បទ​វិភាគ៖ តើ​វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំង​ពីរ​នឹង​រឹងមាំ​ដល់​ពេល​ណា?

0:00 / 0:00

ពាក្យ​ថា​វប្បធម៌​សន្ទនា កំពុង​ពេញ​និយម​ដែល​គេ​និយាយ​តៗ​គ្នា ពិសេស​នៅ​តាម​ហាង​កាហ្វេ​ដែល​លើក​អំពី​យុទ្ធវិធី​ថ្មី​របស់​មេ​ដឹក​នាំ​នយោបាយ​គណបក្ស​ទាំង​ពីរ​រវាង លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​ទាំង​ពីរ ធ្លាប់​តែ​តតាំង​ប្រឆាំង​គ្នា​នៅ​លើ​សង្វៀន​នយោបាយ​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ ឥឡូវ​នេះ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ដោយ​យក​វប្បធម៌​សន្ទនា​ជា​ធំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ រហូត​ដល់​មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ទៅ​ចូល​ឆ្នាំ​ថ្មី​ជាមួយ​គ្នា​នៅ​ខេត្ត​សៀមរាប ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត ដោយ​មិន​ប្រកាន់​គ្នា​ដូច​មុន​នោះ​ឡើយ។

តើ​វប្បធម៌​សន្ទនា​នឹង​រឹងមាំ​ដល់​ពេល​ណា?

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្ដាប់​បទ​វិភាគ​របស់ លោក ទីន ហ្សាការីយ៉ា អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

អ្នក​នយោបាយ​ខ្មែរ​តែង​តែ​បែក​បាក់ រួច​ដំឡើង​សាច់​ដុំ​ប្រើ​កម្លាំង​បាយ​ដាក់​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ តែ​ក្រោយ​ពី​ការ​បែរ​ខ្នង​ដាក់​គ្នា អ្នក​នយោបាយ​តែង​តែ​ចរចា​សម្របសម្រួល​គ្នា ឬ​ក៏​ប្រើ​វប្បធម៌​សន្ទនា​នេះ ដើម្បី​ចាប់​ដៃ​គ្នា​ឡើង​វិញ​ដើម្បី​បញ្ចប់​ជម្លោះ។

ការ​ដោះស្រាយ​នយោបាយ​នៅ​ឆ្នាំ​២០១៤ ដែល​ជាប់​គាំង​ជាង​មួយ​ឆ្នាំ​នោះ ក៏​ដោយសារ​តែ​វប្បធម៌​សន្ទនា​នេះ​ដែរ ក៏ប៉ុន្តែ​ក្រោយ​ពី​មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចាប់​ដៃ​គ្នា​ឡើង​វិញ ហើយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចិត្ត​ចូល​សភា​នោះ គឺ​នៅ​បន្ទាប់​ពី​មាន​ការ​បង្ហូរ​ឈាម និង​ការ​ចាប់​ខ្លួន​សកម្មជន និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។

វប្បធម៌​សន្ទនា​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ធូរស្បើយ​ឡើង​វិញ ក៏ប៉ុន្តែ​តាម​មើល​ទៅ វប្បធម៌​សន្ទនា​នឹង​មិន​មាន​អាយុកាល​យូរ​ប៉ុន្មាន​ទេ។ វប្បធម៌​នេះ​នឹង​បែក​បាក់​វិញ​ជា​មិន​ខាន នៅ​ពេល​ខាង​មុខ។

តើ​វប្បធម៌​សន្ទនា​នេះ នឹង​បែក​បាក់​វិញ​នៅ​ពេល​ណា? មុន​នឹង​ឆ្លើយ​សំណួរ​នេះ យើង​ត្រូវ​ក្រឡេក​មើល​ថយ​ក្រោយ​បន្តិច​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា កន្លង​មក ដែល​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ គឺ​គ្មាន​អ្វី​ថ្មី​នោះ​ទេ។ នៅ​ពេល​នោះ វប្បធម៌​សន្ទនា​គេ​ហៅ​ថា​ការ​បង្រួប​បង្រួម​ជាតិ ទោះ​បី​ជា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា វប្បធម៌​សន្ទនា​បច្ចុប្បន្ន​នេះ​គ្មាន​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក៏ដោយ។

មាន​ទឡ្ហីករណ៍​មួយ​ចំនួន​ដែល​ថា វប្បធម៌​សន្ទនា​នៅ​ពេល​នេះ​គ្មាន​អ្វី​ថ្មី និង​ប្លែក​នោះ គឺ​នៅ​មុន​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ចន្លោះ​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​១៩៩១ នោះ អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ បាន​ចរចា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ខ្មែរ​ទាំង​បួន​ភាគី​បញ្ចប់​ជម្លោះ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​នៅ​កម្ពុជា។

