បទ​វិភាគ៖ បក្ស​ប្រជាជន​នឹង​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​មួយ​ដែល​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ទល់​បច្ចុប្បន្ន។ បើ​គិត​ចាប់​ពី​មាន​ការ​បោះឆ្នោត​ជា​សកល​ឆ្នាំ​១៩៩៣ មក មាន​ការ​បោះឆ្នោត​ចំនួន ៤​លើក​រួច​មក​ហើយ។ ក្នុង​ការ​បោះឆ្នោត​ទាំង ៤​លើក​នោះ គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​តែ​ម្តង​គត់ គឺ​នៅ​ឆ្នាំ​១៩៩៣។

ការ​បោះឆ្នោត​ក្រោយៗ​មក​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជ័យ​ជំនះ​ជា​បន្តបន្ទាប់ រហូត​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ទទួល​បាន​អាសនៈ​ចំនួន ២​ភាគ​៣ នៅ​ក្នុង​រដ្ឋសភា ដែល​មាន​សមាជិក ១២៣​រូប។ បើ​ពិនិត្យ​មើល​ព្រឹត្តិការណ៍​កន្លង​ទៅ រួម​និង​យន្តការ និង​បរិយាកាស​នៃ​ការ​បោះឆ្នោត​នា​បច្ចុប្បន្ន​នេះ ការ​បោះឆ្នោត​លើក​ទី៥ នៅ​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​មាន​លទ្ធភាព​ទទួល​ជ័យ​ជំនះ​ទៀត។

តើ​កត្តា​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ​ទៀត​បាន?

ការ​ឈ្នះ​នៅ​ក្នុង​ពេល​បោះឆ្នោត​នីមួយៗ វា​មាន​កត្តា​កំណត់​ជាច្រើន ដែល​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​នោះ បាន​ទទួល​ជ័យ​ជំនះ។ ដើម្បី​បាន​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត គណបក្ស​នយោបាយ​ដែល​ចូលរួម ត្រូវ​មាន​ការ​គាំទ្រ​ពី​អ្នក​ចូលរួម​បោះឆ្នោត។ អ្នក​តាមដាន​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​មួយ​ចំនួន បាន​លើក​ឡើង​ថា វិធី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​មាន​វិធី​ខ្លះ​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ ត្រឹមត្រូវ និង​វិធី​ខ្លះ មិន​ត្រឹមត្រូវ​ឡើយ ដោយ​មាន​ការ​ទិញ​ទឹកចិត្ត និង​បំភ័យ​ខ្លះៗ​ផង។

តើ​គណបក្ស​នយោបាយ​ធ្វើ​ដូចម្តេច ដើម្បី​បាន​ទទួល​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត?

ចម្លើយ​លើ​រឿង​នេះ​មាន​ច្រើន ប៉ុន្តែ​នៅ​ពេល​នេះ​សុំ​លើក​យក​តែ​កត្តា​សំខាន់ៗ​មួយ​ចំនួន​ប៉ុណ្ណោះ មក​និយាយ។ នៅ​ក្នុង​ការ​បោះឆ្នោត បើ​គណបក្ស​នយោបាយ​ណា​មួយ​មាន​ធនធាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​អាច​ចំណាយ​លើ​ការ​ឃោសនា និង​ផ្តល់​ជូន​ជា​រង្វាន់​ទាក់ទាញ​បាន​ច្រើន​នោះ គឺ​គណបក្ស​នយោបាយ​នោះ​បាន​ទទួល​ការ​គាំទ្រ​មួយ​ចំណែក​ធំ​ហើយ។ កត្តា​មួយ​ទៀត គឺ​បើ​គណបក្ស​នយោបាយ​ណា​មាន​លទ្ធភាព​ជួល​ប្រព័ន្ធ​ឃោសនា​ផ្សព្វផ្សាយ​អំពី​សកម្មភាព​របស់​ខ្លួន និង​គោល​នយោបាយ​សំខាន់​របស់​ខ្លួន​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន​នោះ ក៏​ជា​ចំណែក​មួយ​ទទួល​ជ័យ​ជំនះ​មួយ​ទៀត​ដែរ។ មាន​កត្តា​មួយ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត បាន​ទទួល​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ដែរ គឺ​ការ​កសាង​សមិទ្ធផល​នានា​ក្នុង​នាម​គណបក្ស​នយោបាយ នៅ​តាម​មូលដ្ឋាន ខេត្ត ខណ្ឌ ស្រុក ភូមិ នានា ដូច​ជា ផ្លូវ​ថ្នល់ សាលា​រៀន ស្ពាន វត្ត​អារាម មន្ទីរពេទ្យ ជីក​ស្រះ​ទឹក ជីក​អណ្តូង និង​សង់​ផ្ទះ​ឲ្យ​ជន​ក្រីក្រ ជាដើម។

ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ការ​មាន​ធនធាន​ទ្រព្យ​សម្បត្តិ​ដើម្បី​ចំណាយ​ក្នុង​ការ​ទាក់ទាញ​រក​សំឡេង​ឆ្នោត​គាំទ្រ គឺ​មាន​ហើយ។ ការ​គ្រប់គ្រង និង​មាន​ឥទ្ធិពល​ជាមួយ​ប្រព័ន្ធ​ឃោសនា​ជាច្រើន ក៏​មាន​ដែរ ដូច​ជា មាន​ទូរទស្សន៍​មួយ​ចំនួន​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រួច​ទៅ​ហើយ ដោយ​មិន​ប្រកាស​ជា​ចំហ តែ​ស្ថានីយ​ទូរទស្សន៍​ដែល​គេ​ដឹង​ថា​មាន​ការ​គាំទ្រ​ជា​ចំហ​នោះ មាន​ដូច​ជា ស្ថានីយ​ទូរទស្សន៍​បាយ័ន ដែល​មាន​កូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង និង​ទូរទស្សន៍​អប្សរា ជាដើម។ ចំពោះ​កាសែត​បោះពុម្ព​ក៏​មាន​ច្រើន វិទ្យុ​ផ្សាយ​សំឡេង​អេហ្វអ៊ឹម (FM Radio) ក៏​មាន​ច្រើន​ដរ។ ចំពោះ​ការ​កសាង​សមិទ្ធផល​នានា​នៅ​តាម​ជនបទ ខេត្ត ខណ្ឌ ស្រុក ភូមិ ក៏​មាន​ដែរ គឺ​គេ​ឃើញ​មាន​សាលា​រៀន ដាក់​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ទៀត។

ក្រៅ​ពី​ចំណុច​ទាំងអស់​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​ជា​យូរ​មក​ហើយ មាន​ការ​គាំទ្រ​ពី​សមាជិក​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ មាន ប៉ូលិស ប៉េអិម ទាហាន ជាច្រើន​នាក់​ថែម​ទៀត រួម​ទាំង​ក្រុម​អ្នក​កំប្លែង​មួយ​ចំនួន​ផង​ដែរ។ ត្រង់​ចំណុច​នេះ គេ​សង្កេត​ឃើញ​ថា មាន​មេ​ទាហាន និង​ប៉ូលិស​ធំៗ​មួយ​ចំនួន ជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​ជា​ចំណុច​មួយ​ដែល​បង្ហាញ​ថា អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ច្រើន ដើម្បី​អនុវត្តន៍​ជាក់ស្តែង​ក្នុង​ជីវភាព​សង្គម​ប្រចាំ​ថ្ងៃ។

នៅ​មាន​ចំណុច​មួយ​ទៀត គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ជា​អ្នក​រៀបចំ​ការ​បោះឆ្នោត និង​កាត់​សេចក្តី​ចំពោះ​ការ​តវ៉ា​នានា ទាក់ទង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត និង​ជា​អ្នក​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​ទៀត​ផង។

បើ​រាប់​តាម​កត្តា​នានា​ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​រួច​ទៅ​ហើយ។ ដូច្នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​លទ្ធភាព​ច្រើន​ណាស់​ក្នុង​ការ​ឈ្នះ​ក្នុង​ពេល​បោះឆ្នោត​នា​ខែ​កក្កដា ខាង​មុខ​នេះ។

