រហូតមកដល់សព្វថ្ងៃនេះ បញ្ហាកំណត់ប្រាក់ខែគោលរបស់កម្មករនៅតែជាបញ្ហាចម្រូងចម្រាស។ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់ចោទជាសំណួរថា តើចង់បានអ្វីទៀត បើប្រាក់ខែគោលរបស់កម្មករកាត់ដេរកម្ពុជា គឺខ្ពស់ជាងប្រទេសជិតខាងហើយនោះ? លោកសង្កត់ធ្ងន់ថា ការទាមទារប្រាក់ឈ្នួលហួសហេតុពេក គឺជាការបំផ្លាញការវិនិយោគបំផ្លាញផលប្រយោជន៍កម្មករ និងបំផ្លាញការងាររបស់យុវជន។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកមិនឲ្យពលរដ្ឋស្លាប់ដោយអត់បាយនោះទេ។ លោកធ្លាប់ប្រកាសបែបនេះទៅកាន់ពលរដ្ឋ ទំនងចង់ឲ្យពលរដ្ឋដឹងថា លោកបានយកចិត្តទុកដាក់សម្បើមណាស់ក្នុងការរក្សាស្ថិរភាព នយោបាយ សេដ្ឋកិច្ច និងសុខសន្តិភាព ដើម្បីធានាឲ្យបាននូវសុខដុមរមនាដល់ពលរដ្ឋ។
បរិបទនេះប្រហែលជាអាចនឹងគ្មានមនុស្សស្លាប់ដោយអត់បាយដូច លោក ហ៊ុន សែន លើកឡើងមែន ប៉ុន្តែបញ្ហាជីវភាពរស់នៅរបស់ពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរ និងសមរម្យក្នុងសង្គមឯណោះទេ ដែលត្រូវយកចិត្តទុកដាក់។
វិស័យកាត់ដេរបានចូលរួមចំណែកជាងពាក់កណ្ដាលដល់ទំហំសេដ្ឋកិច្ចកាលពីឆ្នាំ២០១៣។ វិស័យមួយនេះ ក៏បានបង្កើតការងារដោយផ្ទាល់ និងប្រយោលដល់ពលរដ្ឋប្រមាណជិត ៣លាននាក់ ដែលភាគច្រើនជាពលរដ្ឋក្រីក្រនៅតាមជនបទ។
ការសិក្សាជាច្រើនបានរកឃើញថា មូលហេតុប្រាក់ខែតិចមិនអាចឲ្យកម្មកររស់នៅបាន នៅពេលដែលតម្លៃស្បៀងអាហារកាន់តែកើនខ្ពស់ ហើយមានកម្មករជាង ៧០% ជួបបញ្ហាសុខភាព មានភាពស្គមស្គាំង និងស្លេកស្លាំង។ កម្មករមិនហ៊ានចំណាយលុយច្រើនទៅលើអាហារហូបចុក ឬចំណាយប្រហែល ២ពាន់រៀលក្នុងមួយពេល ឬប្រហាក់ប្រហែលជាង ៤០ដុល្លារក្នុងមួយខែ ចំណាយលើអាហារសម្រាប់កម្មករម្នាក់។ រីឯម្ចាស់ផ្ទះជួលវិញ គ្រាន់តែឮថារដ្ឋាភិបាលប្រកាសដំឡើងប្រាក់តិចតួចឲ្យកម្មករភ្លាម ក៏ឡើងថ្លៃផ្ទះមុនបាត់ទៅហើយ។ ក្រៅពីនោះ កម្មករនៅត្បិតត្បៀតឆ្លៀតផ្ញើលុយកាក់ខ្លះទៅផ្ទះផ្គត់ផ្គង់គ្រួសារទៀត។ បញ្ហាអតិផរណាខ្ពស់ និងតម្រូវការរឹតតែច្រើនៗនេះហើយ ដែលកំពុងបង្ខំឲ្យកម្មករក្រោកតវ៉ា ទាមទារសុំដំឡើងប្រាក់ខែ ១៦០ដុល្លារ រហូតអាជ្ញាធរមានសមត្ថកិច្ចបាញ់សម្លាប់កម្មករ ៥នាក់ នៅពេលដែលគេទាមទារកាលពីដើមខែមករា កន្លងទៅ។
មុននឹងក្រុមប្រឹក្សាការងារប្រជុំដោះស្រាយវិបត្តិប្រាក់ខែកម្មករ រដ្ឋាភិបាលបានសិក្សាជាមុនពីតម្រូវការប្រាក់ខែសមរម្យដល់កម្មករដែលអាចរស់បាន។ ការសិក្សាដែលមានសមាសភាពពីក្រសួងការងារ តំណាងនិយោជក និងតំណាងសហជីពកម្មកររកឃើញថា កម្មករត្រូវការប្រាក់ចន្លោះ ១៥៧ ទៅ ១៧៧ដុល្លារ ដែលអាចធ្វើឲ្យកម្មករចាយគ្រប់ក្នុងមួយខែ ហើយភាគីទាំងនោះបានកំណត់ចំនួនមធ្យមមួយ គឺយក ១៦០ដុល្លារ។ ប៉ុន្តែនៅពេលដែលក្រុមប្រឹក្សាការងារប្រជុំសម្រេចកាលពីឆ្នាំមុន គឺធ្វើផ្ទុយពីការសិក្សា ពោល គឺដំឡើងប្រាក់ឲ្យកម្មករ ៩៥ដុល្លារក្នុងមួយខែ ហើយក្រោយមក ក្រសួងការងារ សម្រេចដំឡើងជាឯកតោភាគី ៥ដុល្លារទៀត ឬមានន័យថា ប្រាក់ខែគោលកម្មករបានចំនួន ១០០ដុល្លារ។
