តើយុត្តិធម៌នៅឯណា ហើយថា តើយុត្តិធម៌ជាអ្វីបានជាមនុស្សត្រូវការខ្លាំងម្ល៉េះ?
មានករណីច្រើនណាស់ដែលក្រុមអ្នកមានអំណាច និងក្រុមមេដឹកនាំលើពិភពលោក បានប្រព្រឹត្តអំពើអមនុស្សធម៌ និងអំពើអយុត្តិធម៌ទៅលើពលរដ្ឋស្លូតត្រង់ទៅលើក្រុមដែលមានទស្សនៈផ្ទុយពីខ្លួន ទៅលើក្រុមដែលហ៊ានតវ៉ា ហើយក្រោយមកត្រូវបានតុលាការកាត់ទោសវិញម្ដង។
ជាក់ស្ដែងដូចជាលោក សាដាម ហ៊ូសេន (Saddam Hussein) អតីតប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ (Iraq) កាលពីខែវិច្ឆិកា ឆ្នាំ២០០៦ ត្រូវបានតុលាការនៃប្រទេសនេះកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ពេលនោះលោក សាដាម ហ៊ូសេន និយាយថា ការកាត់ទោសរបស់លោកជាការកាត់ទោសដោយអយុត្តិធម៌ ហើយបានប្ដឹងសាលាឧទ្ធរណ៍លើករណីនេះ ប៉ុន្តែត្រូវបានតុលាការបដិសេធ។
ចំណែកមេដឹកនាំផ្ដាច់ការរបស់ប្រទេសលីប៊ី (Libya) ដ៏ល្បីល្បាញដែលគេស្គាល់ថា ជាស្ដេចលើស្ដេចនៃតំបន់អាហ្វ្រិក លោក ម៊ូម៉ា ហ្កាដាហ្វី (Muammar Gaddafi) បាននិយាយពាក្យចុងក្រោយមុនពេលគេបាញ់សម្លាប់ក្នុងឆ្នាំ២០១១ ថា សូមទុកជីវិតឲ្យខ្ញុំផង ហើយថា តើខ្ញុំបានធ្វើអីខុស?
លោក ហ្កាដាហ្វី ឡើងក្ដោបក្ដាប់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ១៩៦៩។ លោកបានសម្លាប់ជីវិតមនុស្សដែលហ៊ានរិះគន់និងប្រឆាំងនឹងលោកតាមរយៈការព្យួរកនៅទីសាធារណៈ ឬបាញ់ចោលតែម្តង។ ក្នុងរបបដឹកនាំរបស់លោក លោកបានសម្លាប់អ្នកទោសនយោបាយចំនួន ១.២០០នាក់។
ងាកមកប្រទេសកម្ពុជាវិញ ជាក់ស្ដែងគឺករណីលោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញ ដែលល្បីល្បាញខាងសម្ដីផ្អែម សម្លាប់មនុស្សឆៅនោះ បានស្រែកតវ៉ាថា ការកាត់ក្តីលើរូបលោកដោយតុលាការក្រុងភ្នំពេញ កាលពីឆ្នាំ២០០៦ ពីបទចាប់ជំរិតនិងសម្លាប់មនុស្សនោះ ថាជាការកាត់ក្ដីដោយអយុត្តិធម៌។
ជាងនេះទៅទៀត មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនក្នុងពេលថ្មីៗនេះ ក៏ចេះប្រើពាក្យថា "អយុត្តិធម៌" ដែរ ពេលមានការដោះដូរតំណែងដែលអាចប្រព្រឹត្តអំពើពុករលួយបាន ដែលភាសាសាមញ្ញហៅថា «កន្លែងខ្លាញ់» នោះ មកកាន់តំណែងដែលមិនអាចរកចំណូលបានដោយអំពើសូកប៉ាន់។ នៅពេលនេះក្រុមមន្ត្រីជាន់ខ្ពស់ទាំងនោះ ក៏ចេះនឹកឃើញ និងទាមទាររកពាក្យថាយុត្តិធម៌ដែរ។
