អាជ្ញាធរ​ដោះ​លែង​ជន​ជាតិ​វៀតណាម​កាប់​ឈើ​នៅ​មណ្ឌលគិរី

ជន​ជាតិ​វៀតណាម​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​អារ​ឈើ​នៅ​ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ត្រូវ​គេ​ដោះ​លែង​ទៅ​វិញ​ហើយ។

0:00 / 0:00

ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម​កាប់​ឈើ រួច​ដោះ​លែង​ស្ងាត់ៗ

តំណាង​សហគមន៍ និង​ប្រជា​ពលរដ្ឋ​ភូមិ​អូរ​អាម​ជា​ច្រើន​នាក់ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១ ខែ​សីហា​ថា មាន​សាក្សី​ច្រើន​នាក់​បាន​ឃើញ​សកម្មភាព​ក្រុម​មន្ត្រី​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ចាប់​ខ្លួន​បុរស​ជន​ជាតិ​វៀតណាម ៣​នាក់ រួម​ជា​មួយ​ម៉ូតូ ២​គ្រឿង និង​ម៉ាស៊ីន​អារ​ឈើ​ប្រភេទ​ត្រង់សឺន័រ​ចំនួន ២​គ្រឿង នៅ​វេលា​ម៉ោង​១២ ថ្ងៃ​ទី​២៩ ខែ​កក្កដា ហើយ​មក​ទល់​នឹង​ថ្ងៃ​នេះ ជន​ជាតិ​វៀតណាម​ទាំង​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​ទៅ​វិញ​អស់​យ៉ាង​ស្ងាត់​កំបាំង ក្នុង​មូលហេតុ​ទាក់​ទង​នឹង​ប្រាក់​សំណូក។

តំណាង​សហគមន៍​ម្នាក់ បាន​រៀប​រាប់​ថា ជន​ជាតិ​វៀតណាម ៣​នាក់ ត្រូវ​ចាប់​ខ្លួន​បាន​ក្នុង​ពេល​កំពុង​ធ្វើ​សកម្មភាព​អារ​ឈើ នៅ​ចំណុច​ត្រពាំង​ផល្លា និង​អូរ​ថ្ម​ដា ចម្ងាយ​ប្រមាណ ៥​គីឡូ​ម៉ែត្រ ពី​ភូមិ​អូរ​អាម ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ៖ «បី​នាក់​ហ្នឹង មាន​ម៉ាស៊ីន​ត្រង់សឺន័រ ហើយ​និង​ម៉ូតូ ២​គ្រឿង​ហ្នឹង អភិរក្ស​គេ​ចុះ​ទៅ​ព័ទ្ធ​ចាប់​ជាក់​ស្ដែង​នៅ​កន្លែង​អារ​ឈើ​ហ្មង។ សាក្សី​មាន​ប្រជា​ពលរដ្ឋ​ឃើញ​ហូរ​ហែ​តាម​ដង​ផ្លូវ បណ្ដើរ​អា​បី​នាក់​ហ្នឹង​មក​ដាក់​ឡាន មាន​ប៉េអិម​ជិះ​ម៉ូតូ​ដាក់​ខ្នោះ​ដាក់​អី ឃើញ​ភាគ​ច្រើន។ បើ​តាម​ព័ត៌មាន​ថា អភិរក្ស​ហ្នឹង​ពិន័យ​ជា​ប្រាក់ ក្នុង​ម្នាក់​មួយ​ពាន់​ដុល្លារ»

អាជ្ញាធរ​មូលដ្ឋាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា ពិត​ជា​មាន​ករណី​ចាប់​ជន​ជាតិ​វៀតណាម រួម​ទាំង​សម្ភារៈ​អារ​ឈើ​នោះ​មែន ៖ «ពួក​អា​ហ្នឹង​វា​ចូល​មក​លួច​ដាក់​អន្ទាក់​អារ​ឈើ ព្រោះ​ទាហាន​នៅ​តាម​ព្រំដែន​វា​បង់​កង់​រុញ​ឈើ​អី​អ៊ីចឹង​ទៅ»

