មន្ត្រីអង្គការអន្តរជាតិប្រចាំសហរដ្ឋអាមេរិក ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហារំលោភបំពានលើកុមារ បានអះអាងថា បច្ចុប្បន្ននៅតែមានកុមារជាច្រើនក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងការងារកេងប្រវ័ញ្ចកម្លាំងពលកម្ម និងប្រកបដោយគ្រោះថ្នាក់ដដែល។
ការថ្លែងដូច្នេះនៅក្នុងសន្និសីទថ្នាក់ជាតិមួយ ស្ដីពីផែនការនិរន្តរភាពឆ្ពោះទៅលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ ឆ្នាំ២០១១។
អនុប្រធានអង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International) ប្រចាំសហរដ្ឋអាមេរិក លោកស្រី ខារ៉ូល អូវលីន (Carol Olaughlin) បានថ្លែងថា កិច្ចប្រជុំនេះនឹងធ្វើយ៉ាងណាសុំឲ្យមានការពិភាក្សាគ្នាដោយបើកចំហ និងស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហាចន្លោះប្រហោង និងស្វែងរកគំនិតថ្មីៗ ថាតើធ្វើយ៉ាងណាធានានិរន្តរភាពដើម្បីការពារកុមារឲ្យជៀសផុតពីពលកម្ម ហើយរៀបចំគោលនយោបាយ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាក់ព័ន្ធ ដូចជាក្រសួងអប់រំ ក្រសួងការងារជាដើម។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង សូត មានប្រសាសន៍ថា ក្រសួងការងារបានបញ្ឈប់កុមារពីការងារប្រកបដោយគ្រោះថ្នាក់ប្រមាណជាង ៣ម៉ឺននាក់ និងជួយគ្រួសារពលករកុមារក្រីក្រប្រមាណ ៤ពាន់គ្រួសារ ដើម្បីឲ្យកុមារទទួលបានការអប់រំ និងទទួលបានមុខជំនាញវិជ្ជាជីវៈ។
លោកមានប្រសាសន៍ទៀតថា ៖ «ការលុបបំបាត់ពលកម្មកុមារ គឺជាកិច្ចការសំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងចំណោមកិច្ចការចាំបាច់ជាច្រើនទៀត ដើម្បីកសាងប្រទេសជាតិឲ្យថ្កុំថ្កើង និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គម»។
លេខាទី១នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក ដេវីឌ រីឆែលសុហ្វ (David Richelsoph) មានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកសូមស្វាគមន៍ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ទម្រង់ពលកម្មកុមារឲ្យអស់នៅឆ្នាំ២០១៦។ លោកបានបន្តថា កុមារត្រូវបានគេបង្ខំឲ្យសុំទាន រើសអេតចាយ ធ្វើកម្មករឡឥដ្ឋ បម្រើតាមផ្ទះ និងការងារផ្សេងទៀត ដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារដែលនាំឲ្យពួកគេបាត់បង់នូវសុខុមាលភាពរបស់ខ្លួនមិនបានចូលរៀន រួមទាំងជំនាញដែលកុមារត្រូវការ ប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់កុមារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល។
ជាក់ស្ដែងកុមារា ហេង ហ៊ុនគា អាយុ ១៦ឆ្នាំ ជាកុមារកំព្រាឪពុក រស់នៅភូមិទី១ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលគេយកមកចូលរួមក្នុងសន្និសីទនេះដែរ បានឲ្យដឹងថា រូបគេទើបចូលរៀនវិញបានចំនួន ២ខែ ដោយមានការឧបត្ថម្ភពីអង្គការអន្តរជាតិ នៅខេត្តពោធិ៍សាត់។
កុមារារូបនេះបានរំឭកពីមូលហេតុដែលគេបានបោះបង់ការសិក្សាកន្លងមក ៖ «ជីដូនឈឺអត់មានលុយ ហើយខ្ញុំទៅស៊ីឈ្នួលគេ ទៅនេសាទ១ខែ១០ម៉ឺន (រៀល) ក្នុងផ្ទះអត់មានលុយ យកពេលហ្នឹងទៅធ្វើការងារ ដើម្បីយកប្រាក់មកចិញ្ចឹមគ្រួសារ។ ម៉ាក់ខ្ញុំទៅស៊ីឈ្នួលគេដើម្បីយកលុយមកទប់ដើម្បីទិញម្ហូប គ្រួសារខ្ញុំលំបាក មានទុក្ខ ចិត្តខ្ញុំអត់ស្ងប់ទេពេលទៅរៀនទៅសូត្រ អ៊ីចឹងហើយបានខ្ញុំបោះបង់ការសិក្សា»។
ក្រសួងការងារសហរដ្ឋអាមេរិក បានផ្ដល់ថវិកាប្រមាណ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់សហការជាមួយអង្គការអន្តរជាតិខាងការងារ ក្នុងគោលដៅលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅកម្ពុជា៕