អ្នកឃ្លាំមើលជាច្រើនសង្កេតឃើញថា ពាក្យយុត្តិធម៌ហាក់លែងសូវមានន័យទៀតហើយ នៅពេលមេដឹកនាំនៃប្រទេសមួយ ឬក្រុមមួយដែលមានអំណាចហួសព្រំដែន អមដោយការត្រេកត្រអាល ស្រមៃហួសថា ប្រទេស ឬក្រុមនោះ ឬតួនាទីនោះជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន។ ម្យ៉ាងទៀតពាក្យថា "យុត្តិធម៌" ហាក់មិនមានប្រជាប្រិយភាពទេក្នុងប្រទេសដែលមានមេដឹកនាំត្រួតត្រាលើបណ្ដុំអំណាចធំរបស់រដ្ឋទាំងអស់ ដូចជារដ្ឋសភា ព្រឹទ្ធសភា តុលាការ យោធា និងនគរបាល។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បាននិយាយនៅតាមទីសាធារណៈថា យុត្តិធម៌ក្នុងសង្គមអាចមានទៅបានលុះត្រាតែមានលុយ ពីព្រោះកាលណាមានលុយ គេអាចជួលមេធាវីពូកែៗឲ្យជួយការពារក្ដីដើម្បីរកយុត្តិធម៌។
អ្នកវិភាគជាច្រើនដែលមាននិន្នាការទៅរកលោកសេរី ចាត់ទុកទស្សនៈរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា រូបនោះ ថាជាទស្សនៈមួយដែលអន់ថយ ហើយកំពុងពុលវក់វីក្នុងសង្គមមួយដែលគ្មានច្បាប់ ក្នុងសង្គមមួយដែលញាំញីទៅដោយអំពើពុករលួយជាប្រព័ន្ធ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម និងក្នុងសង្គមមួយដែលតុលាការគ្រាន់តែជាកូនអុករបស់មេដឹកនាំ ទុកគ្រាន់តែគំរាមជនស្លូតត្រង់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លុយមិនប្រាកដថារកយុត្តិធម៌បាននោះទេ ប្រសិនបើតុលាការនៃប្រទេសមួយមានឯករាជភាពច្បាស់លាស់។
បើក្រឡេកមកមើលការដឹកនាំបែបប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកវិញ រហូតមកទល់ពេលនេះមានមេប៉ូលិស អភិបាលរដ្ឋ អភិបាលក្រុងក្នុងប្រទេសមហាអំណាចមួយនេះ បានធ្លាក់ពីតំណែងច្រើនសឹងរាប់មិនអស់ទៅហើយ ដោយសារតែជាប់ពាក់ព័ន្ធនឹងការរំលោភអំណាច អំពើពុករលួយ ការបើកបរដែលមានជាតិស្រវឹង និងរឿងអាស្រូវខាងផ្លូវភេទជាដើម។
ជាក់ស្ដែងដូចជាករណីអភិបាលក្រុងញីវយ៉ក (New York) លោក អេលីយើ ស្ពីហ្សឺរ៍ (Eliot Spitzer) បានលាចេញពីតំណែងភ្លាមៗក្នុងឆ្នាំ២០០៨ ក្រោយពីត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវខាងផ្លូវភេទ។ ចំណែកលោក ដេវីដ ផាត្រើស (David Patraeus) ឧត្ដមសេនីយ៍ផ្កាយបួនខាងផ្នែកចារកម្មយោធារបស់អាមេរិក កាលពីឆ្នាំ២០១២ បានលាឈប់ពីតំណែងរបស់លោកក្នុងករណីស្រដៀងគ្នានេះដែរ។
ដូច្នេះពាក្យថា "យុត្តិធម៌" គឺអាស្រ័យទៅលើច្បាប់ និងកាតព្វកិច្ចនយោបាយរបស់មេដឹកនាំដែលខំប្រឹងស្វែងរកសច្ចភាព ការពិត និងភាពត្រឹមត្រូវជូនសង្គម។
