ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមជាច្រើនសម័យកាល រួមទាំងសង្គ្រាមស៊ីវិលផង។ ពាក្យថា "សង្គ្រាម" ប្រជាពលរដ្ឋខ្មែរជាទូទៅខ្លាចរអា និងមិនចង់ឲ្យសង្គ្រាមវិលត្រឡប់មកវិញឡើយ។ ក៏ប៉ុន្តែពាក្យថា "សង្គ្រាម" នេះ បែរជាមេដឹកនាំគណបក្សកាន់អំណាចតែងតែថ្លែងនៅក្នុងវេទិកាសាធារណៈរំឭកអំពីសង្គ្រាមម្ដងហើយម្ដងទៀតទៅវិញ។
តើកត្តាអ្វីដែលជំរុញឲ្យមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តែងតែថ្លែងអំពីសង្គ្រាមនៅមុនពេលបោះឆ្នោតដូច្នេះទៅវិញ?
ពាក្យថា "សង្គ្រាម" ជាសារនយោបាយមួយកំពុងតែពេញនិយមសម្រាប់គណបក្សកាន់អំណាចយកមកប្រើប្រាស់ ពិសេសគឺថ្លែងថា បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ប្រទេសកម្ពុជា នឹងមានសង្គ្រាម ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអំពីសង្គ្រាមនឹងកើតឡើងម្ដងហើយម្ដងទៀត បើសិនជាគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត។ ក្រៅពីពាក្យ "សង្គ្រាម" ក៏នៅមានពាក្យ "បដិវត្តន៍ពណ៌" ជារឿងដ៏រសើបមួយនាពេលបច្ចុប្បន្នដែរ ដែលមន្ត្រីរដ្ឋាភិបាលតែងតែលើកពីការទប់ស្កាត់ បង្ក្រាប និងធ្លាប់ចាប់អ្នកដែលអំពាវនាវធ្វើបដិវត្តន៍ដាក់គុកថែមទៀត។
ជាការពិតទៅ ប្រហែលជាប្រជាពលរដ្ឋនៅមានការតក់ស្លុត ឬភ័យខ្លាចអំពីសង្គ្រាមនេះ ក៏ប៉ុន្តែនៅសម័យសតវត្សទី២១ នេះ អ្វីៗខុសពី ៤០ឆ្នាំមុន ពីព្រោះថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែអួតអាងអំពីសមិទ្ធផលដែលលោកខំកសាងឡើង ពិសេសទៅទៀត ក្រុមឧកញ៉ា កូនចៅសែស្រឡាយរបស់លោក បានកសាងអគារពាណិជ្ជកម្មធំៗនៅក្នុងរាជធានីភ្នំពេញ ក្លឹបកម្សាន្ត និងក្រុមហ៊ុនអាជីវកម្មនានារាប់មិនអស់ និងផ្សេងៗទៀត។ បញ្ហាទាំងអស់នេះ តើរដ្ឋាភិបាលពិតជាចង់ឲ្យមានសង្គ្រាម ឬមិនភ័យខ្លាចអំពីសង្គ្រាម?
ម្យ៉ាងវិញទៀត បញ្ហាសង្គមកើតមានជាហូរហែ រដ្ឋបាលគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចដោះស្រាយបាន ពិសេសទៅទៀតនោះ ប្រជាពលរដ្ឋជាច្រើនខកចិត្តនឹងរដ្ឋាភិបាលទៅលើគម្រោងអភិវឌ្ឍន៍តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនវិនិយោគដាំដើមកៅស៊ូ ការរាវរុករករ៉ែ ការកាប់បំផ្លាញព្រៃឈើ ប្រព័ន្ធតុលាការមិនមែនជាកន្លែងកាត់សេចក្ដីឈរលើគោលការណ៍ឯករាជ្យ ឥតលម្អៀង និងផ្សេងៗទៀត។
ផ្ទុយទៅវិញ ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសាររងទុក្ខទឹកភ្នែកដោយសារតែការអភិវឌ្ឍនេះ។ ប្រព័ន្ធដោះស្រាយទំនាស់មិនសូវមានប្រសិទ្ធភាព ពិសេសតុលាការដែលគេរកឃើញថា តុលាការមិនឯករាជ្យ និងមិនមែនជាទីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ ចលនាងើបតវ៉ាប្រឆាំងក្រុមឈ្មួញ និងអាជ្ញាធររដ្ឋាភិបាលងើបឡើងផុសផុល ពិសេសនៅឆ្នាំ២០១៣ ដែលជាឆ្នាំបោះឆ្នោតអាណត្តិទី៥។ ការតវ៉ាធ្វើបាតុកម្ម បានរីករាលដាលដល់កម្មកររោងចក្រ រហូតដល់ប្រឈមមុខដាក់គ្នារវាងកម្មករប្រើដុំថ្ម តតាំងនឹងសមត្ថកិច្ចប្រើអាវុធបាញ់ប្រហារទៅលើកម្មករ ធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសនៅផ្លូវវ៉េងស្រេង កាលពីឆ្នាំ២០១៤។