ប្រសិនបើពេលនោះសម្រេចដូចការសិក្សាវិញ ទំនងជាពេលនេះកម្មករត្រជាក់ចិត្ត អង្គុយធ្វើការយ៉ាងសុខស្រួល មិនបាច់មកឈរហាលថ្ងៃក្តៅស្រែកតវ៉ា ហើយពេលខ្លះត្រូវរត់គេចពីគ្រាប់កាំភ្លើង ឬដំបងឆក់របស់សមត្ថកិច្ចនោះទេ។
អ្នកសេដ្ឋកិច្ចខ្លះបានរកឃើញថា រោងចក្រកាត់ដេរទាំងអស់អាចសល់ទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ចំណាយលើកម្រៃផ្សេងៗទាក់ទងនឹងការគ្រប់គ្រងការចំណាយប្រតិបត្តិការផលចំណេញ និងការចំណាយលើប្រាក់ខែកម្មករប្រមាណ ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អ្នកវិភាគសង្គមខ្លះគិតថា ការដំឡើងប្រាក់ខែគោលឲ្យកម្មករចំនួន ១៦០ដុល្លារ គឺរដ្ឋាភិបាលអាចធ្វើបានដូចបកចេក។
តាមការសិក្សារបស់អ្នកវិភាគទាំងនោះ គឺរដ្ឋាភិបាលត្រូវបើកចំហចរចាជាមួយអ្នកបញ្ជាទិញឲ្យដំឡើងប្រាក់ទិញមួយចំនួនដល់រោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីអាចទូទាត់ប្រាក់ចំណេញបន្ថែមទៅលើការដំឡើងប្រាក់ខែកម្មករ។ ការចរចាជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា ដើម្បីដោះស្រាយវិបត្តិប្រាក់ឈ្នួលនេះ។ រដ្ឋាភិបាលត្រូវលុបបំបាត់ឲ្យអស់នូវការបង់ថ្លៃក្រៅផ្លូវការ ឬអំពើពុករលួយក្នុងវិស័យនេះ និងអាចចរចាដោយផ្ទាល់ជាមួយកម្មករ ដោយសន្យាដំឡើងប្រាក់ខែតាមដំណាក់កាលរហូតឆ្នាំ២០១៥ សឹមដំឡើងដល់ចំនួនកម្មករត្រូវការ។ ក្រៅពីនេះ ការកាត់បន្ថយថ្លៃអគ្គិសនី ក៏ជាផ្នែកមួយសំខាន់សម្រាប់ម្ចាស់រោងចក្រលៃលកផ្ទេរការចំណាយទាំងនោះ សម្រាប់ដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករបានដែរ។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិការងារ ក៏សិក្សារកឃើញដែរថា អ្នកបញ្ជាទិញភាគច្រើន បានស្វាគមន៍ជានិច្ចចំពោះការបង្កើនប្រាក់បន្ថែមលើការបញ្ជាទិញសម្រាប់ដកយកទៅដំឡើងប្រាក់ឈ្នួលឲ្យកម្មករ។ រីឯខាងសមាគមកាត់ដេរកម្ពុជា វិញ ក៏ធ្លាប់ព្រលយដែរថា ខាងសមាគមនេះនឹងព្រមគ្រប់បែបយ៉ាង ឲ្យតែរដ្ឋាភិបាលដាក់បញ្ជា។
ប៉ុន្តែ សំខាន់ គឺស្ថិតលើរដ្ឋាភិបាលទេ ថាចង់ដំឡើងប្រាក់ខែគោលឲ្យកម្មករដល់ ១៦០ដុល្លារ ឬក៏អត់?
តាមមើលទៅ រដ្ឋាភិបាលទំនងមិនហ៊ានដំឡើងប្រាក់ខែឲ្យកម្មករ ១៦០ដុល្លារទេ ដោយបារម្ភខ្លាចប្រាក់ខែកម្មករខ្ពស់ជាងប្រាក់ខែមន្ត្រីរាជការ។ សព្វថ្ងៃ ទាំងគ្រូបង្រៀន ទាំងមន្ត្រីរាជការ ប៉ូលិស ទាហាន មានសរុបប្រហែល ៤០ម៉ឺននាក់ ហើយចំនួនដ៏លើសលប់នេះអាចធ្វើព្យុះធ្វើភ្លៀង ឈឺក្បាលរកកល់ជ្រុះកៅអីពីរដ្ឋសភាបន្ថែមទៀតនៅអាណត្តិក្រោយ ប្រសិនបើមន្ត្រីរាជការទាំងនោះស្ទុះធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែដែរនោះ។
ឧបសគ្គមួយទៀតដែលរដ្ឋាភិបាលទំនងមិនហ៊ានដំឡើងប្រាក់ខែឲ្យកម្មករដល់ចំនួនទាមទារនេះ គឺខាងគណបក្សសង្គ្រោះជាតិ ធ្លាប់ដាក់គោលនយោបាយផ្តល់ប្រាក់កម្រៃទាបបំផុតដល់កម្មករចំនួន ១៥០ដុល្លារ។ ចំណុចនេះទំនងជារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិបាកនឹងយកមកអនុវត្តណាស់ ទំនងដោយខ្លាចមើលមកមិនសម ដោយគណបក្សចាស់វស្សាដឹកនាំប្រទេសដុះស្លែជាង ៣០ឆ្នាំទៅហើយ បែរជាមកយកគោលនយោបាយគណបក្សប្រឆាំងក្មេងខ្ចី ដែលទើបមានវ័យជាង១ខួបមកអនុវត្តទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។