គ្រាមុនៗមន្រ្តីរដ្ឋាភិបាលធ្លាប់និយាយថា វិបត្តិសេដ្ឋកិច្ចនៅបស្ចិមប្រទេសមិនប៉ះពាល់ខ្លាំងក្លាដល់សេដ្ឋកិច្ចកម្ពុជាទេ ព្រោះសេដ្ឋកិច្ចខ្មែរមានទ្រង់ទ្រាយតូច។
ក្នុងវិស័យកាត់ដេរមួយ ធនាគារពិភពលោកបានបង្ហាញក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យថា ការងារក្នុងវិស័យនេះចំនួន៣ម៉ឺនបានបាត់បង់ដោយសារក្រុមហ៊ុនកាត់ដេរបិទទ្វារនៅកម្ពុជា។ មូលហេតុនៃការបិទទ្វារគឺការបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសក្រៅមានចំនួនធ្លាក់ចុះជាលំដាប់។
ធនាគារពិភពលោកសរសេរថា ប្រទេសចំនួន៩៤ក្នុងចំណោមប្រទេសកំពុងរីកចម្រើន១១៦ជួបប្រទះនឹងឱនភាពសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ថា ប្រជាពលរដ្ឋជាកម្មករអាចរស់បានថ្វីបើគ្មានការងារ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «ប្រៀបធៀបប្រទេសដទៃបិទរោងចក្រនិងប្រទេសយើងបិទរោងចក្រវាអាក្រក់ហើយ ប៉ុន្តែបើប្រៀបធៀបប្រទេសដទៃបិទរោងចក្រគឺគ្រោះថ្នាក់ជាងយើង មូលហេតុគឺនៅឯណា? មូលហេតុងាយយល់បំផុតរបស់កម្ពុជានៅត្រង់ថា រោងចក្រនេះវាទើបនឹងកើតក្នុងរង្វង់៤-៥ឆ្នាំនេះ រោងចក្រខ្លះទើបនឹងកើត បើនៅខាងកំពង់ស្ពឺកើតមួយឆ្នាំពីរឆ្នាំបីឆ្នាំនេះទេ។ អ៊ីចឹងទេនៅពេលដែលកម្មករអត់ការងារធ្វើ កម្មករនេះអាចវិលត្រឡប់ទៅភូមិកំណើតវិញភ្លាម ដោយពួកគាត់ទើបនឹងចេញពីស្រែចម្ការមក អ៊ីចឹងស្រែចម្ការរបស់គាត់នៅរង់ចាំគាត់ជាមួយឪពុកម្ដាយ ក្រុមគ្រួសាររបស់គាត់ គ្រួសារឪពុកម្ដាយនៅដីធ្លី នៅផ្ទះហ្នឹង»។
នាយករដ្ឋមន្ត្រីមិនព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា
ក្នុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ មេដឹកនាំប្រទេសជឿនលឿនព្យាយាមរិះរកមធ្យោបាយស្តារឡើងវិញដើម្បីឲ្យនាយទុនមានជំនឿក្នុងការដាក់ទុនរកស៊ីឡើងវិញដែលអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិយាយថា វានឹងបង្កើតការងារឲ្យមនុស្សធ្វើ ឲ្យមនុស្សមានចំណូលនិងឲ្យមនុស្សចាយវាយច្រើនឡើងវិញ។
ប្រទេសខ្លះដូចជាសហរដ្ឋអាមេរិក (ស.រ.អា) ជាដើម រដ្ឋបញ្ចេញថវិកាជាច្រើនពាន់លានដុល្លារឧបត្ថម្ភដល់ក្រុមហ៊ុនរកស៊ីខាតបង់ធំៗឲ្យអនុគ្រោះកូនបំណុលនិងជួយដល់ប្រជាពលរដ្ឋសាមញ្ញជារបៀបបញ្ចុះពន្ធដារលើប្រាក់ចំណូល ហើយនិងជារបៀបឲ្យប្រាក់អំណោយដល់គ្រួសារនីមួយៗ។
នៅកម្ពុជាបើពលរដ្ឋគ្មានការងារធ្វើ រដ្ឋគ្មានសំណាញ់សង្គមកិច្ចរឹងមាំដែលអាចជួយឧបត្ថម្ភឲ្យរស់មួយរយៈនោះបានឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជម្រាបប្រជាពលរដ្ឋកាលពីថ្ងៃច័ន្ទដោយប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជានិងប្រទេសដទៃហាក់បីដូចជាគ្មានអ្វីគួរឲ្យបារម្ភទេចំពោះរូបលោក។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «ឧស្សាហកម្មប្រឹងបន្ត តាមរយៈធ្វើម៉េចឲ្យបណ្ដារោងចក្រសហគ្រាសដែលកំពុងដំណើរការហ្នឹង ឲ្យវាដំណើរការទៅមុខ ហើយផ្នែកសំណង់ពិតមែនតែវាថយចុះបន្តិច ប៉ុន្តែឲ្យថារត់ចោលការដ្ឋានមិនទាន់មានទេ។ ធ្វើផ្ទះល្វែង ក៏កំពុងធ្វើផ្ទះល្វែង ធ្វើអគារខ្ពស់ៗក៏កំពុងបន្ត សណ្ឋាគារអីបន្ត ឡានបុកគ្រឹះបន្ថែម ហើយឥឡូវថាសេដ្ឋកិច្ចធ្លាក់ៗ ទៅទិញផ្ទះនៅតែមិនព្រមចុះថ្លៃ ផ្ទះនៅស្រុកខ្មែរអត់ទាន់លក់ឡាយឡុងតាមប្រទេសពេលដែលវិបត្តិហិរញ្ញវត្ថុឆ្នាំ៩៧ទេ ដូច្នេះយើងនៅបន្តការរីកលូតលាស់បន្តទៅទៀត»៕