ក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៩៨ នៅ​ក្រោយ​ពេល​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​ភាគី​ហ៊្វុនស៊ិនប៉ិច និង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​អាវុធ​វាយ​ប្រហារ​គ្នា និង​ធ្វើ​ឲ្យ​ហ៊្វុនស៊ិនប៉ិច បែក​បាក់​គ្នា។ ទីបំផុត សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និរទេស​ព្រះ​កាយ​ទៅ​ក្រៅ​ប្រទេស។

ដើម្បី​ឲ្យ​មាន​ភាគី​ប្រកួត​ប្រជែង និង​ដើម្បី​ឲ្យ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ យាង​មក​ដឹក​នាំ​ហ៊្វុនស៊ិនប៉ិច ដែល​បែក​បាក់​ឡើង​វិញ គឺ​ព្រះអង្គ​បាន​ចរចា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​យាង​ចូល​មក​ប្រទេស​វិញ​បាន។ ក៏ប៉ុន្តែ អ្វី​ដែល​ជា​ការ​សំខាន់ កាល​នោះ គឺ​គេ​មិន​ប្រើ​ពាក្យ​ថា វប្បធម៌​សន្ទនា​នោះ​ទេ គេ​ប្រើ​ពាក្យ​ថា ចរចា។ ការ​ចរចា ឬ​ការ​សន្ទនា​នេះ មាន​ន័យ​ថា ជា​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។

អ្នក​នយោបាយ​ខ្មែរ​នៅ​គ្រប់​សម័យ​កាល ពិបាក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ថា មាន​ការ​បង្រួប​បង្រួម​ជាតិ ឬ​មាន​សន្តិភាព​នឹង​គ្នា​រយៈពេល​យូរ​ណាស់។ នៅ​មុន​ពេល​បោះឆ្នោត​ឆ្នាំ​២០០៣ មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ដឹកនាំ​គណបក្សហ៊្វុនស៊ិនប៉ិច ចាប់​ផ្ដើម​វាយ​ប្រហារ​ពាក្យ​សម្ដី​គ្នា​ម្ដង​ទៀត វប្បធម៌​សន្ទនា​នេះ​ចាប់​ផ្ដើម​ប្រេះឆា​នឹង​គ្នា​ម្ដង​បន្តិចៗ។

លុះ​ដល់​ពេល​ក្រោយ​បោះឆ្នោត​នៅ​ឆ្នាំ​២០០៣ ដដែល​នោះ ជំងឺ​ជម្លោះ​គ្នា ឬ​ការ​បែក​បាក់ បាន​រើ​មក​ម្ដង​ទៀត។ ស្ថានភាព​នៅ​ពេល​នោះ​កាន់​តែ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន ក៏​ជាប់​គាំង​នយោបាយ​ជាង ១​ឆ្នាំ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ងាក​មក​ចង​សម្ព័ន្ធភាព​នឹង​គណបក្ស សម រង្ស៊ី ដែល​គេ​ដាក់​ឈ្មោះ​ថា សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ។

មិន​យូរ​ប៉ុន្មាន សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ លួច​ចរចា​ជាមួយ លោក ហ៊ុន សែន ស្ងាត់ៗ ក៏​ទាត់​ចោល លោក សម រង្ស៊ី រត់​ទៅ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បែង​ចែក​អំណាច​គ្នា។

វប្បធម៌​សន្ទនា​នេះ តាម​មើល​ទៅ​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល គ្រាន់​តែ​ជា​ការ​បែង​ចែក​អំណាច​គ្នា នៅ​ពេល​ភាគី​ម្ខាង​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​បោះឆ្នោត ហើយ​មាន​ការ​ត​ថ្លៃ​គ្នា​ដើម្បី​ចូល​ធ្វើ​ការ​ជាមួយ​គ្នា​ក៏​ថា​បាន។

ងាក​មក​មើល​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ហាក់​នៅ​ថ្មីៗ​នេះ​វិញ ដែល​ជា​រដូវ​កាល​ប្រកួត​ប្រជែង​ប្រកិត​ប្រកៀក​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។ សន្ទុះ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​កើន​ឡើង​ខ្លាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

មិន​ខុស​គ្នា​ពី​ការ​បោះឆ្នោត​លើក​មុន​នោះ​ឡើយ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​លទ្ធផល​បោះឆ្នោត ដឹក​នាំ​ធ្វើ​បាតុកម្ម និង​ប្រើ​វប្បធម៌​សន្ទនា​នេះ រហូត​ដល់​នាទី​ចុង​ក្រោយ តំណាង​រាស្ត្រ​គណបក្ស​នេះ​សម្រេច​ចិត្ត​ដើរ​ចូល​សភា​នៅ​ឆ្នាំ​២០១៤។ លោក សម រង្ស៊ី បាន​លើក​ឡើង​ភ្លាមៗ​ថា ការ​បញ្ចប់​ជម្លោះ​នយោបាយ​នេះ ដោយសារ​តែ​លោក​គ្មាន​ជម្រើស។ សម្ដី​របស់ លោក សម រង្ស៊ី នេះ អាច​ស​បញ្ជាក់​ថា លោក​ក៏​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ចរចា​នេះ​ប៉ុណ្ណា​ទេ។

