មតិ​​ចំពោះ​ការ​ចោទ​របស់​ភរិយា​លោក​នាយករដ្ឋមន្ត្រី​ថា​វិទ្យុ​អាស៊ីសេរី​លំអៀង

សេចក្ដី​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី និយាយ​អំពី «ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី​ចោទ​វិទ្យុ​អាស៊ីសេរី​ថា​លំអៀង» ដែល​ផ្សាយ​តាម​វិទ្យុ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ហើយ​បន្ទាប់​មក​បាន​យក​ទៅ​ចុះ​ផ្សាយ​នៅ​គេហទំព័រ​របស់​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​អ្នក​ចូល​អាន​នាំ​គ្នា​បញ្ចេញ​មតិ​ជា​ច្រើន។

នៅ​ក្នុង​គេហទំព័រ​របស់​វិទ្យុ​អាស៊ីសេរី អ្នក​ចូល​អាន​អត្ថបទ​ណា​អាច​បញ្ចេញ​យោបល់​របស់​ខ្លួន​ទៅ​លើ​រឿង​នោះ​បាន។

អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «ភរិយា​លោក​នាយក​រដ្ឋមន្ត្រី​ចោទ​វិទ្យុ​អាស៊ី​សេរី​ថា​លំអៀង» ដែល​ចុះ​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១ មក​នោះ ទទួល​បាន​ការ​បញ្ចេញ​មតិ​យោបល់​ច្រើន​បង្គួរ។

គិត​មក​ទល់​នឹង​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា នេះ មាន​អ្នក​បញ្ចេញ​មតិ​ទៅ​លើ​អត្ថបទ​នេះ​ ​ចំនួន​ជាង ៥០​នាក់​ហើយ។ ក្រៅ​តែ​ពី​បញ្ចេញ​មតិ​ទៅ​លើ​សាច់​រឿង​របស់​វិទ្យុ​អាស៊ីសេរី អ្នក​អាន​ជួនកាល​ក៏​បញ្ចេញ​មតិ​ប្រឆាំង ឬ​ក៏​គាំទ្រ​គ្នា​ឯង​ដែរ។

អ្នក​ចូល​រួម​បញ្ចេញ​មតិ​ទាំង​នេះ ភាគ​ច្រើន​មិន​ដាក់​ឈ្មោះ​ទេ។ បើ​ដាក់​ឈ្មោះ​វិញ ក៏​ពួក​គាត់​ប្រើ​រហស្សនាម​ប្លែកៗ​ដែរ។ ពួក​គាត់​ចូល​អាន និង​បញ្ចេញ​យោបល់​ពី​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់​លើ​ពិភពលោក ​គឺ​អោយ​តែ​គាត់​មាន​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ិនធឺណិត គាត់​អាច​ចូល​រួម​បញ្ចេញ​មតិ​បាន។

អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​នោះ មាន​ដក​ស្រង់​ប្រសាសន៍​របស់​អ្នកស្រី​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​រិះគន់​វិទ្យុ​អាស៊ី​សេរី​ថា បាន​ផ្សាយ​ព័ត៌មាន​កាន់​ជើង​បក្ស​នយោបាយ​ដែល​មិន​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​នោះ។

អ្នក​អាន​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​សរសេរ​ថា៖ "កាកបាទ​ក្រហម​មាន​តួនាទី​បំរើ​ប្រជារាស្ត្រ​គ្រប់​ស្រទាប់​វណ្ណៈ​នៅ​ពេល​ប្រជារាស្ត្រ​មាន​អាសន្ន... គឺ​ជួយ​សម្រួល​បន្ទុក​ខ្លះ​ពេល​ដែល​ប្រជារាស្ត្រ​ខ្វះខាត...។ កាកបាទ​ក្រហម​គ្មាន​តួនាទី​ឃោសនា​នយោបាយ​នោះ​ទេ"

អ្នក​អាន​ម្នាក់​ទៀត​បន្ទរ​ពី​ខេត្ត​កំពត មក​ថា៖ "មើល​រូបថត​ចុះ!គ្មាន​ពួក​កាកបាទ​ក្រហម​ណា​មួយ​ស្គម​សោះ... រី​ឯ​ប្រជាជន​តាម​ជនបទ​ឡើង​ស្គម​ម្នាក់ៗ"

លោក​អ្នក​អាន​ម្នាក់​ទៀត​ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា គ្លីនតុន សរសេរ​ថា លោក​គាំទ្រ ១០០% ចំពោះ​ប្រសាសន៍​របស់​អ្នកស្រី​ប្រធាន​កាកបាទ​ក្រហម អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​ថា វិទ្យុ​អាស៊ី​សេរី​ផ្សាយ​កាន់​​ជើង​បក្ស​ប្រឆាំង និង​ក្រុម​ខូច។

មតិ​មួយ​ទៀត​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស បាន​បញ្ចេញ​យោបល់​ថា៖ "ថ្នាក់​ដឹក​នាំ​កាកបាទ​ក្រហម​គួរ​យល់​អំពី​តួនាទី​របស់​ខ្លួន ហើយ​គួរ​កុំ​សរសើរ​បក្ស​នយោបាយ​មួយ ហើយ​បង្អាប់​បក្ស​នយោបាយ​ផ្សេង"