មន្ត្រី​ថា ឃើញ​តែ​ឧបករណ៍

ក៏​ប៉ុន្តែ​អនុ​ប្រធាន​ក្រុម​អភិរក្ស​ជីវចម្រុះ​កែវ​សីមា លោក ប៉ែត ភក្រ្តា បដិសេធ​ថា មិន​មាន​ករណី​ចាប់​ជន​ជាតិ​វៀតណាម​ទេ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​មន្ត្រី​របស់​លោក។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា មាន​ត្រឹម​តែ​ករណី​ចាប់​បាន​ម៉ូតូ ២​គ្រឿង និង​ម៉ាស៊ីន​អារ​ឈើ​ត្រង់សឺន័រ ២​គ្រឿង​ប៉ុណ្ណោះ ៖ «ចាំ​មើល​អឺ​ខ្ញុំ​ព្យាយាម​បើ​សិន​ជា​ព័ត៌មាន​ហ្នឹង​ធ្ងន់ធ្ងរ ខ្ញុំ​អាច​ព្យាយាម​តាម​ជ្រាវ​ព័ត៌មាន​ហ្នឹង​បន្ត​ទៀត ព្រោះ​អី​ករណី​វៀតណាម​ករណី​អី​នេះ វា​ជា​រឿង​មួយ​ផ្សេង​ពី​ហ្នឹង​ទៀត»

ដោយ​ឡែក​មន្ត្រី​ដែល​មាន​បេសកកម្ម​ស៊ើប​អង្កេត​នៅ​ស្រុក​កែវ​សីមា បាន​បញ្ជាក់​ថា​ក្រុម​មន្ត្រី​អភិរក្ស​បាន​ជាប់​ពាក់ព័ន្ធ​និង​ប្រាក់​សំណូក ៣០០០​ដុល្លារ ហើយ​ធ្វើ​ការ​ដោះ​លែង​ក្រុម​វៀតណាម​ខុស​ច្បាប់​នោះ​មែន ៖ «អភិរក្ស​ព្រៃ​ឈើ​ស្រុក​កែវ​សីមា បាន​ចាប់​យួន​បី​នាក់​អារ​ឈើ ហើយ​បាន​ទទួល​លុយ​ពី​យួន​ហ្នឹង ចំនួន​បី​ពាន់​ដុល្លារ ដោះ​លែង​គេ អា​នេះ​គឺ​ច្បាស់​ហើយ អភិរក្ស​ហ្នឹង​វា​យ៉ាង​ម៉េច​ចុះ​បើ​ត្រង់​តែ​ខ្មែរ​គ្នា​ឯង មិន​ដែល​ទៅ​ចូល​កាប់​ឈើ​ផង គ្រាន់​មាន​តែ​គោយន្ត​មួយ​ស៊ី​ឈ្នួល​ដឹក​ឈើ​គេ​បន្តិច​បន្ទួច ចាប់​គោយន្ត យក​ទៅ​គ្នា​អត់​បាយ​អត់​ទឹក​រហូត​ទល់​ឥឡូវ​នេះ»

ទាក់ទង​នឹង​ការ​អះ​អាង​ថា មាន​ករណី​ចាប់​បាន​ជន​ជាតិ​វៀតណាម​ល្មើស​ច្បាប់ ហើយ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​នោះ ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក សុង ភាង មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​អភិរក្ស​បាន​រាយ​ការណ៍​មក​ថា មាន​តែ​ករណី​ចាប់​បាន​ម៉ូតូ​របស់​ជន​ល្មើស​ចំនួន ២​គ្រឿង និង​រណា​យន្ត ២​គ្រឿង​ប៉ុណ្ណោះ មិន​មាន​ចាប់​បាន​ជន​ល្មើស​ទេ។ តែ​យ៉ាង​នេះ​ក្តី លោក​នឹង​ស៊ើប​អង្កេត​បន្ត​ទៀត ៖ «អត់​មាន​របាយ​ការណ៍​មក​ថា​ចាប់​បាន​មនុស្ស​ទេ ប៉ុន្តែ​ជា​ច្បាប់​កាល​ណា​តែ​មាន​ឃាត់​មនុស្ស ត្រូវ​តែ​បញ្ជូន​មក​តុលាការ​ដើម្បី​ផ្តន្ទា​ទោស»

សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​កែវ​សីមា បាន​កម្រើក​ឡើង​វិញ​ចាប់​តាំង​ពី​ខែ​មិថុនា​ដល់​ពេល​បច្ចុប្បន្ន។ ភាគ​ច្រើន​នៃ​ក្រុម​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ ជា​ជន​ជាតិ​វៀតណាម៕