី​ប្រជា​ពលរដ្ឋ​កន្លង​មក។

ប្រជា​ពលរដ្ឋ​ជា​អ្នក​នេសាទ​ឈ្មោះ ស្មា លីម អាយុ ៤០​ឆ្នាំ នៅ​ក្នុង​ភូមិ​ស្រែ ឃុំ​ស្រែ​កោះ ស្រុក​កំពត ខេត្ត​កំពត បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ថា ៖ «កាល​ពី​វា​មិន​ទាន់​ចូល យើង​អាច​រក​ក្នុង​មួយ​ថ្ងៃ​បាន​បង្គា ៤​-​១០​គីឡូ​ក្រាម​អី​អ៊ីចឹង! ឥឡូវ​ក្នុង​មួយ​យប់ រក ១​គីឡូ​មិន​ចង់​បាន​ផង! អត់​ចង់​បាន​អី​ទេ ចង់​បាន​តែ​កុំ​ឲ្យ​ទូក​អូស​គូរ​វៀតណាម វា​ចូល​មក​លុកលុយ​អ៊ីចឹង​ពេក! ប្រជាជន ឬ​ប្រជា​ពលរដ្ឋ អ្នក​នេសាទ​តូចតាច​ហ្នឹង គ្នា​ដាច់​ហើយ!»

គ្រួសារ​អ្នក​នេសាទ​ទាំង​នោះ​បាន​ធ្វើ​ញត្តិ និង​ស្នាម​ផ្ដិត​មេ​ដៃ​ចំនួន ៣០០​គ្រួសារ ទៅ ៤០០​គ្រួសារ ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​កំពត កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ចម្លើយ​នៅ​ទ្បើយ​ទេ។

ប្រជា​ពលរដ្ឋ​ជា​អុ្នក​នេសាទ​ឈ្មោះ កែវ អ៊េល អាយុ ៤៦​ឆ្នាំ នៅ​ក្នុង​ឃុំ​ស្រែកោះ ស្រុក​កំពត ខេត្ត​កំពត បាន​ថ្លែង​ថា ៖ «នេសាទ​សព្វ​ថ្ងៃ​នេះ គឺ​ប៉ះពាល់ ដោយសារ​តែ​ទូក​អូស​គូ​វៀតណាម​ចូល​មក​ទឹក​ដី​កម្ពុជា។ គេ​ប្រើ​ឧបករណ៍​ទំនើប ឧបករណ៍​ឆក់ ហើយ​អូស​គូ​មួយ​យប់​ៗ យក​អស់!»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ជលផល​ខេត្ត​កំពត​បាន​នៅ​ឡើយ​ទេ ដើម្បី​សុំ​សេចក្ដី​ប្រតិកម្ម​ទៅ​នឹង​ការ​អះអាង​របស់​គ្រួសារ​អ្នក​នេសាទ​ខាង​លើ​នេះ។

ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​កម្ពុជា គឺ​លោក ណៅ ធួក បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា ការ​អះអាង​របស់​ក្រុម​អ្នក​នេសាទ​ខាង​លើ​នេះ មិន​មែន​សុទ្ធតែ​ជា​ការ​ពិត​នោះ​ទេ។

លោក ណៅ ធួក បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ទទួល ប៉ុន្តែ​វា​ក៏​មិន​ដល់​ប៉ុណ្ណឹង​ពេក​ដែរ​ណា៎! យើង​ដាក់​គ្នា​យើង​ឲ្យ​នៅ​មើល​ដែរ ប៉ុន្តែ​ដែន​ទឹក​ហ្នឹង​នៅ​ជាប់​គ្នា។ ប៉ុន្តែ​គាត់​ចេះ​តែ​ថា មាន​ទូក​វៀតណាម​ចូល​អី​អ៊ីចឹង! យើង​មិន​អនុញ្ញាត​ទេ បើ​ចូល​ក៏​មាន​តិចតួច​ណាស់!»

ប្រទេស​កម្ពុជា​កំពុង​តែ​បិទ​រដូវ​នេសាទ​ខុស​ច្បាប់ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា រហូត​ដល់​ខែ​តុលា​ខាង​មុខ​នេះ ដោយ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ ដូច​ការ​ប្រើប្រាស់​អួន​ក្រឡា​ញឹក ឧបករណ៍​ឆក់​ត្រី និង​គ្រឿង​ផ្ទុះ​ជាដើម ដើម្បី​ធ្វើ​ផល​ត្រី​មាន​ចំនួន​ច្រើន​នៅ​ឆ្នាំ​២០១០​នេះ៕