ការចោទប្រកាន់នេះត្រូវបានសម្ព័ន្ធសហជីពចាត់ទុកថា គឺជាការបំភ័ន្តព្រឹត្តិការណ៍ ខណៈដែលកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលបានប្រើប្រាស់ហិង្សាបណ្ដាលឲ្យសកម្មជនសហជីពម្នាក់រងរបួសធ្ងន់ធ្ងរ។
សម្ព័ន្ធសហជីពកម្ពុជាច្រានចោលការចោទប្រកាន់របស់សាលារាជធានីភ្នំពេញ ដែលរកឃើញថាសហជីពមួយនេះបានបំពាន និងអនុវត្តផ្ទុយពីស្មារតីនៃកិច្ចប្រជុំរបស់ខ្លួនកាលពី៣សប្តាហ៍មុន ក្នុងការធានាមិនឲ្យមានអំពើហិង្សាកើតឡើង ខណៈក្រុមកម្មករប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ។
លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ចុះថ្ងៃទី២៥ កក្កដា ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១២ បានឲ្យដឹងថា ការចោទប្រកាន់របស់សាលារាជធានីភ្នំពេញ សម្ព័ន្ធសហជីពកម្ពុជាចាត់ទុកថា នោះគ្រាន់តែការបំភ័ន្តព្រឹត្តិការណ៍ដែលកម្លាំងសមត្ថកិច្ចវាយបង្ក្រាបតំណាងកម្មករកម្មការិនីប៉ុណ្ណោះ។ លិខិតបន្តថា សម្ព័ន្ធសហជីពកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃកិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១២។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបន្ថែមបានទេ ជុំវិញការលើកឡើងរបស់សម្ព័ន្ធសហជីពកម្ពុជានេះ ពីមន្ត្រីសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១២។
ក៏ប៉ុន្តែ នៅក្នុងសេចក្ដីជូនដំណឹងនៃគេហទំព័ររបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៣ កក្កដា បានឲ្យដឹងថា បន្ទាប់ពីទទួលបានលិខិតជាផ្លូវការរបស់សម្ព័ន្ធសហជីពកម្ពុជា ស្ដីពីការស្នើសុំជួបជុំកម្មករកម្មការិនីនៅទីលានប្រជាធិបតេយ្យ ពោលគឺនៅថ្ងៃទី១០ កក្កដា សាលារាជធានីភ្នំពេញបានកោះហៅភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការទទួលខុសត្រូវក្នុងន័យដើម្បីការពារសណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងពេលជួបជុំនោះ។
លិខិតបន្តថា តែនៅទីបំផុត អ្វីដែលសាលារាជធានីភ្នំពេញចាត់ទុកថាជាការអនុវត្តផ្ទុយពីខ្លឹមសារនៃកិច្ចប្រជុំនោះ គឺមួយថ្ងៃបន្ទាប់ បែរជាលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង្ហាញមុខនៅទីលានប្រជាធិបតេយ្យ និងញុះញង់ក្រុមកម្មករដង្ហែក្បួនទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលល្មើសទៅនឹងកិច្ចប្រជុំ។
ទោះជាបែបណា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រីមានប្រសាសន៍ថា ភាគីសហជីពគោរពជានិច្ចនូវគោលការណ៍នៃកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែកក្កដា រវាងសាលារាជធានីភ្នំពេញ និងតំណាងសហជីព។ ក្នុងន័យនេះ អ្នកស្រីចាត់ទុកថា ខាងអាជ្ញាធរបានប្រើប្រាស់កម្លាំងបង្ក្រាបទៅលើក្រុមសហជីព ដែលធ្វើបាតុកម្មដោយអហិង្សា ដើម្បីទាមទារឲ្យមានដំណោះស្រាយទៅវិញ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ស្មារតីនៃកិច្ចប្រជុំនៅមុនថ្ងៃ១១ ហ្នឹង គឺខ្ញុំអត់បានបំពានទៅលើចំណុចណាមួយទេ។ ព្រោះករណីខាងលោក មៃ សុភត្រា របស់ខ្ញុំហ្នឹងដែលគាត់ជាអគ្គលេខាធិការរបស់ខ្ញុំ ដែលគាត់ទៅប្រជុំហ្នឹង គឺក្នុងកិច្ចព្រមព្រៀងហ្នឹង គេបាននិយាយមកថា អាចឲ្យយើងជួបជុំគ្នា៥០០នាក់ ហើយទាក់ទងនឹងការហែចេញពីអាសួនសេរីភាពហ្នឹង តែ២០នាក់ទេ។ អញ្ចឹងយើងគោរពតាមអាស្មារតីនៃកិច្ចប្រជុំថ្ងៃហ្នឹងតើបង»។
នៅក្នុងព្រឹត្តិការណ៍នៃការបង្ក្រាប កាលពីថ្ងៃទី១១ ខែកក្កដា សមត្ថកិច្ចប្រដាប់ដោយដំបង និងខែល បានប្រើហិង្សាវាយបង្ក្រាបបណ្ដាលឲ្យសកម្មជនសហជីពកម្មករម្នាក់រងរបួសធ្ងន់ធ្ងរ។ អំពើហិង្សានេះកើតមានក្នុងពេលមន្ត្រីសហជីព គឺលោក រ៉ុង បញ្ញា តាមឃ្លាំមើលតំណាងកម្មកររោងចក្រ តៃណាន ដង្ហែញត្តិដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី នៅក្បែរវិមានឯករាជ្យ។ ក៏ប៉ុន្តែករណីនេះត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនច្រានចោល ហើយចោទប្រកាន់ថា សកម្មជនសហជីពរូបនេះ ប្រើប្រាស់ហិង្សាលើសមត្ថកិច្ចមុន ខណៈអាជ្ញាធរប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។