លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានលោក សម រង្ស៊ី នៅចំពោះមុខមន្ត្រីរដ្ឋាភិបាល មន្ត្រីអង្គទូត និងអ្នកកាសែត ដែលមានវត្តមាននៅឯព្រលានយន្តហោះភ្នំពេញថា លោក សម រង្ស៊ី នឹងអាចបាត់បង់អាសនៈក្នុងរដ្ឋសភា បើសិនជាគណបក្សសមរង្ស៊ីមិនព្រមស្បថចូលកាន់តំណែងតំណាងរាស្ត្រដើម្បីបង្កើតរដ្ឋសភាថ្មីនោះទេ ។
ការប៉ះសម្ដីគ្នានេះបានធ្វើឡើងនៅគ្រាដែលព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្ដេចម៉ែ កំពុងគង់នៅលើព្រះទីនាំងយន្តហោះរបស់ចិនដែលកំពុងតែហោះចេញដំណើរ ហើយនៅគ្រាដែលមេដឹកនាំគណបក្សទាំងពីរបានជួបគ្នាជាលើកដំបូងជាសាធារណៈបន្ទាប់ពីយុទ្ធនាការនៃការបោះឆ្នោតមក ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាកិច្ចប្រជុំចូលស្បថនឹងអាចធ្វើឡើងនៅថ្ងៃទី២៤ សីហានេះ ហើយបើសិនជាលោក សម រង្ស៊ី មិនព្រមចូលរួមទេនោះអាសនៈសភានឹងបានទៅអ្នកដទៃ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «លោកឯងមិនចូលស្បថ អស់សុពលភាព កៅអីគេយកទៅចែកឲ្យអ្នកដទៃ» ។
ទោះជាយ៉ាងណាលោក សម រង្ស៊ី មិនទាន់បានសម្រេចចិត្តថាតើលោកនឹងចូលឬមិនចូលកិច្ចប្រជុំនោះទេ ប៉ុន្តែលោកបញ្ជាក់ថាគណបក្សសមរង្ស៊ីក៏តំណាងឲ្យប្រជាពលរដ្ឋជាង២លាននាក់ដែលបោះឆ្នោតគាំទ្រលោកដែរ ។
លោក សម រង្ស៊ី បានឲ្យដឹងថា ៖ «យើងមិនទាន់ដល់ស្ថានការណ៍ហ្នឹងទេ ។ យើងនៅតែទាមទារឲ្យផ្ដល់យុត្តិធម៌ជូនចំពោះខ្មែរយើងដែលបានបាត់បង់សិទ្ធិបោះឆ្នោតដែលត្រូវគេបំបាត់សិទ្ធិបោះឆ្នោត» ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យដឹងថាកិច្ចប្រជុំសភានោះអាចនឹងធ្វើឡើង បើសិនជាគ្មានការប្ដឹងតវ៉ាទាក់ទងនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតទេនោះ ។
លោក ទេព នីថា បានបញ្ជាក់ថា ៖ «បើសិនមានបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញអាចដោះស្រាយក្នុងរយៈពេលពី១០ទៅ២០ថ្ងៃ ។ អ៊ីចឹងទេវាទាក់ទងនឹងបណ្ដឹងទេ យើងមិនអាចកំណត់បានច្បាស់លាស់ទេ» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់នឹងយាងទៅចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំបង្កើតរដ្ឋសភាថ្មីនោះ ហើយថាគណបក្សសមរង្ស៊ីមិនអាចរារាំងកិច្ចប្រជុំដើម្បីបង្កើតរដ្ឋសភាថ្មីនោះបានទេ បើទោះបីជាគណបក្សសមរង្ស៊ីធ្វើពហិការក៏ដោយ ។
ក្រៅពីនេះដែរលោកនាយករដ្ឋមន្ត្រីក៏បានស្ដីបន្ទោស លោក សម រង្ស៊ី ចំពោះពាក្យសម្ដីចោទប្រកាន់និងប្រមាថថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចជាតិនោះ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាលោក សម រង្ស៊ី គង់តែនឹងរលាយដោយសារតែការប្រមាថចំពោះមេដឹកនាំគណបក្សប្រជាជនកម្ពុជានោះ ៕