កម្មករប្រមាណ ២០០នាក់នៃរោងចក្រកាត់ដេរ សាប្រីណា បានពុល ក្អួតចង្អោរ និងដួលសន្លប់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ ហើយត្រូវបានគេដឹកយកទៅព្យាបាលជាបន្តបន្ទាប់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
កម្មការិនីមួយចំនួនដែលមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ អះអាងថា ពួកគាត់ពុល ហើយដួលសន្លប់ គឺដោយសារក្លិនចម្លែកនៅក្នុងរោងចក្រផង និងដោយការភ័យខ្លាចតៗគ្នាផង។
អ្នកស្រី ឆឹង ឆៃនី ដែលកំពុងតែសម្រាកនៅលើគ្រែពេទ្យ ថ្លែងថា អ្នកស្រីនៅមានអាការៈតឹងទ្រូង វិលមុខ និងចុកដៃជើង។
អ្នកស្រី ឆឹង ឆៃនី រៀបរាប់ពីហេតុការណ៍មុនពេលដែលអ្នកស្រីពុល និងសន្លប់៖ «ចូលទៅដូចនៅតែព្រឺរោម។ កាលពីម្សិលម្ង៉ៃយើងនៅភ័យ នៅខ្លាចនៅឡើយ។ ចូលទៅមានក្លិនដែរ តែក្លិនស្រាល...។ ឃើញគេដួលស្លុត ណាមួយធំក្លិនផង»។

ទាក់ទិននឹងបញ្ហានេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោកវេជ្ជបណ្ឌិត អោ វណ្ណថេន មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានទទួលព្យាបាលកម្មករពីរោងចក្រកាត់ដេរ សាប្រីណា ចំនួន ១៩៥នាក់នៅថ្ងៃទី៦ ខែមីនា ហើយលោកអះអាងថា ការដែលកម្មករពុលគឺបណ្ដាលមកពីអារម្មណ៍ភ័យខ្លាចផង រួមផ្សំនឹងសុខភាពរបស់កម្មករខ្សោយផង តែលោកថា គ្មានកម្មករសន្លប់ទេ។
លោក វេជ្ជបណ្ឌិត អោ វណ្ណថេន បន្ថែមថា មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុដែលធ្វើឲ្យកម្មករពុលនៅឡើយទេ។
ទោះយ៉ាងណា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី អះអាងថា ការពុល និងដួលសន្លប់របស់កម្មកររោងចក្រកាត់ដេរ សាប្រីណា គឺបណ្ដាលមកពីការពុល។
នេះគឺជាការពុលលើកទី២ហើយនៅរោងចក្រដដែលក្នុងសប្ដាហ៍តែមួយ ដែលការពុលលើកទី១កាលពីថ្ងៃទី៤ ខែមីនា បណ្ដាលឲ្យកម្មករជាង ១៣០នាក់ដួលសន្លប់។
នៅថ្ងៃដដែលនេះដែរ កម្មកររោងចក្រកាត់ដេរ ម៉ីរ៉េ អឹបភែរ៉ឹល (MIRAE APPAREL) ប្រមាណ ៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។
ក្រុមកម្មករថ្លែងថា នៅពេលចូលធ្វើការបន្ទាប់ពីពួកគេទទួលទានអាហារថ្ងៃត្រង់រួចនោះ កម្មករមួយចំនួនមានអាការៈថប់ដង្ហើម និងដួលសន្លប់។ រថយន្តសង្គ្រោះបន្ទាន់បានបញ្ជូនក្រុមកម្មករទាំងនោះទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ហើយខ្លះទៀតទៅគ្លីនិកឯកជនមួយក្នុងខណ្ឌពោធិ៍សែនជ័យ។
លោកវេជ្ជបណ្ឌិត លី សម្បត្តិ អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យបានសង្គ្រោះកម្មករទាំងអស់នោះបានធូរស្បើយហើយ។
មិនទាន់មានការអះអាងពីមូលហេតុច្បាស់លាស់ទាក់ទិននឹងករណីដែលកម្មករពុល និងដួលសន្លប់នេះនៅឡើយទេ ប៉ុន្តែការសន្និដ្ឋានជំហានដំបូងរបស់ក្រុមគ្រូពេទ្យ គឺទំនងមកពីកម្មករទាំងនោះទទួលទានមិនគ្រប់គ្រាន់ ហើយចំពេលដែលអាកាសធាតុក្ដៅផងក៏បណ្ដាលឲ្យពួកគេសន្លប់តែម្ដងទៅ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។