លើស​ពី​នេះ​ទៀត វប្បធម៌​សន្ទនា​នេះ តាម​មើល​ទៅ​មិន​ឆ្លុះ​បញ្ចាំង​ពី​សច្ចភាព​ពិត​ប្រាកដ​របស់​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​នេះ​ទាំង​ស្រុង​ទេ។ ការ​ប្រើ​វប្បធម៌​សន្ទនា​នេះ ដើម្បី​ទាញ​យក​ប្រយោជន៍​បក្ស​រៀងៗ​ខ្លួន។ ការ​ទាញ​យក​ប្រយោជន៍​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​បញ្ចប់​ការ​រិះគន់​ពី​ការ​ដឹក​នាំ​ឯក​បក្ស ដែល​ពោរពេញ​ដោយ​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​បាតុកម្ម និង​ការ​ចាប់​ខ្លួន​មនុស្ស​ដាក់​គុក។

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ទទួល​បាន​តួនាទី​ជា​អនុ​ប្រធាន​សភា និង​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋសភា។ ម្យ៉ាង​វិញ​ទៀត គណបក្ស​នេះ​ក៏​ចង់​សម្រេច​គោល​បំណង​របស់​ខ្លួន​ដែរ គឺ​ការ​រៀបចំ​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី។ល។

ក្រៅ​ពី​នេះ​ទៀត យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ធម្មតា​នោះ​ទេ គណបក្ស​នេះ​មាន​បទពិសោធន៍​ជាច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​តែ​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ក្លាយ​ទៅ​ជា​គណបក្ស​ដែល​មាន​ជម្លោះ​ផ្ទៃ​ក្នុង និង​បែក​បាក់​គ្នា​រហូត​ដល់​រលាយ​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នៅ​អាណត្តិ​ទី​៥ នេះ។

ចុះ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ វិញ អាច​ថា​ជា​វប្បធម៌​សន្ទនា​ដើម្បី​បំបែក​បំបាក់​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​ថា​បាន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា វិញ ហាក់​ដូចជា​មិន​ចុះ​សម្រុង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។ លោក ហ៊ុន សែន រិះគន់ លោក កឹម សុខា ជា​បន្តបន្ទាប់ ហើយ​សំណុំ​រឿង​របស់​លោក​នៅ​តុលាការ​ក៏​ត្រូវ​បាន​គេ​សើរើ​ឡើង​វិញ​ដែរ។ រីឯ​សម្ព័ន្ធមិត្ត​របស់​លោក គឺ​លោក សម រង្ស៊ី វិញ បាន​ប្រកៀក​ស្មា លោក ហ៊ុន សែន ដើរ​លេង​ចូល​ឆ្នាំ​ថ្មី​ជាមួយ​គ្នា​នៅ​ខេត្ត​សៀមរាប ដែល​មិន​ធ្លាប់​មាន ហាក់​ដូច​គ្មាន​អ្វី​កើត​ឡើង​ពី​មុន។

ការ​ប្រកៀក​ស្មា​នៅ​ពេល​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​អបអរ​សាទរ ដែល​ឃើញ​គូបដិបក្ខ​ទាំង​ពីរ​ត្រូវរ៉ូវ​គ្នា​បែប​នេះ។ ហើយ​ពេល​នេះ ក៏​ជា​ពេល​មួយ​ដែល​បញ្ជាក់​ថា មាន​ស៊ី មាន​សែន លែង​មាន​ស៊ី អត់​សែន ដែល លោក សម រង្ស៊ី ធ្លាប់​ថ្លែង​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​កាល​ពី​មុន​នោះ​ដែរ។

ផ្ទុយ​ទៅ​វិញ វប្បធម៌​សន្ទនា​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នេះ អាច​ថា គណបក្ស​ប្រជាជន​កម្ពុជា ខ្ចី​ដៃ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អនុម័ត ឬ​ប្រថាប់​ត្រា​ច្បាប់​មួយ​ចំនួន​ទៀត​ដែល​អង្គការ​សង្គម​ស៊ីវិល កំពុង​តែ​សម្ដែង​ការ​ព្រួយ​បារម្ភ រួម​មាន​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត និង​សេចក្ដី​ព្រាង​ច្បាប់​ដទៃ​ទៀត ក្រៅ​ពី​ការ​កែ​ទម្រង់​ច្បាប់​បោះឆ្នោត ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​បាន​ជោគជ័យ​ហើយ​នោះ។

