ជួនកាលការចាប់ខ្លួនលោក មម៉ សូណង់ដូ កាលពីខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ គ្រាន់តែអាចជាល្បែងនយោបាយ ដើម្បីទប់ស្កាត់កុំឲ្យគោរួចពីរបងរបស់គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ។
សំណួរថា តើលោក ម៉ម សូណង់ដូ អាចត្រូវគេដោះលែងវិញនៅមុនការបោះឆ្នោតសកលខាងមុខនេះដែរឬទេ?
ចម្លើយពិតជាបាន! បើយើងក្រឡេកមើលទៅក្រោយបន្តិច ការជាប់ពន្ធនាគាររបស់លោក ម៉ម សូណង់ដូ មិនមែនជាលើកទីមួយទេ។ កាលពីឆ្នាំ២០០៣ លោកត្រូវបានសមត្ថកិច្ចទីក្រុងភ្នំពេញ ចាប់ខ្លួនម្ដងពីបទផ្សាយព័ត៌មាន ញុះញង់ឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងទូតថៃ។
នៅឆ្នាំ២០០៥ លោកត្រូវបានចាប់ខ្លួនម្ដងទៀតពីបទផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម។ នៅដើមឆ្នាំ២០០៦ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ។ ដូច្នេះការចាប់ខ្លួនលោក សូណង់ដូ កាលពីឆ្នាំ២០១២ នឹងត្រូវដោះលែងវិញនៅពេលឆាប់ៗខាងមុខ មុនការបោះឆ្នោតជាតិនាខែកក្កដា។
ការចាប់ខ្លួនលោក ម៉ម សូណង់ដូ កាលពីខែកក្កដា ឆ្នាំ២០១២ គ្រាន់តែជាល្បិចគោះភ្នំគំរាមខ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ ដើម្បីបង្ហាញថា ប្រសិនបើលោក សម រង្ស៊ី ហ៊ានចូលស្រុកក៏ត្រូវទទួលមេរៀនដូចគ្នានេះដែរ។ ដោយសារលោក ហ៊ុន សែន ពេលនោះក៏អាចសាកល្បងចង់ដឹងផងដែរថា តើលោក ម៉ម សូណង់ដូ មានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិប៉ុណ្ណា។
ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ពេលនោះ មិនមែនលោក ហ៊ុន សែន ខ្លាចលោក ម៉ម សូណង់ដូ ទៅបង្កើតតំបន់អបគមន៍អ្វីនោះទេ។ ទីមួយ លោក ម៉ម សូណង់ដូ ទំនងជាគ្មានអាវុធយុទ្ធភណ្ឌ ទីពីរគ្មានទាំងកម្លាំងទ័ព ហើយក៏គ្មានកម្លាំងអង្គរក្សរាប់ពាន់នាក់ផ្ទាល់ខ្លួននោះដែរ។ ប៉ុន្តែអាចជាកំហឹងរបស់លោក ហ៊ុន សែន ដែលខឹងសម្បាខ្លាំងនៅពេលលោក ម៉ម សូណង់ដូ ទៅសម្ភាសន៍ប្រធានចលនាអំណាចពលរដ្ឋ លោក សួន សេរីរដ្ឋា ដែលប្ដឹងលោក ហ៊ុន សែន ទៅតុលាការយុត្តិធម៌អន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ម្យ៉ាងទៀតអាចជាលេសនយោបាយរបស់លោក ហ៊ុន សែន ទៅវិញទេ ក្នុងការរារាំងលោក ម៉ម សូណង់ដូ ពីការមានពេលវេលាច្រើនក្នុងការហក់ទៅជួយជ្រោមជ្រែងដល់សម្ពន្ធភាពសង្គ្រោះជាតិ ដែលជាសម្ពន្ធភាពរវាងបក្សសិទ្ធិមនុស្ស និងបក្ស សម រង្ស៊ី ទើបបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១២ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ដូច្នេះប្រសិនបើលោក ម៉ម សូណង់ដូ ពិតជាសម្រេចចុះចូលជាមួយសម្ពន្ធភាពសង្គ្រោះជាតិនៅពេលនោះវិញ វាគឺជាការគំរាមកំហែងខ្លាំងមួយដល់បក្សកាន់អំណាច។
ម្យ៉ាងទៀត ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នៅពេលនោះក៏អាចជានុយរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ក្នុងការបញ្ឆោតឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) ឲ្យលុបបំណុលជាង ៤០០លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជា តែងទាមទារជាញឹកញាប់ឲ្យមានការលុបបំណុលនេះ ហើយគ្មានលទ្ធផលនោះ។ ល្បិចបែបនេះប្រហែលជា កម្ពុជាបានចម្លងតាមក្បួនរបស់កូរ៉េខាងជើងក្នុងការគំរាមបាញ់កាំជ្រួចមីស៊ីល ដែលមានចម្ងាយវែងដើម្បីជំរិតយកលុយពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឬជប៉ុនជាដើម។
ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះដែរ អាចជាបង្វែរការចាប់អារម្មណ៍របស់មហាជនដើម្បីកុំឲ្យគិតគូរច្រើនពេកអំពីការរកស៊ីរបស់កម្ពុជា ជាមួយចិន ក្នុងករណីដីសម្បទានសេកកិច្ច សម្បទានរ៉ែ ទំនប់វារីអគ្គិសនី និងការរកស៊ីផ្សេងៗទៀត។
នរណាក៏ដឹងដែរថា ប្រទេសចិន កំពុងស្រូបយកឈើគ្រញូងរាប់សែនម៉ែត្រគីប ដែលមានតម្លៃមហាសាលពីកម្ពុជា ជាច្រើន។ ក្រៅពីឈើគ្រញូង ចិនក៏បានបូមយករ៉ែដែក អាលុយមីញូម និងរ៉ែមាសជាច្រើន ដូចជានៅខេត្តរតនគិរី ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ។ ក្រៅពីរ៉ែលោហធាតុនេះ ក្រុមហ៊ុនចិន ក៏បានទាញយកធ្យូងថ្មថែមទៀតនៅខេត្តឧត្តមានជ័យ។
ម្យ៉ាងវិញទៀតលោក ហ៊ុន សែន ពេលនោះត្រូវតែចាប់ខ្លួនលោក ម៉ម សូណង់ដូ ពីព្រោះលោកក៏មិនចង់ឲ្យសម្ដីដែលលោកបានប្រកាសក្តែងៗទៅហើយ ធ្វើសាបរលាប ហើយលែងមានជំនឿទៀតដល់ក្រុមអ្នកគាំទ្ររបស់លោក។ ប៉ុន្តែការទុកឲ្យលោក ម៉ម សូណង់ដូ ស្ថិតនៅក្នុងពន្ធនាគារយូរពេក អាចធ្វើឲ្យលោក ហ៊ុន សែន ខាតប្រយោជន៍ទៅវិញ។
លោក ហ៊ុន សែន អាច ខូចកេរ្តិ៍ឈ្មោះខ្លាំងក្នុងឆាកអន្តរជាតិ។ ដូចគេធ្លាប់ដឹងហើយ សូម្បីប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ក៏ធ្លាប់បានជជែកផ្ទាល់ជាមួយលោក ហ៊ុន សែន នៅពេលលោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០១២ ហើយទាមទារឲ្យលោក ហ៊ុន សែន ដោះលែងលោក ម៉ម សូណង់ដូ ដែលលោក អូបាម៉ា ចាត់ទុកថា ជាអ្នកទោសនយោបាយ។
មួយវិញទៀត លោក ហ៊ុន សែន ប្រហែលជាបានព្យាកររួចទៅហើយថា គណបក្សប្រជាជនកម្ពុជារបស់លោក នឹងឈ្នះការបោះឆ្នោតនៅពេលខាងមុខនេះទៀត។ ហេតុដូច្នេះការដោះលែងលោក ម៉ម សូណង់ដូ គឺគ្រាន់តែចង់ទុកឲ្យមានពេលវេលាខ្លីមួយ ដើម្បីបង្វិលបរិយាកាសនយោបាយឲ្យមានសភាពស្ងប់ស្ងាត់ និងសន្តិភាពបន្តិចនៅមុនការបោះឆ្នោត។
ដូច្នេះនៅពេលការបោះឆ្នោតបញ្ចប់ទៅ លោកនឹងប្រកាសថា ការឈ្នះឆ្នោតរបស់លោក គឺប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ គ្មានការបំភិតបំភ័យ គ្មានអ្នកទោសនយោបាយ ហើយមានការចូលរួមពីគ្រប់ភាគី។ ដល់ពេលនោះលោក ហ៊ុន សែន ប្រាកដជាប្រកាសថា រដ្ឋាភិបាលរបស់លោកជារដ្ឋាភិបាលស្របច្បាប់។ ចំណែកក្រុមប្រទេសអ្នកផ្ដល់ជំនួយវិញ ដល់ពេលនោះអាចនឹងធូរចិត្តទៅវិញ ហើយបន្តធ្វើការជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន បន្តទៀត។
សម្រាប់ការដោះលែងលោក ម៉ម សូណង់ដូ វិញ គឺស្ថិតនៅលើប្រព័ន្ធតុលាការ ហើយការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ត្រូវគេដឹងឮសឹងគ្រប់គ្នាទៅហើយថា ជាកូនអុកសម្រាប់បញ្ជាលេងល្បែងនយោបាយប៉ុណ្ណោះ។ ដូច្នេះ ពេលនេះលោក ហ៊ុន សែន នឹងអាចប្រើប្រព័ន្ធតុលាការ ដើម្បីដោះលែងលោក ម៉ម សូណង់ដូ ពីព្រោះលោក ហ៊ុន សែន អាចឆ្លើយការពារខ្លួនបានថា ការដោះលែងលោក ម៉ម សូណង់ដូ មិនមែនជាការលូកដៃរបស់បក្សកាន់អំណាចនោះឡើយ។
ពេលនោះ តុលាការអាចដំណើរការដោះលែងលោក ម៉ម សូណង់ដូ ដូចជាការដោះលែងពលរដ្ឋតំបន់បឹងកក់ និងបុរីកីឡា ចំនួន ១៣នាក់ កាលពីឆ្នាំ២០១២ ដែលសាលាឧទ្ធរណ៍បានកាត់ទោសតម្រឹមនៃរយៈពេលដែលពួកគេស្ថិតក្នុងពន្ធនាគារ ហើយបានកាត់ទោសព្យួរសម្រាប់ទោសណាដែលនៅសេសសល់។
សម្រាប់ករណីលោក ម៉ម សូណង់ដូ វិញ ក៏នឹងអាចដើរតាមក្បួននេះដែរ។ សាលាឧទ្ធរណ៍បានប្ដូរបទចោទលោក ម៉ម សូណង់ដូ ពីទោសឧក្រិដ្ឋ ទៅជាទោសមជ្ឈិម ហើយសម្រេចនៅក្រៅឃុំ ឬដោះលែងឲ្យមានសេរីភាពតែម្ដង។ ដូច្នេះលោក ម៉ម សូណង់ដូ នឹងអាចត្រូវបានគេដោះលែង ប៉ុន្តែលោកប្រហែលជាលែងសូវហ៊ានក្អេងក្អាងរិះគន់លោក ហ៊ុន សែន ខ្លាំងៗដូចមុនទៀត៕