នៅមុនរដូវបោះឆ្នោតម្តងៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងមានប្រសាសន៍រំលឹកដាស់តឿនប្រជាពលរដ្ឋ ថាអោយបោះឆ្នោតអោយលោក និងគណបក្សរបស់លោកទៀត ដើម្បីអោយលោកមានឱកាសនឹងបន្តផ្ដល់សុខសន្តិភាពជូនប្រជាពលរដ្ឋ។ មានពេលខ្លះ លោកថែមទាំងមានប្រសាសន៍ថា កម្ពុជាអាចវឹកវរលែងមានស្ថិរភាពទៀតផងបើអត់ពីលោកទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានកាន់អំណាចជាង ៣០ឆ្នាំ។ ទន្ទឹមនឹងការដឹកនាំប្រទេសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជាមេដឹកនាំគ្រួសារមួយដែលមានបុត្រាបុត្រីចំនួន ៦នាក់។
បើនិយាយអំពីគុណសម្បត្តិ និងសមត្ថភាពក្នុងការដឹកនាំគ្រួសារវិញ លោក ហ៊ុន សែន អាចចាត់ទុកថា ជាបិតាដ៏គំរូមួយរូបដែលពូកែអប់រំបុត្រធីតារបស់លោកអោយខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាដើម្បីអាចមានសមត្ថភាពឈរជើងពីរខ្លួនឯងបាន។ លោកបានផ្ចុងផ្តើមបុត្រាបុត្រីរបស់លោកអោយបានរៀនសូត្រខ្ពង់ខ្ពស់ស្ទើរផុតកំពូល។
លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក បានរៀនចប់ថ្នាក់អនុបណ្ឌិតនៅសាលាយោធាដ៏ល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិក រួចលោកបានទៅបន្តយកថ្នាក់បណ្ឌិតទៀតនៅប្រទេសអង់គ្លេស។ រីឯកូនប្រុសបន្ទាប់ពីរនាក់ទៀត គឺលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត សុទ្ធតែបានទទួលការអប់រំថ្នាក់អនុបណ្ឌិតនៅប្រទេសលោកខាងលិច និងប្រទេសចំរើនជឿនលឿននានា មានប្រទេសបារាំង អាមេរិក និងអូស្ត្រាលី ជាដើម។
បុត្រី ៣រូបទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនចាញ់បងប្អូនប្រុសរបស់គាត់ទាំងបីនាក់ទៀតដែរ។ ម្នាក់ៗសុទ្ធតែមានចំណេះវិជ្ជា មានមុខរបរ និងតួនាទីធំ ដែលមនុស្សភាគច្រើនស្រមៃចង់បាន។ ក្នុងការទុកដាក់គូស្រករវិញ លោក ហ៊ុន សែន ក៏ពិនិត្យជ្រើសរើសយកកូនប្រសាចេញពីពូជអំបូរអ្នកមានឋានៈក្នុងសង្គមខ្ពង់ខ្ពស់ណាស់ មិនមែនអោយទៅយកកូនអ្នកក្រីក្រស្រុកស្រែចម្ការនោះទេ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់ សុទ្ធតែជាការខំធានាអោយបានថា កូនចៅរបស់លោកមានលំនឹងទៅថ្ងៃអនាគត។
ទោះជាផ្ចុងផ្ដើមបុត្រាបុត្រីអោយមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិ មានអំណាចបង្គួរហើយក្ដី នៅពេលដែលលោកមានវ័យកាន់តែជ្រេនេះ លោកបានចាប់ផ្ដើមស្វែងរកអំណាចធំជាងនេះដល់កូនរបស់លោក ទាំងកូនប្រសា និងកូនបង្កើត។ លោក ហ៊ុន ម៉ានី កូនប្រុសបង្កើតរបស់លោកនឹងឈរឈ្មោះតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯលោក ឌី វិជ្ជា កូនប្រុសរបស់លោក ហុក ឡង់ឌី និងជាកូនប្រសារបស់លោក ហ៊ុន សែន នឹងឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅក្នុងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនេះ។
ជាការពិតណាស់ កូនចៅទាំងឡាយរបស់លោក ហ៊ុន សែន ប្រសិនបើអត់ពីលោកទៅ ក៏ពួកគេមានសមត្ថភាពគ្រប់គ្រាន់ មានស្ថិរភាព និងលំនឹងក្នុងជីវិតក្នុងការរស់នៅបានដោយខ្លួនឯង។ ទាំងអស់នេះសុទ្ធតែបានពីការខិតខំយ៉ាងអស់សមត្ថភាពរបស់ឪពុក។
