សោភ័ណ ៖ មូលហេតុអីបានជាពូពិការ?
ជនពិការ ៖ «មកពីខ្ញុំវ៉ៃជាមួយខ្មែរក្រហមនៅបាត់ដំបង។ ដល់យើងដាច់ជើង យើងទៅតវ៉ាយកវិញ គេដកផ្ទះ ដកដីអស់ទៅ»។
ជនពិការដោយសារការធ្វើសង្គ្រាមមួយចំនួននៅដើរសុំលុយនៅក្នុងទីក្រុងភ្នំពេញបានសម្ដែងភាពមិនសប្បាយចិត្តដោយអះអាងថា ធ្លាក់ខ្លួនពិការលើសមរភូមិហើយ ក៏ត្រូវបាត់បង់ផ្ទះសម្បែងនិងដីស្រែចម្ការអស់ ទើបក្លាយជាអ្នកសុំទានដើម្បីចិញ្ចឹមជីវិត។
បុរសពិការភ្នែកទាំងសងខាងនិងពិការជើងម្ខាង វ័យ៥០ឆ្នាំម្នាក់ ដែលមានកូនស្រីអាយុប្រមាណ ៧ឆ្នាំ កំពុងដឹកដៃដើរតាមផ្លូវសុំលុយម្តុំផ្សារថ្មី បានប្រាប់វិទ្យុអាស៊ីសេរីថា កាលពីឆ្នាំ១៩៨៥ គាត់ធ្លាក់ខ្លួនពិការខណៈដែលឡើងវាយជាមួយខ្មែរក្រហម នៅស្វាយស៊ីសុផុន ក្នុងខេត្តបន្ទាយមានជ័យ ហើយក៏បានលក់ដីស្រែនៅខេត្តកំពង់ធំអស់ដើម្បីព្យាបាលរបួសនិងទិញអង្ករហូប ៖ «ខ្ញុំធ្វើទាហាន ទាហានជំនាន់ ហេង សំរិន។ ខ្ញុំឡើងវ៉ៃនៅស្វាយស៊ីសុផុន ឡើងវ៉ៃខ្មែរក្រហម ជាន់មីន»។
បុរសពិការជើងម្ខាងម្នាក់ទៀតដែលកំពុងអង្គុយនៅលើរទេះរុញសុំលុយនៅមុខហាងអាហារនៅតាមមាត់ទន្លេ បានប្រាប់ថា លោកធ្លាប់មានផ្ទះរស់នៅក្នុងសង្កាត់ឫស្សីកែវ ក្រុងភ្នំពេញ ក្រោយពេលដែលលោកពិការ ខណៈដែលឡើងវាយខ្មែរក្រហមនៅឆ្នាំ១៩៨៧ លោកក៏បានលក់ផ្ទះដើម្បីចំណាយគ្រប់យ៉ាងក្នុងគ្រួសារដោយជួលផ្ទះនៅ ហើយក៏ធ្លាក់ខ្លួនដើរសុំលុយគ្រប់ច្រកល្ហកដើម្បីចិញ្ចឹមគ្រួសារ ៖ «ត្រូវ លក់ផ្ទះហ្នឹងបានតែ ៣០០ទេ យកមកមើលខ្លួន គេជួយផង ខ្ចីគេផង។ វាជួបបញ្ហាជួបហើយ រឿងអត់ស៊ីហ្នឹង បើសិនជាមានស៊ី ខ្ញុំមិនមែនមករកអ៊ីចឹងទេ ខ្ញុំធ្លាប់ចូលរៀននៅកន្លែងបន្ទាយ ខាងកសិកម្មដែរ ទាល់តែយើងអត់មានដីធ្លីអីធ្វើនឹងគេ»។
ចំណែកបុរសពិការជើងម្ខាងនិងដៃម្ខាងម្នាក់ទៀត កំពុងដើរសុំលុយតាមវត្តភ្នំ ឈ្មោះ សឹម អាយុ ៤៥ឆ្នាំ បានសម្ដែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលដោយអះអាងថា កាលពីឆ្នាំ១៩៨៨ បានបង្ខំឲ្យគាត់ធ្វើទាហានក្នុងអង្គភាពកងយកការណ៍ពិសេស បន្ទាប់ពីលោកឡើងវាយជាមួយខ្មែរក្រហមត្រូវរបួសរហូតដល់ពិការ រដ្ឋាភិបាលមិនដែលខ្វល់ពីជីវភាពគាត់ឡើយ ហើយអាជ្ញាធរនៅស្រុកកំណើតក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏រឹបអូសយកដីស្រែគាត់អស់ ទើបរូបគាត់ក្លាយជាអ្នកដើរសុំលុយដើម្បីចិញ្ចឹមជីវិតបែបនេះ ៖ «ពិការជំនាន់ខ្ញុំធ្វើទាហាន គឺចាប់រឹបអូសខ្ញុំសុទ្ធតែភ្ជង់ ខ្ញុំនិយាយឲ្យអស់ ប៉ុន្តែគ្រាន់តែថាឲ្យជាតិមើលឃើញផង អ្នកដឹកនាំប្រទេសហ្នឹង។ ឲ្យមើលឃើញត្រង់ថា ពេលណាដែលត្រូវការគ្នាយកគ្នាទៅ ដល់ពេលគ្រោះថ្នាក់ ដូចខ្ញុំអីដើរដេកតែតាមចិញ្ចើមថ្នល់»។
អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នៅក្នុងខណ្ឌរបស់លោកមានជនពិការដោយសារធ្វើទាហានមានចំនួន ៤៣០នាក់ ប៉ុន្តែលោកមិនទាន់បែងចែកបានអ្នកមានជម្រកនិងអត់ជម្រកនៅឡើយទេ។
ពាក់ព័ន្ធនឹងជនពិការដើរសុំទានគ្រប់ច្រកល្ហក ហើយគ្មានលំនៅ និងដីធ្វើស្រែនោះ ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី មានប្រសាសន៍ថា ដោយសារតែរដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយ ដូច្នេះកញ្ចប់ថវិកាជាតិសម្រាប់យុទ្ធជនគឺមិនបានដល់ដៃយុទ្ធជនពិតប្រាកដទេ ទាំងយុទ្ធជនពិការផង ដូចជាការយកឈ្មោះយុទ្ធជនពិការទៅលក់ជាដើម។
លោកបន្តថា ៖ «យើងត្រូវតែប្រមូលយុទ្ធជនពិការហ្នឹងមកវិញ មើលតួលេខ រៀបចំស្ថិតិ រៀបចំមណ្ឌល រៀបចំប្រព័ន្ធដើម្បីធានាជីវភាពជនពិការឲ្យមានលក្ខណៈសមរម្យ និងថ្លៃថ្នូរ ព្រោះគាត់ធ្លាប់បានបម្រើជាតិ ការពារជាតិកាលពីគាត់មិនទាន់ក្លាយជាជនពិការ ឲ្យពួកគាត់បានរស់មួយជីវិត ក្នុងភាពថ្លៃថ្នូរ។ ដូច្នេះ រាប់ពាន់រាប់ម៉ឺននាក់នេះ យើងត្រូវតែគ្រប់គ្រងល្អត្រឹមត្រូវ មិនត្រូវព្រលែងចោលជនពិការដូចគេធ្វើដូចសព្វថ្ងៃនេះទេ»។
អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោក សែម សុខា មានប្រសាសន៍ថា រដ្ឋាភិបាលបានសង់លំនៅឲ្យខ្លះរួចមកហើយ ដែលសព្វថ្ងៃមាននៅក្នុងខេត្តកំពង់ស្ពឺ ហើយរដ្ឋាភិបាលក៏មានគម្រោងបន្ថែមទៀតយ៉ាងដូច្នេះ ៖ «មានគម្រោងផ្ដល់ថវិកា ១លានដុល្លារ ឬក៏ផ្ដល់ហើយសម្រាប់សាងសង់មួយទៀតនៅខេត្តសៀមរាប ហើយនិងបានបញ្ជាឲ្យក្រសួងសង្គមកិច្ចហ្នឹងមើលភូមិសាស្រ្ដ មើលដីទីតាំងត្រង់ណា ដើម្បីសង់ឲ្យបានគ្រប់ខេត្ត សាងសង់មណ្ឌល ឬលំនៅរបស់អតីតយុទ្ធជនដែលគាត់ពិការដោយសារសង្រ្គាមហ្នឹង។ ហើយនៅមានអង្គការមួយចំនួនទៀតដែរ ដែលជួយធ្វើការងារ ជួយដល់ជនពិការ»។
លោកក៏បានបញ្ជាក់អំពីរបៀបដែលជនពិការដោយសារធ្វើសង្គ្រាម ហើយចង់បានសេវាផ្គត់ផ្គង់នៅតាមបណ្តាខេត្តក្រុងមួយចំនួនថា ៖ «តាមខ្ញុំដឹង ក្នុងកងទ័ពនីមួយៗវាមានលេខ មានអត្តលេខ មានន័យថា មានបញ្ជីឈ្មោះនៅអង្គភាពរបស់គេ ជាពិសេសបានផ្ទេរមកក្នុងក្រសួងសង្គមកិច្ច មាននាយកដ្ឋានមួយ នាយកដ្ឋានអតីតយុទ្ធជន ហើយអតីតយុទ្ធជនក៏មានសមាគមទៀត ឥឡូវធ្វើដល់សមាគមទៀត ដែលមានសម្ដេច ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជន អ៊ីចឹងងាយស្រួលអាចមកទំនាក់ទំនងនៅក្រសួង ហើយទី២ បើអស់លោក បងប្អូនជនពិការនៅខេត្តណា ឲ្យទាក់ទងនឹងមន្ទីរសង្គមកិច្ចអតីតយុទ្ធជនតាមខេត្ត ព្រោះគេមានសាខាសមាគមនៅទីនោះស្រាប់»។
បើតាមប្រធានកម្មវិធីប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់កាកបាទក្រហម លោក ជីវ លឹម បានបង្ហាញថា ជនពិការដោយសារធ្វើជាទាហាននៅទូទាំងប្រទេសមានចំនួន ២.៧០៥នាក់។ ហើយបើតាមស្ថិតិទាហានដែលមានឈ្មោះក្នុងក្របខ័ណ្ឌមានចំនួន ១៣ម៉ឺននាក់៕