បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត់​ភ្លើង​នយោបាយ

អ្នក​វិភាគ​ឯករាជ្យ​មាន​ជំនឿ​ទៅ​លើ​តួអង្គ​ព្រះមហាក្សត្រ ក្នុង​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ឬ​ការ​រក​ដំណោះស្រាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​កើត​មាន​នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ថ្ងៃ​ទី២៨ ខែ​កក្កដា។

0:00 / 0:00

ទស្សនៈ​នេះ កើត​មាន​បន្ទាប់​ពី​ជំនួប​រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បរាជ័យ​ជា​ថ្មី​ទៀត។

ក្រោយ​ជំនួប​បិទ​ទ្វារ​រយៈពេល ២​ម៉ោង រវាង​ក្រុម​ការងារ​ថ្នាក់​ក្រោម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បរាជ័យ​ជា​លើក​ទី២ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា រួច​មក អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​យល់​ថា មាន​តែ​តួអង្គ​ព្រះមហាក្សត្រ​ទេ ទើប​ទម្លាយ​ភាព​ទាល់ច្រក​នេះ​បាន។

លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ និង​ជា​សកលវិទ្យាធិការ​សកលវិទ្យាល័យ​ខេមរៈ បាន​ចាត់​ទុក​ជំនួប​ពិភាក្សា​ផ្ដើម​ដោយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រក​ដំណោះស្រាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បាន​ទេ។

លោក សុខ ទូច មាន​ទំនុក​ចិត្ត​មុតមាំ​ទៅ​លើ​តួអង្គ​ព្រះមហាក្សត្រ​ថា​ជា​អ្នក​សម្រប​សម្រួល និង​ដើរ​តួ​សំខាន់​ក្នុង​ការ​សម្រប​សម្រួល​ស្ថានការណ៍​នយោបាយ និង​បញ្ហា​ផ្សេងៗ ដែល​កើត​មាន​ទាំង​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ ថ្ងៃ​ទី២៨ ខែ​កក្កដា។

អ្នក​វិភាគ​រូប​នេះ មើល​ឃើញ​ថា ជំនួប​នានា​ផ្ដើម​ដោយ​មន្ត្រី​ថ្នាក់​ក្រោម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទម្លាយ​ភាព​ទាល់ច្រក​បាន​ទេ ហើយ​ជំនួប​នោះ​ជា​ការ​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍។

ទាក់ទង​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ក៏​បាន​រិះគន់​ជំនួប​ពិភាក្សា​រវាង​មន្ត្រី​ថ្នាក់​ទាប​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថា​មិន​អាច​ដោះស្រាយ​វិវាទ​ធំ​បាន​ទេ។

ត្រង់​ចំណុច​នេះ លោក កែម ឡី យល់​ថា បើ​ជា​ជំនួប​ធ្វើ​ឡើង​ដោយ​មេ​ដឹក​នាំ​កំពូលៗ​របស់​គណបក្ស​ទាំង​ពីរ ទំនាស់ ឬ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដែល​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​ពិនិត្យ​ឡើង​វិញ នឹង​អាច​រក​ដំណោះស្រាយ​បាន​ឆាប់។ លោក កែម ឡី រិះគន់​ការ​បង្កើត​ក្រុម​ការងារ​ថ្នាក់​ទាប រវាង​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ ហើយ​រង់ចាំ​ចម្លើយ​របស់​មេ​ដឹក​នាំ​កំពូល​ថា មិន​អាច​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​បាន​ទេ។

កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ព្រំ សុខា និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ លោក សុន ឆ័យ មាន​មនុស្ស​ម្ខាងៗ​ចំនួន ៥​នាក់ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី២ នៅ​មន្ទីរ​រដ្ឋសភា តែ​ត្រូវ​បរាជ័យ​ដូច​ជំនួប​លើក​ទី១​ដែរ។

យ៉ាង​នេះ​ក្តី លោក ព្រំ សុខា ប្រធាន​ដឹក​នាំ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ជំនួប​លើក​ទី២ រវាង​ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរ​ថា ជា​សញ្ញា​ឈាន​ទៅ​រក​ដំណោះស្រាយ​ជុំវិញ​ការងារ​បោះ​ឆ្នោត​ក្នុង​ពេល​ឆាប់ៗ។ លោក​មាន​ជំនឿ​ថា កិច្ច​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការងារ​បោះ​ឆ្នោត ឬ​បញ្ហា​ផ្សេងៗ អាច​មាន​ដំណោះស្រាយ​ក្នុង​ជំនួប​លើក​ក្រោយ។

ក្រោយ​ជំនួប​បិទ​ទ្វារ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា គណបក្ស​ទាំង​ពីរ​បាន​ចេញ​សេចក្តី​ប្រកាស​រួម មាន​ចុះ​ហត្ថលេខា លោក ព្រំ សុខា និង លោក សុន ឆ័យ។ ប៉ុន្តែ សេចក្តី​ប្រកាស​នោះ​មិន​មាន​ខ្លឹមសារ​ជា​ដុំ​កំភួន​ទេ គឺ​បាន​ត្រឹម​ស្វែង​យល់​ពី​បំណង និង​គោល​គំនិត​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​រាយការណ៍​ខ្លឹមសារ​ជំនួប​ជូន​ថ្នាក់​ដឹក​នាំ​គណបក្ស​រៀងៗ​ខ្លួន ដើម្បី​ពិនិត្យ​លទ្ធភាព​បន្ត​ជួប​លើក​ក្រោយ​ទៀត។

បញ្ហា​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខក​ចិត្ត ដែល​កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​អស់​រយៈពេល ២​ម៉ោង ត្រូវ​បរាជ័យ​ជា​លើក​ទី២ ទៀត។ លោក សុន ឆ័យ ពេល​ផ្តល់​សម្ភាស​ដល់​អ្នក​កាសែត​នៅ​មន្ទីរ​រដ្ឋសភា ហាក់​មិន​បាន​បង្ហាញ​ពន្លឺ​ដែល​ឈាន​ដល់​គណបក្ស​ទាំង​ពីរ​អាច​រក​ដំណោះស្រាយ ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​ត្រូវរ៉ូវ​គ្នា​ទេ។ ជាង​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ក៏​មិន​បាន​កំណត់​ថ្ងៃ​បន្ត​ជួប​ពិភាក្សា​គ្នា លើ​បញ្ហា​បោះ​ឆ្នោត​ខ្វែង​គំនិត​នេះ​នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​ដែរ។

ត្រង់​ចំណុច​នេះ អ្នក​វិភាគ​ឯករាជ្យ​បាន​រិះគន់​ជំនួប​ពិភាក្សា​ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​ថ្នាក់​ក្រោម រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ហើយ​គ្មាន​វត្តមាន​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​បក្ស ថា​មិន​អាច​រក​ដំណោះស្រាយ​ឃើញ​ទេ។

ទោះ​យ៉ាង​ណា មន្ត្រី​គណបក្ស​ទាំង​ពីរ​នៅ​មាន​ក្តី​សង្ឃឹម​ថា ក្រោយ​ជំនួប​ជា​លើក​ទី២ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ នឹង​មាន​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។