បញ្ហាអយុត្តិធម៌សង្គមជាច្រើនបានកើតឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គួបផ្សំនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើប ពិសេសប្រព័ន្ធសង្គមហ្វេសប៊ុក (facebook) បានធ្វើឲ្យប្រជាពលរដ្ឋនៅតាមទីជនបទ និងទីក្រុងមួយចំនួន បានទទួលព័ត៌មាន និងយល់ដឹងពីបញ្ហាសង្គមបានច្រើន។ ឆ្នាំ២០១៣ ជាឆ្នាំដែលគណបក្សប្រជាជនកម្ពុជា បានវាស់វែងនូវអ្នកគាំទ្ររបស់ខ្លួន ដែលគណបក្សនេះបានបាត់សំឡេងគាំទ្រជាង ២០អាសនៈ ដែលនឹកស្មានមិនដល់។ ក្រៅពីនេះទៀត ការធ្វើបាតុកម្មរបស់ក្រុមកម្មករ និងក្រុមប្រឆាំងលទ្ធផលបោះឆ្នោត បានកើតឡើងស្របពេលគ្នា។

កម្លាំងបក្សប្រឆាំង បានបញ្ចេញសាច់ដុំនៅពេលជាប់គាំងនយោបាយក្រោយបោះឆ្នោតឆ្នាំ២០១៣ គឺជាកត្តាវាស់វែងដ៏សំខាន់មួយរបស់រដ្ឋាភិបាល ដែលជំរុញឲ្យរដ្ឋាភិបាលធ្វើការទប់ស្កាត់គ្រប់ច្រកល្ហក មិនថាក្រុមរងគ្រោះដីធ្លី ឬក្រុមបក្សប្រឆាំងនោះឡើយ រដ្ឋាភិបាលត្រូវតែទប់ស្កាត់ជាមុន ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌ និងសណ្ដាប់ធ្នាប់សាធារណៈ។
ក្រៅពីនេះទៀត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ថែមទាំងចោទប្រកាន់ស្ថានទូតសហរដ្ឋអាមេរិក និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថាជាអ្នកនៅពីក្រោយអ្នកធ្វើបដិវត្តន៍ពណ៌ថែមទៀតផង។
ទោះបីជារដ្ឋាភិបាលបានធ្វើកំណែទម្រង់ និងផ្លាស់ប្ដូររដ្ឋមន្ត្រីនៅតាមក្រសួងមួយចំនួនក្ដី ដូចជាក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម ប៉ុន្តែកំណែទម្រង់នេះហាក់ដូចជាមិនមានប្រសិទ្ធភាពនោះឡើយ ដោយហេតុថា ការកាប់បំផ្លាញព្រៃឈើ និងការរំលោភដីធ្លីនៅតែកើតមាន។ ជាងនេះទៅទៀត អំពើយុត្តិធម៌សង្គមនៅតែជាបញ្ហាចម្បងដែលពលរដ្ឋស្ទើរតែរាល់ថ្ងៃ ខែ ឡើងមកសុំអន្តរាគមន៍នៅតាមក្រសួងពាក់ព័ន្ធមួយចំនួន ទាមទារយុត្តិធម៌រឿងជម្លោះដីធ្លី។ល។
អ្នកខ្លះទៀតនាំគ្នាលើកបដាស្រែកទាមទារនៅមុខសាលាដំបូងរាជធានីភ្នំពេញក៏មាន ដោយសារតែរដ្ឋាភិបាលមានវិធានការខ្លាំងក្លាចាប់មនុស្សដាក់គុកមិនរើសមុខ មានសកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង សមាជិករដ្ឋសភា ព្រឹទ្ធសភា ជាដើម ក្រោមហេតុផលអនុវត្តច្បាប់ និងសណ្ដាប់ធ្នាប់សាធារណៈ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International )ចេញរបាយការណ៍នៅថ្ងៃទី៣០ ឧសភា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍ដើម្បីគាបសង្កត់បក្សប្រឆាំង និងអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល។ របាយការណ៍កម្រាស់ ៤០ទំព័រមានចំណងជើងថា "តុលាការនៃភាពអយុត្តិធម៌" ការបង្ក្រាប