រោងចក្រ​មួយ​នៅ​កោះកុង​បង្ហូរ​ជាតិ​ពុល​ចូល​ក្នុង​ទឹក​សម្លាប់​ត្រី​រាប់​ពាន់​ក្បាល

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំ​ជីខលើ ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ បាន​បង្ហូរ​ទឹក​មាន​សារធាតុ​គីមី បណ្ដាល​ឲ្យ​ងាប់​ត្រី​រាប់​ពាន់​ក្បាល​នៅ​ក្នុង​អូរ​និង​ត្រពាំង។

0:00 / 0:00

ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ក្នុង​ភូមិ​ត្រពាំងកន្តោល ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​អះអាង​ថា រោងចក្រ​ផលិត​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​បង្ហូរ​ទឹក​ដែល​មាន​សារធាតុ​គីមី​កាល​ពី​ពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​ងាប់​ត្រី​រាប់​ពាន់​ក្បាល​អណ្ដែត​ត្រៀបត្រា​នៅ​ក្នុង​អូរ​និង​ត្រពាំង បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថៃ្ង​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ។

អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ដឹង​រឿង​នោះ​បាន​សន្យា​ថា នឹង​ដោះស្រាយ​នា​ពេល​ឆាប់ៗ​នេះ។

ប្រជាពលរដ្ឋ​ឈ្មោះ គង់ សុង នៅ​ក្នុង​ភូមិ​ត្រពាំងកន្តោល ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «គេ​បង្ហូរ​ទឹក​មក​ធ្លាក់​ចូល​ក្នុង​ត្រពាំង។ ឥឡូវ​ត្រី​ធម្មជាតិ​ដែល​ប្រជាជន​ធ្លាប់​បាន​ទទួល​ផល​ពី​ត្រី​ហ្នឹង ឃើញ​ថា សព្វថ្ងៃ​នេះ​កំពុង​តែ​ងាប់»

សុខ សេរី ៖ បង្ហូរ​ពី​ពេល​ណា? គង់ សុង ៖ ពួក​ខ្ញុំ​ដឹង​កាល​ពី​យប់​មិញ​រហូត​ដល់​ថ្មើរ​ហ្នឹង។ សុខ សេរី ៖ តើ​ត្រី​ងាប់​ហ្នឹង​នៅ​ទន្លេ នៅ​បឹង​ឬ​នៅ​ស្ទឹង? គង់ សុង ៖ នៅ​តាម​អូរ​ហើយ​ត្រពាំង។

សុខ សេរី ៖ ក្រុមហ៊ុន​ណា? គង់ សុង ៖ (ក្រុមហ៊ុន) របស់​ឧកញ៉ា លី យុងផាត់។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ឃើញ​ថា ត្រី​ងាប់ ទទួល​ផល​លំបាក​កាន់តែ​ខ្លាំង​ទៅៗ វា​បាត់បង់​ម្ហូប។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ជូ សុខ បាន​ថែ្លង​ថា ៖ «សំណូមពរ​ដល់​រដ្ឋាភិបាល​ជួយ​កែ​តម្រង់​កុំ​ឲ្យ​មាន​បញ្ហា​ស្លាប់​ដល់​ត្រី​ប្រជាពលរដ្ឋ។ វា​ងាប់​អស់​ទាំង​ត្រី​ផ្ទក់ ត្រី​អណ្ដែង»

នៅ​មិន​ទាន់​មាន​សេចក្តី​ប្រតិកម្ម​ណា​មួយ​នៅ​ទ្បើយ​ទេ​ពី​តំណាង​រោងចក្រ​ផលិត​ស្ករ​អំពៅ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នោះ។

លោក ឆាយ វុធ ជា​មេ​ឃុំ​ជីខលើ ខេត្ត​កោះកុង ដែល​បាន​ដឹង​រឿង​ខាង​លើ​នេះ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចាត់ការ​ដោះស្រាយ​រឿង​នេះ​នា​ពេល​ឆាប់ៗ​នេះ​ហើយ។

លោក ឆាយ វុធ បាន​បញ្ជាក់​ថា ៖ «ឥឡូវ​ហ្នឹង​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​មេ​ភូមិ ហើយ​ខ្ញុំ​ឲ្យ​មេ​ភូមិ​ចុះ​ទៅ​ពិនិត្យ​បណ្ដោះ​អាសន្ន​សិន។ ស្អែក​ខ្ញុំ​នឹង​ទាក់ទង​ជាមួយ​ខាង​បរិស្ថាន​ចុះ​ទៅ​មើល​ជាមួយ​អភិបាល​ស្រុក»

លោកស្រី ជាប សុធាវី មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​ទទួល​ព័ត៌មាន​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ឲ្យ​ខាង​អាជ្ញាធរ​និង​ខាង​ជំនាញ​ដែល​ពាក់ព័ន្ធ​ហ្នឹង មេត្តា​ជួយ​ត្រួត​ពិនិត្យ​ទៅ​លើ​ជាតិ​គីមី​ដែល​ហូរ​ចេញ​ពី​កន្លែង​របស់​ក្រុមហ៊ុន»

ប្រភព​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​ស្ករ​អំពៅ​នោះ​បាន​ចាប់ផ្តើម​ដំណើរការ​តាំង​ពី​ឆ្នាំ​២០០៨​មក នៅ​ក្នុង​ភូមិ​កន្តោល ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

ការ​បង្ហូរ​ចេញ​នូវ​ទឹក​មាន​សារធាតុ​ពុល​ខាង​លើ​នេះ​បាន​សម្លាប់​ត្រី​ជា​ច្រើន​ពាន់​ក្បាល នៅ​ក្នុង​អូរ​និង​ត្រពាំង ដែល​ជា​ប្រភព​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ទី​នោះ។ ក្រៅ​ពី​នេះ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ឲ្យ​គោ​ក្របី​របស់​ពួក​គាត់​ផឹក​ទឹក​នៅ​ទី​នោះ​ទៀត​ទ្បើយ នា​ពេល​នេះ៕