តើយុវជនណាដែលមិនស្រមៃចង់បានឪពុកដែលចេះទំនុកបម្រុងកូនចៅអោយមានស្ថិរភាព និងឯករាជ្យក្នុងជីវិតដូចលោក ហ៊ុន សែន នោះ? យុវជនខ្លះ ទោះជាមិនមានសំណាងបានកើតជាកូនលោក ហ៊ុន សែន ក៏ដោយចុះ គ្រាន់តែបានលោកចែកអាវទាហានអោយដើរទៅវាស់ដីដែលសល់ពីចិនវិនិយោគ រាប់ថាមានវាសនាខ្ពស់ណាស់ទៅហើយ។
បើនិយាយពីគុណសម្បត្តិ និងសមត្ថភាពក្នុងការដឹកនាំប្រទេសវិញ លោក ហ៊ុន សែន ក៏ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថា ជាបុរសខ្លាំងមួយរូបនៅលើពិភពលោកនេះ។ ក្នុងការបោះឆ្នោតបីអាណត្តិកន្លងទៅនេះ លោកឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីរហូត។ បើទុកជាលោកចាញ់ឆ្នោតកាលពីអាណត្តិទីមួយក្ដី ក៏លោកនៅតែបានតំណែងជានាយករដ្ឋមន្ត្រីទីពីរ រួចបណ្ដេញនាយករដ្ឋមន្ត្រីទីមួយដែលឈ្នះឆ្នោតចេញពីតំណែងបានដែរ។
ការសិក្សាស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិក ក្រោមចំណងជើងថា «កម្ពុជា ការសម្របសម្រួលឬអស្ថិរភាព» រកឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសដោយយកតាមប្រព័ន្ធមួយដែលគេអោយឈ្មោះថា ទំនាក់ទំនងរវាងអ្នកឧបត្ថម្ភ និងអ្នកពឹងពាក់ ឬជាភាសាអង់គ្លេសថា Patron-Client Relationship។
ប្រព័ន្ធដឹកនាំនេះមានន័យថា អ្នកកាន់អំណាចដើរតួជាអ្នកឧបត្ថម្ភទៅលើអ្នកដែលស្វែងរកប្រយោជន៍។ ប្រយោជន៍ទាំងនេះរួមមាន អំណាច បុណ្យស័ក្ត ឬគោរមងារផ្សេងៗ ឱកាសការងារ ប្រាក់កាស ឬទ្រព្យសម្ភារៈជាដើម។ អ្នកដែលបានប្រយោជន៍ពីការឧបត្ថម្ភទាំងនេះ ត្រូវតែស្មោះស្ម័គ្រនឹងអ្នកឧបត្ថម្ភវិញ។ ស្មោះស្ម័គ្រកាន់តែខ្លាំង ទទួលផលប្រយោជន៍កាន់តែច្រើន។ ឯកសារបញ្ជាក់ថា គឺដោយការដឹកនាំតាមប្រព័ន្ធនេះហើយ បានជាគណបក្សប្រជាជនកម្ពុជា អាចដាក់ការត្រួតត្រាទៅលើបុគ្គល និងស្ថាប័នជាតិទាំងមូលបាន ដោយមិនអាចអោយមានឯករាជ្យឈរដោយខ្លួនឯងបាន។
ខុសពីការដឹកនាំគ្រួសារកូនចៅខ្លួនអោយរឹងមាំ ស្ថាប័នសំខាន់ទាំងអស់នៅក្នុងប្រទេស មានស្ថាប័នតុលាការ យោធា នគរបាល ជាដើម ត្រូវសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជាស្ថាប័នដែលមិនឯករាជ្យ ហើយចាំបាច់ត្រូវតែពឹងផ្អែកទៅលើលោក ហ៊ុន សែន ទាំងអស់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវតែជាស្ថាប័នឯករាជ្យ ក៏គេឯងតែងចោទថា ជាឧបករណ៍របស់លោក ហ៊ុន សែន ដែរ។
មិនមែនតែស្ថាប័នជាតិធំៗ សូម្បីតែការអភិវឌ្ឍនៅតាមទីជនបទនានា ក៏ត្រូវតែពឹងផ្អែកទៅលើលោក ហ៊ុន សែន ទាំងស្រុង។ ទីដែលលោក ហ៊ុន សែន បានទៅដល់ បើសុំសាលាមួយខ្នង ជួនកាលលោកផ្ដល់ជូនពីរ សុំប្រឡាយទឹកមួយខ្សែ លោកបន្ថែមជូនមួយខ្សែទៀតលើសសំណូមពរ។ ជាមួយនឹងទឹកចិត្តសប្បុរសនេះ លោកតែងអំពាវនាវថា ត្រូវបោះឆ្នោតជូនគាត់ទើបបានទទួលសាលារៀន ឬប្រឡាយទឹកសម្រាប់ធ្វើស្រែនេះទៀត។
ប្រហែលជាលោក ហ៊ុន សែន ទទួលស្គាល់ថា អ្វីៗទាំងអស់មិនឯករាជ្យ ហើយត្រូវពឹងតែផ្អែកលើលោកហើយ បានជាលោកតែងតែពោលថា អត់ពីលោកទៅស្រុកទេសអាចមិនមានស្ថិរភាពបាននោះ។
ប្រសិនបើអ្វីដែលលោក ហ៊ុន សែន មានប្រសាសន៍នោះ ជាការពិតមែន លោកប្រហែលជាយកចិត្តទុកដាក់ក្នុងការពង្រឹងក្រុមគ្រួសាររបស់លោក ជាងការដឹកនាំប្រទេសជាតិអោយរឹងមាំ ដោយមិនចាំបាច់ពឹងផ្អែកទៅលើរូបលោកតែម្នាក់ឯងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។