សមត្ថកិច្ច​ខេត្ត​កណ្ដាល​ដោះលែង​ជន​បរទេស​៥​នាក់

សមត្ថកិច្ច​នគរបាល​​នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ដោះលែង​ជន​បរទេស ៥​នាក់​វិញ​ហើយ កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​មីនា ក្រោយ​បាន​ឃាត់​ខ្លួន​សួរ​ចម្លើយ​ជា​ច្រើន​ម៉ោង​រួច​មក។

0:00 / 0:00

ការ​ឃាត់​ខ្លួន​ជនបរទេស​ទាំង ៥​នាក់​នោះ ដោយសារ​នគរបាល​មូលដ្ឋាន​បាន​ឃើញ​ពួកគេ​ចូល​រួម​បាតុកម្ម​ជាមួយ​កម្មករ​ខ្មែរ​ជាង ២.០០០​នាក់ នៅ​ថ្ងៃ​ដដែល នៅ​រោងចក្រ អ៊ី ហ្គាមេន (E-Garment) នៅ​ខេត្ត​កណ្ដាល​នោះ ដែល​ជា​ករណី​ចម្លែក​មួយ​មិន​ធ្លាប់​​មាន​កន្លង​មក។ ជនបរទេស​ទាំង​នោះ​នឹង​អាច​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ដោយសារ​បញ្ហា​នេះ។

សមត្ថកិច្ច​នគរបាល​កម្ពុជា នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល កំពុង​រៀបចំ​ឯកសារ​នានា​ដើម្បី​សុំ​គោលការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្ត្រី ដើម្បី​បណ្ដេញ​ជនជាតិ​បរទេស​ទាំង ៥​នាក់​នោះ​ពី​ប្រទេស​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា សកម្មភាព​របស់​ជន​បរទេស​ទាំង ៥​នាក់​ចូល​រួម​បាតុកម្ម​នោះ គឺ​ផ្ទុយ​ពី​ច្បាប់​អន្តោប្រវេសន្ត​នៃ​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ថា សកម្មភាព​របស់​ជនបរទេស​ទាំង ៥​រូប​នោះ មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​តែ​គាត់​មក​ជ្រៀតជ្រែក​កិច្ច​ការងារ​ផ្ទៃ​ក្នុង​កម្ពុជា។

លោក ខៀវ សុភ័គ៖ «សមត្ថកិច្ច​របស់​យើង​បាន​មាន​ភស្តុតាង និង​រូបថត​គ្រប់គ្រាន់​នូវ​ជន​បរទេស​ទាំង ៥​រូប គាត់​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ពិធី នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​យើង មាន​កាន់​មេក្រូ​ស្រែក​នៅ​ទី​នោះ ដើម្បី​បំផុស​ចលនា​កូដកម្ម​ហ្នឹង ហើយ​យើង​ចាត់​ទុក​ថា នេះ​ជា​អំពើ​មួយ​មិន​គប្បី​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​មាន​ជន​បរទេស​ចូល​មក​បំផុស​បំផុល ឬ​ក៏​លើក​ទឹក​ចិត្ត​វា​មិន​ត្រឹមត្រូវ​ទេ។ កន្លែង​ហ្នឹង​ហើយ​សមត្ថកិច្ច​របស់​យើង​បាន​ធ្វើការ​ឃាត់​ខ្លួន​គាត់ ដើម្បី​សាកសួរ​ព័ត៌មាន​ក្រោយ​ពេល​ដែល​គាត់​ចប់​ចូល​រួម​កាន់​មេក្រូ​ជាមួយ​កម្មការិនី​របស់​យើង​ហ្នឹង។ យើង​ក៏​បាន​សួរ​នាំ​គាត់ គាត់​គ្មាន​លិខិត​ឆ្លង​ដែន​នៅ​ក្នុង​ដៃ អ៊ីចឹង​ហើយ​បាន​ថា សកម្មភាព​របស់​ជនបរទេស​ទាំង ៥​រូប​នោះ មិន​ត្រឹម​តែ​មក​ជួយ​ទេ គឺ​ថា​មក​បំផុស​ចលនា​អាច​បង្ក​អសន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​យើង»

ជនបរទេស​ទាំង ៥​រូប​នោះ គឺ​មាន​ស្ត្រី ៤​នាក់ និង​បុរស​ម្នាក់​មក​ពី​ប្រទេស​ន័រវ៉េ (Norway), ប្រទេស​អង់គ្លេស (England) ប្រទេស​ហុឡង់ដ៍ (Netherlands) ប្រទេស​បែលហ្ស៊ិក (Belgium) ប្រទេស​អូទ្រីស (Austria)។ ពួកគេ​ចូល​មក​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ កន្លង​មក​នេះ។

ជាមួយ​គ្នា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា ជនបរទេស​ទាំង ៥​រូប​នោះ បាន​ចូល​មក​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ​មួយ ប៉ុន្តែ​គាត់​បាន​ឆ្លៀត​ពេល​ទៅ​ទស្សនា​កូដកម្ម​តវ៉ា​របស់​កម្មការិនី​ជាង ២​ពាន់​នាក់ នៅ​រោងចក្រ អ៊ី ហ្គាមេន នោះ។

លោក​បាន​អះអាង​ថា ពួកគាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ៖ «គាត់​ទៅ​មើល​កម្មករ​ធម្មតា​ហ្នឹង អត់​មាន​ពាក់ព័ន្ធ​អ្វី​ខុស​ច្បាប់​ទេ ដោយសារ​តែ​គាត់​ធ្វើ​ការងារ​ជា​អង្គការ​មួយ​ឈ្មោះ​ថា International Solidarity Movement (ចលនា​សាមគ្គីភាព​អន្តរជាតិ) ដែល​គេ​បាន​ធ្វើ​ការ​នៅ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ហ្នឹង។ គាត់​មក​នេះ គឺ​ក្នុង​នាម​ទស្សនកិច្ច​ផង មក​ដើរ​លេង​ផង ហើយ​ស្រប​ពេល​ដែល​យើង​មាន​កូដកម្ម​ហ្នឹង គាត់​ទៅ​មើល​កម្មករ​ធម្មតា​ហ្នឹង។ ខ្ញុំ​គិត​ថា មិន​មាន​ហេតុផល​អ្វី​ណា​សម្រាប់​បណ្ដេញ​ពួក​គាត់​ទៅ​ទេ។ អ្នក​ខ្លះ​ត្រូវ​ទៅ​ថ្ងៃ​ហ្នឹង​ក៏​មាន​ដែរ។ គាត់​មិន​នៅ​អ្វី​យូរ​ទៀត ពីព្រោះ​កម្មវិធី​គាត់​ត្រូវ​ចប់​ហើយ»

ទោះ​យ៉ាង​ណា ជនជាតិ​បរទេស​ទាំង​នោះ​នៅ​មាន​សេរីភាព​ធម្មតា​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ ក្រោយ​ពី​នគរបាល​បាន​ដោះ​លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។