នៅ​មាន​កត្តា​មួយ​ទៀត​ដែរ ដែល​អំណោយ​ផល​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ នេះ គឺ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ស្ថិត​នៅ​ក្រៅ​ប្រទេស មិន​អាច​ចូលរួម​ឈរ​ឈ្មោះ និង​ធ្វើ​សកម្មភាព​ស្វែងរក​សំឡេង​ឆ្នោត​គាំទ្រ​បាន។ ការ​ស្ថិត​នៅ​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី ដោយសារ​តុលាការ​កម្ពុជា បាន​កាត់​ទោស​ឲ្យ​រូប​លោក​ជាប់​ពន្ធនាគារ​ជាង ១០​ឆ្នាំ ហើយ​ចោទ​ប្រកាន់​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម បរិហារ​កេរ្តិ៍ បង្ហោះ​ផែនទី​ក្លែងក្លាយ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ប្រទេស​មួយ​ចំនួន ចាត់​ទុក​ថា ជា​រឿង​នយោបាយ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លុប​បទ​ចោទ។

ប៉ុន្តែ ការ​កាន់​កាប់​គ្រប់គ្រង​អំណាច​ក្នុង​រយៈពេល​យូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​បង្ក​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ច្រើន​គួរ​សម​ដែរ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ។

បញ្ហា​ទាំង​នោះ​មាន​ជា​អាទិ៍ ប្រាក់​ខែ​មន្ត្រី​រាជការ​នៅ​មាន​កម្រិត​ទាប អំពើ​ពុក​រលួយ​កើត​មាន​នៅ​ច្រើន​កន្លែង ការ​បង្កើត​បក្ខពួក ប្រើ​អំណាច​ដោយ​រំលោភ​កើត​មាន​គួរ​សម​ដែរ ដោយ​មាន​ពាក្យ​ប្ដឹង​មួយ​ចំនួន​ទាក់ទង​មន្ត្រី ឬ​សាច់ញាតិ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោភ​កាន់​កាប់​ដី​អ្នក​ស្រុក និង​មាន​ការ​កាត់​ក្តី​របស់​ចៅក្រម​តុលាការ​មិន​យុត្តិធម៌ និង​បញ្ហា​ទំនាស់​ព្រំដែន​ជាដើម។

ប៉ុន្តែ រឿង​ទាំង​នេះ​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​បាន​ឡើយ​នៅ​ក្នុង​បរិបទ​សង្គម​កម្ពុជា បច្ចុប្បន្ន​នេះ ពីព្រោះ ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម និង​ការ​ប្រកាន់​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី និង​របប​នយោបាយ​ពហុបក្ស នៅ​តែ​ជា​ចំណុច​លេចធ្លោ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណបក្ស​នយោបាយ​ផ្សេង​ទៀត​គ្មាន គួប​ផ្សំ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​គោរព និង​កាន់​ព្រះពុទ្ធ​សាសនា​ផង​នោះ អ្នក​បោះឆ្នោត​ភាគ​ច្រើន​គេ​នៅ​តែ​ចងចាំ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ជួយ​ពួក​គេ​ឲ្យ​បាន​រួច​ចាក​ផុត​ពី​ការ​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​កាន់​អំណាច​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។

ដូច្នេះ បើ​តាម​មើល​ទៅ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ជា​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ខែ​កក្កដា ខាង​មុខ​នេះ នៅ​កម្ពុជា។ គ្រាន់​តែ​ថា ឈ្នះ​ក្នុង​កម្រិត​ណា គេ​មិន​ទាន់​អាច​ទាយ​ទុក​បាន​នៅ​ឡើយ​ទេ ពីព្រោះ​គណបក្ស​នយោបាយ​មិន​នៅ​ក្នុង​រដ្ឋាភិបាល នៅ​កម្ពុជា បច្ចុប្បន្ន កំពុង​តែ​រួម​គ្នា​ដើម្បី​ស្វែងរក​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ តាម​យុទ្ធវិធី​ផ្ទាល់​របស់​គណបក្ស​ខ្លួន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។