ការ​ចាប់​ដៃ​គ្នា​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​នេះ ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​រដ្ឋាភិបាល​ចម្រុះ​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្ដី ប៉ុន្តែ​ការ​ចាប់​ដៃ​គ្នា​ស្អិតល្មួត​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន មិន​ខុស​ពី​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ជាមួយ លោក ហ៊ុន សែន កាល​ពី​មុន​នោះ​ឡើយ។ សម្ព័ន្ធភាព​នេះ សម្ដេច​ក្រុម​ព្រះ​ធ្លាប់​ទាំង​ទៅ​ចូលរួម​សមាជ​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ផង ក៏ប៉ុន្តែ​នៅ​ទី​បញ្ចប់ សម្ព័ន្ធភាព​នេះ​បាន​បែក​បាក់។ លទ្ធផល​ចុង​ក្រោយ គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ការ​បែក​បាក់​ស្ទើរ​សាប​សូន្យ។ ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច អស់​ថាមពល វប្បធម៌​បង្រួប​បង្រួម​ជាតិ​របស់​គណបក្ស​ទាំង​ពីរ​បាន​រលាយ​ទៅ​តាម​ហ្នឹង​ដែរ។

មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ឡើយ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បែក​បាក់​គ្នា ឬ​ឈ្លោះ​គ្នា​ផ្ទៃ​ក្នុង​កាន់​តែ​ខ្លាំង វប្បធម៌​សន្ទនា​នឹង​រលាយ​ទៅ​វិញ​ដូច​គ្នា។ ម្យ៉ាង​ទៀត បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រឹងមាំ​ផ្ទៃ​ក្នុង​ដដែល​មិន​មាន​ការ​បែក​បាក់ ដោយ​មើល​ឃើញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ឧទាហរណ៍​ស្រាប់​នោះ វប្បធម៌​សន្ទនា​នេះ​នឹង​រលាយ​ដូច​គ្នា។

វប្បធម៌​សន្ទនា​នឹង​រលាយ​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ ព្រោះ​ថា នៅ​ពេល​នោះ បើ​សិន​ជា​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​មិន​មាន​ទស្សនៈ​ផ្ទុយ​គ្នា ឬ​ប្រឆាំង​គ្នា​ទេ មិន​មែន​ជា​គណបក្ស​ពីរ​ផ្សេង​គ្នា​ទេ។ ម្យ៉ាង​ទៀត លោក កឹម សុខា នៅ​ពេល​ចុះ​មូលដ្ឋាន​ម្ដងៗ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​តែ​ប្រកាស​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដដែល​នៅ​ពេល​បោះឆ្នោត។ លោក​ហាក់​ដូចជា​មិន​ខ្វល់​ពី​វប្បធម៌​សន្ទនា​នេះ​ទេ។

ផ្ទុយ​ទៅ​វិញ ទោះ​ជា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អះអាង​ថា ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ និង​មិន​ត្រូវ​ប្រកាន់​គ្នា​ចំពោះ​អ្នក​គាំទ្រ​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា​ក្ដី តែ​ជាក់ស្ដែង​អាច​មិន​ដូច្នោះ​ឡើយ ព្រោះ​ថា នៅ​មាន​បញ្ហា​ជាច្រើន​ដែល​មេ​ដឹក​នាំ​ទាំង​ពីរ​មិន​ទាន់​ដោះស្រាយ។ បញ្ហា​ទាំង​នោះ​រួម​មាន អ្នក​ណា​ក៏​ដឹង​ដែរ​ថា ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ អំពើ​ពុក​រលួយ​នៅ​ស្ថាប័ន​រដ្ឋ​បាន​កើត​មាន​ជា​ប្រព័ន្ធ ការ​កាប់​ព្រៃ​ឈើ និង​ជម្លោះ​ដីធ្លី​នៅ​តែ​កើត​មាន ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រស់នៅ​កម្ពុជា ដោយ​សេរី។ បញ្ហា​ទាំង​នេះ មេ​ដឹក​នាំ​ទាំង​ពីរ​មិន​ទាន់​គិតគូរ​ដោះស្រាយ​នៅ​ឡើយ។

ជា​សរុប​សេចក្ដី​ទៅ វប្បធម៌​សន្ទនា​អាច​ថា​ជា​វប្បធម៌​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ជា​វប្បធម៌​ដើម្បី​បំបែក​បំបាក់​គណបក្ស​ប្រឆាំង មិន​មែន​ជា​វប្បធម៌​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ពិត​ប្រាកដ​នោះ​ឡើយ។ វប្បធម៌​នេះ ប្រឈម​នឹង​រលាយ​ទៅ​វិញ​នៅ​ពេល​ភាគី​ណា​មួយ​បាត់បង់​ផល​ប្រយោជន៍ និង​នៅ​ពេល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។