លោក​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ ដាក់​ជា​សំណួរ​ថា៖ "ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អី​បាន​ដើរ​ហួស​ពី​នាទី​ខ្លួន? ដាក់​សំណួរ​ហើយ លោក​ក៏​បកស្រាយ​ថា៖ "ដែល​ថា ហួស​នាទី​ខ្លួន​នោះ គឺ​កាកបាទ​ក្រហម​មិន​មាន​តួនាទី​ជា​អ្នក​នយោបាយ​ទេ គឺ​មាន​នាទី​ទទួល​អំណោយ និង​ចែក​អំណោយ​តែប៉ុណ្ណោះ ហេតុ​អ្វី​បាន​ជា​កាកបាទ​ក្រហម​ខ្មែរ​ដើរ​ជា​អ្នក​នយោបាយ​ទៀត"

លោក​បញ្ជាក់​ថា៖ "នេះ​គឺ​មិន​ល្អ​ទាល់​តែ​សោះ សម្រាប់​កម្ពុជា គឺ​មិន​មាន​តួនាទី​ច្រើន​សម្រាប់​មនុស្ស​ម្នាក់​នោះ​ទេ ឬ​មួយ​ខឹង​ពេក​ដែល​គេ​ថា ត្រូវ​នោះ ដូច្នេះ​ក៏​ភ្លេច​ខ្លួន ឫ​ក៏​មិន​ដឹង"

អ្នក​បញ្ចេញ​មតិ​ម្នាក់​ទៀត​​ដែល​ដាក់​ឈ្មោះ​ថា សេរីភាព ពី​ភ្នំពេញ សរសេរ​ថា៖ "លោកស្រី​មិន​បាន​យល់​ភាព​ខុសគ្នា​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន គឺ​ចង់​និយាយ​ថា រដ្ឋាភិបាល​ទទួល​ជំនួយ​ពី​ប្រទេស​ចិន មក​ជួយ​ជន​រងគ្រោះ​ទឹក​ជំនន់ មិន​មែន​បក្ស​ប្រជាជន​ទេ"

មតិ​មួយ​ទៀត​ដែល​ដាក់​ឈ្មោះ​ថា កាលីហ្វ័រនៀ និង​ឡងប៊ិច បាន​​សរសេរ​ថា មាស​សុទ្ធ​មិន​គួរ​ខ្លាច​ភ្លើង​ទេ។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិ​ប្រជា​អធិបតេយ្យ ​អ្នក​ដឹកនាំ​ល្អ​មិន​ត្រូវ​ខ្លាច​ការ​រិះគន់​ទេ ហើយ​ត្រូវ​បើក​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​និយាយ​ស្ដី និង​ការ​បញ្ចេញ​មតិ។

លោក​ម្នាក់​ដាក់​ឈ្មោះ​ថា ក្តា ពី​ភ្នំពេញ បាន​សរសេរ​ថា កាកបាទ​ក្រហម​មិន​ត្រូវ​មាន​លំអៀង​ទេ។ រី​ឯ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) មិន​ត្រូវ​លំអៀង និង​មិន​ត្រូវ​បម្រើ​បក្ស​ណា​ទេ ចុះ​ហេតុ​អ្វី​ក៏​ផ្សាយ​តែ​ពី​រឿង​បក្ស​ប្រជាជន? រី​ឯ​រឿង​ប្លន់​យក​ដី​ប្រជាជន និង​រឿង​បំផ្លាញ​ព្រៃ​ឈើ ហេតុ​អ្វី​បាន​ជា ទទក មិន​ផ្សាយ​ឲ្យ​ប្រជាជន​លោក​បាន​ជ្រាប​ទូទាំង​ប្រទេស​ផង?

ទាក់​ទង​​ការ​បញ្ចេញ​មតិ​​ទៅ​នឹង​ឯករាជភាព​សារព័ត៌មាន​នេះ​ដែរ សារ​មួយ​ទៀត​សរសេរ​ជា​ភាសា​អង់គ្លេស​ ដាក់​ឈ្មោះ​ថា ហ្ជច (George) បាន​សរសើរ​ថា វិទ្យុ​អាស៊ីសេរី​ កម្មវិធី​ផ្សាយ​ភាសា​ខ្មែរ គឺ​ផ្សាយ​តែ​ព័ត៌មាន​ពិត និង​ព្រឹត្តិការណ៍​ពិត​មិន​លំអៀង​ទៅ​បក្ស​នយោបាយ​ណា​ទេ។ ក៏​ប៉ុន្តែ​​នៅ​ឃ្លា​បញ្ចប់​របស់​​សារ​បញ្ចេញ​មតិ​នេះ បាន​អះអាង​ថា នាយក​វិទ្យុ​អាស៊ី​សេរី ផ្សាយ​ជា​ភាសា​ខ្មែរ​​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ​ទៀត​ផង។

សារ​មួយ​ទៀត​សរសេរ​ថា មាន​តែ​វិទ្យុ​អាស៊ីសេរី​ទេ​ដែល​ផ្សាយ​គ្រប​ដណ្ដប់​ប្រធានបទ​ច្រើន ដូច​ជា​ ផ្សាយ​អំពី​ព័ត៌មាន​សេដ្ឋកិច្ច ​សង្គមកិច្ច នយោបាយ ​សុខភាព ជា​ពិសេស​ផ្សាយ​ព្រឹត្តិការណ៍​ប្រចាំ​ថ្ងៃ ដែល​បាន​ផ្ដល់​ចំណេះ​ដឹង​ដល់​ប្រជាពលរដ្ឋ​មិត្ត​អ្នក​ស្ដាប់​បាន​ច្រើន និង​ជា​ព័ត៌មាន​អាច​ទុក​ចិត្ត និង​ជឿជាក់​​បាន៕