ប្រសិនបើមេដឹកនាំនៃប្រទេសមួយគ្រាន់តែបង្កើតច្បាប់ទុកគ្រាន់តែបំពេញអំណាចផ្ទាល់ខ្លួនដើម្បីធ្វើជាឧបករណ៍ បំបាក់ស្មារតីក្រុមអ្នករិះគន់ នោះពាក្យថា "យុត្តិធម៌" ក្នុងបរិបទបែបនេះ ទំនងជាខ្លាចលែងហ៊ានអើតមុខក្នុងសង្គម ដោយសារនិទណ្ឌភាពជាអ្នករុញច្រានយុត្តិធម៌ចូលទៅក្នុងជ្រោះនៃការរំលោភអំណាចដ៏សែនជ្រៅ។
ការរកយុត្តិធម៌គឺជាការរកការពិត គឺជាបែងចែករវាងខុសនិងត្រូវ រវាងសនិងខ្មៅ រវាងអាក្រក់ ឬល្អ។ ដូច្នេះយុត្តិធម៌និងការពិត គឺត្រូវធ្វើដំណើរជាមួយគ្នាដែលមិនអាចខ្វះបាន។ ប៉ុន្តែពាក្យថាការពិតនេះ គឺជាសត្រូវដ៏ធំបំផុតរបស់រដ្ឋាភិបាល។
អ្នកប្រាជ្ញជាច្រើននិយាយថា ដើម្បីឲ្យសង្គមមួយរស់នៅប្រកបដោយសុខដុមរមនា មានយុត្តិធម៌ និងការគោរពសិទ្ធិគ្នាទៅវិញ និងទៅបានលុះត្រាសង្គមនោះមានច្បាប់ទម្លាប់ត្រឹមត្រូវ មានប្រព័ន្ធយុត្តិធម៌ដ៏ឯករាជ្យ និងមានតុល្យភាពអំណាចច្បាស់លាស់ គឺអំណាចទាំងបី ដូចជាអំណាចនីតិប្បញ្ញត្តិ ប្រតិបត្តិ និងតុលាការត្រូវនៅដាច់ពីគ្នា។ ជាងនេះទៅទៀត ត្រូវមានការកំណត់អាណត្តិរបស់មេដឹកនាំឲ្យបានជាក់លាក់ ដើម្បីទប់ស្កាត់ការកាន់អំណាចប្រកបដោយភាពផ្តាច់ការ។
ប្រសិនបើយើងងាកទៅក្រោយមើលប្រវត្តិសាស្ត្រវិញបន្តិច ក្រុមមេដឹកនាំមួយចំនួនក្នុងទ្វីបអឺរ៉ុប ក្រោយពីសង្គ្រាមបញ្ចប់ទៅ អ្វីដែលសំខាន់ចំពោះការបង្កើតច្បាប់ ហើយបន្ទាប់បង្កើតប្រព័ន្ធតុលាការឯករាជ្យសម្រាប់ជាក្តីរំពឹងរបស់ពលរដ្ឋ។
ចំណែកបរិបទកម្ពុជាវិញ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ច្បាប់សំខាន់ៗ ដើម្បីដំណើរការប្រព័ន្ធតុលាការប្រកបដោយភាពឯករាជភាព ដូចជាច្បាប់ស្ដីពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីដំណើរការប្រព្រឹត្តទៅនៃអង្គតុលាការ នៅតែមិនអាចបង្កើតឡើងបាននៅឡើយ។
ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិវាយតម្លៃថា ប្រសិនបើច្បាប់ការពារអព្យាក្រឹតភាព និងឯករាជភាពរបស់តុលាការនៅតែអវត្តមាន ហើយមន្ត្រីតុលាការភាគច្រើនសុទ្ធសឹងតែជាសមាជិករបស់បក្សកាន់អំណាច នៅតែមានឥទ្ធិពលក្នុងកិច្ចការខាងផ្នែកយុត្តិធម៌ដដែល នោះយុត្តិធម៌ពិតប្រាកដនៅកម្ពុជា គ្រាន់តែជាសុបិនប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។