ភាពសកម្មតាមរយៈប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌក្នុងប្រទេសកម្ពុជា អង្គការលើកលែងទោសអន្តរជាតិ រៀបរាប់ពីការប្រើប្រាស់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់គំនាបទៅលើសកម្មជនដីធ្លីតំបន់បឹងកក់ មន្ត្រី និងសកម្មជនបក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្ស សមាគមអាដហុក (ADHOC) និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ព្រមទាំងការប្រើប្រាស់តុលាការកាត់ទោសតំណាងសហជីព ដែលត្រូវបានចាប់ខ្លួនក្រោយការបង្ក្រាបរបស់សមត្ថកិច្ចនៅក្បែរបញ្ជាការដ្ឋានទ័ពអាកាសឆត្រយោង៩១១ ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីដើមឆ្នាំ២០១៤។
អង្គការលើកលែងទោសអន្តរជាតិរកឃើញថា ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ មក មានមន្ត្រី សកម្មជនបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៧នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ខណៈអ្នកផ្សេងទៀតកំពុងប្រឈមនឹងផ្លូវច្បាប់។ អង្គការលើកលែងទោសអន្តរជាតិ លើកឡើងថា អ្នកទាំងអស់នេះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដោយសារតែនិន្នាការនយោបាយ និងសកម្មភាពការពារសិទ្ធិមនុស្ស។ អង្គការនេះក៏រកឃើញដែរថា សិទ្ធិសេរីភាពរបស់អ្នកទាំងអស់នេះ ជាពិសេសសេរីភាពរួចផុតពីការឃុំខ្លួនតាមទំនើងចិត្ត និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ជាដើម ក៏ត្រូវបានគេរំលោភបំពាន។
ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលប្រហែលជាភ័យខ្លាចស្រមោលខ្លួនឯងទៅវិញទេ ពីព្រោះថារដ្ឋាភិបាលមើលឃើញគំរូពីប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាលមើលឃើញក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥-១៩៧៩ អំណាចឃោរឃៅ និងការកាប់សម្លាប់ឥតត្រាប្រណីរបស់អង្គការ ធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសភ័យខ្លាច និងតក់ស្លុតគ្រប់ៗគ្នា។ ក៏ប៉ុន្តែរបបផ្ដាច់ការនេះគ្មាននរណានឹកស្មានដល់អំពីការដួលរលំមកដល់ ដូចសុភាសិតខ្មែរបានពោលថា "ទីណាមានការជិះជាន់ ទីនោះមានការតស៊ូរើបម្រះ"។ សុភាសិតនេះបានដាស់ស្មារតីប្រជាពលរដ្ឋខ្មែរភាគច្រើនឲ្យរើបម្រះពីការសម្លាប់រង្គាល និងការធ្វើទុក្ខបុកម្នេញនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ជាសរុបសេចក្ដីទៅ ដោយសារតែកត្តាទាំងអស់នេះហើយដែលប្រហែលធ្វើឲ្យរដ្ឋាភិបាលខ្លាចស្រមោលខ្លួនឯង និងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសម្ដងហើយម្ដងទៀតអំពីសង្គ្រាម។ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកឡើងវិញអំពីទំនាស់រវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា រហូតដល់គណបក្សដឹកនាំរដ្ឋាភិបាលចម្រុះទាំងពីរបង្កើតសង្វៀនប្រយុទ្ធគ្នាកណ្ដាលទីក្រុងកាលពីឆ្នាំ១៩៩៧។ លោក ហ៊ុន សែន បញ្ជាក់ថា ដោយសារតែសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ចង់បង្កសង្គ្រាម ទើបធ្វើឲ្យគណបក្សរបស់ព្រះអង្គរលាយដល់សព្វថ្ងៃនេះ៖ «នៅកំដរបានអត់អីទេ ហើយកូន ហ៊ុន សែន ទាំងអស់សុទ្ធតែជាទាហាន ហើយក៏ជាទាហានដែលចេញពី វេស្តផញ់ (West Point) ទៅទៀត។ សុំកុំជ្រួលជ្រើមនឹងសង្គ្រាម ! កំដរបាន។ សម្ដេច ក្រុមព្រះ រាងចាលហើយ។ ខ្ញុំបានប្រាប់ ខេនណិត ខ្វីន (Kenneth Quin) ថា បើចង់ សាកល្បងកម្លាំងយោធា សូមកុំ។ ព្រះករុណាបិតា ព្រះអង្គក៏មានបន្ទូលប្រាប់ខ្ញុំថា សម្ដេចក្រុមព្រះ បានទៅទូលព្រះអង្គថា ប៉ាប៉ា ! កម្លាំងទូលបង្គំខ្លាំងជាងកម្លាំងរបស់ ហ៊ុន សែន មានអាកណ្ដុរចេញពីរូង មានចង្រិតចេញពីរន្ធ។ ក៏ប៉ុន្តែសង្គ្រាម ត្រឹមតែប៉ុន្មានដង្ហើមចង្រិតប៉ុណ្ណោះ ហ៊្វុនស៊ិនប៉ិច ខ្ទេចដល់ថ្ងៃនេះ។ សូមកុំសាកល្បងកម្លាំងឲ្យសោះ » ។

សម្រាប់បរិបទសព្វថ្ងៃនេះវិញ បើសិនជាគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ពិតជាមានសង្គ្រាមដូចលោកនាយករដ្ឋមន្ត្រីប្រកាសដែរឬទេ? ជាការពិតណាស់ ពាក្យសង្គ្រាមនេះ ប្រជាពលរដ្ឋខ្មែរឆ្អែតឆ្អន់មិនចង់ឲ្យសង្គ្រាមវិលត្រឡប់មកវិញទេ ពិសេសទៅទៀតនោះ ទោះបីជាគណបក្សប្រជាជនកម្ពុជា មានកងកម្លាំងរាប់មិនអស់ក្ដី ប៉ុន្តែកងកម្លាំងប្រដាប់អាវុធទាំងនោះប្រយុទ្ធ ឬធ្វើសង្គ្រាមជាមួយអ្នកណា? ធ្វើសង្គ្រាមជាមួយបក្សប្រឆាំងដែលគ្មានអាវុធ ឬបាញ់ទៅលើប្រជាពលរដ្ឋដែលជាសាច់ញាតិបងប្អូនខ្លួនឯង?
បញ្ហាទាំងនេះមិនអាចទៅរួចនោះទេ។ អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកពីសង្គ្រាមនេះ ទំនងជារដ្ឋបាលរបស់លោកខ្លាចបាត់បង់អំណាចជ្រុលពេកក៏ថាបាន ព្រោះថារដ្ឋាភិបាលដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ មានបញ្ហាជាច្រើនកើតមានឡើង ដែលករណីខ្លះ រដ្ឋាភិបាលមិនអាចដោះស្រាយបាន ហើយក៏កើតជំងឺមិនទុកចិត្តអ្នកដទៃ ហើយការប្រកាសពីសង្គ្រាមនេះ អាចថាគណបក្សកាន់អំណាចបន្លាចប្រជាពលរដ្ឋមិនឲ្យបោះឆ្នោតជូនបក្សផ្សេងក៏ថាបាន។
ម្យ៉ាងវិញទៀត អ្វីដែលពលរដ្ឋ កម្មករ និងសហគមន៍ផ្សេងៗប្រមូលផ្ដុំគ្នានៅទីក្រុងភ្នំពេញ និងទីប្រជុំជនតាមបណ្ដាខែត្រផ្សេងៗនោះ មិនមែនជារូបភាពចង់បង្កសង្គ្រាម ឬបដិវត្តន៍ពណ៌អ្វីទេ គ្រាន់តែទាមទារយុត្តិធម៌សង្គម ដើម្បីក្រពះតែប៉ុណ្ណោះ។ អ្នកខ្លះទៀតប្រមូលផ្ដុំគ្នាសុំឲ្យរដ្ឋាភិបាលដោះស្រាយពីការរំលោភបំពានពីថៅកែ និងការរំលោភបំពានពីការរំលោភដីធ្លី ជាដើម ដែលជនរងគ្រោះទាំងឡាយគ្មានជំនឿទៅលើប្រព័ន្ធតុលាការ និងអាជ្ញាធរមូលដ្ឋាន។
ផ្ទុយទៅវិញ អ្នកដែលខ្លាចសង្គ្រាមនោះប្រហែលអាចជាក្រុមគ្រួសារមន្ត្រីធំៗ ពិសេសក្រុមគ្រួសារលោកនាយរដ្ឋមន្ត្រីទៅវិញទេ ដែលជាក្រុមអភិជនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសលប់ជាងពលរដ្ឋទូទៅនៅពេញនគរនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។