ការចាប់អ្នកប្រព្រឹត្តល្មើសនេសាទត្រូវបានបណ្ដាញផ្សព្វផ្សាយរាយការណ៍ស្ទើរតែរាល់ថ្ងៃ បើទោះបីជាប្រមុខរដ្ឋាភិបាលបានចេញបទបញ្ជាម៉ឺងម៉ាត់ ឲ្យទប់ស្កាត់ការនេសាទដោយខុសច្បាប់ក៏ដោយ។ អ្វីដែលបានចុះផ្សាយលើទំព័រកាសែត ឬបញ្ចាំងតាមកញ្ចក់ទូរទស្សន៍នោះ គឺជាអ្នកប្រព្រឹត្តបទល្មើសដែលគេចាប់បានប៉ុណ្ណោះ ចុះទម្រាំអ្នកប្រព្រឹត្តបទល្មើសដែលសមត្ថកិច្ចចាប់មិនបានវិញ គេមិនដឹងថា មានចំនួនប៉ុន្មាននោះទេ។ នេះបញ្ជាក់ឲ្យឃើញថា ការនេសាទត្រីល្មើសច្បាប់នៅតែមានសកម្មភាពយ៉ាងគគ្រឹកគគ្រេង ដែលគេមិនអាចគ្រប់គ្រងបាន។
តើហេតុអ្វីបានជាក្រុមជនប្រព្រឹត្តល្មើសនេសាទហាក់មិនខ្លាចបទបញ្ជារបស់នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ?
ការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ បានកើតមានជារៀងរាល់ថ្ងៃតាមគ្រប់មធ្យោបាយដែលគេអាចធ្វើទៅបាន។ តាមការធ្វើដោយលួចលាក់ ឬតាមការធ្វើដោយមានខ្នងបង្អែកដែលជាកម្លាំងប្រដាប់អាវុធ ឬជាសមត្ថកិច្ចជំនាញ។
ការចាប់បានអ្នកប្រព្រឹត្តល្មើសនេសាទជាបន្តបន្ទាប់ បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមត្ថកិច្ចដែលមានភារៈអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រី។ កិច្ចខិតខំប្រឹងប្រែងនេះគួរតែទទួលបានការលើកទឹកចិត្ត។ ប៉ុន្តែតើមានបទល្មើសនេសាទប៉ុន្មានករណីទៀតដែលពួកជនល្មើសទទួលជោគជ័យក្នុងការបន្លំភ្នែកសមត្ថកិច្ច ហើយចាប់បានត្រីមកលក់ជាហូរហែនៅលើទីផ្សារ?
សំណួរនេះអាចបញ្ជាក់ពីភាពមិនអាចគ្រប់គ្រងធនធានជលផលបានពីសំណាក់សមត្ថកិច្ចរដ្ឋបាលជលផល និងសមត្ថកិច្ចប្រដាប់អាវុធក្នុងដែនដីតំបន់ដែលជាដែនអភិរក្សធនធានជលផល។
ក្រុមអ្នកតាមដានបញ្ហានេះ បានមើលឃើញមូលហេតុច្រើនយ៉ាងដែលនាំឲ្យបទល្មើសនេសាទក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុត គឺការឃុបឃិតគ្នាជាខ្សែបណ្ដាញរវាងឈ្មួញនេសាទ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែម្ដង។ រឿងនេះមិនពិបាកយល់ឡើយ ព្រោះសកម្មភាពនេសាទត្រីពិតជាមិនអាចធ្វើឡើងដោយស្ងាត់ៗបាននោះទេ។
ម្យ៉ាង បើនិយាយថា សមត្ថកិច្ចមិនអាចចូលទៅដល់តំបន់ដែលជនល្មើសធ្វើការនេសាទ ដើម្បីពិនិត្យមើលការនេសាទរបស់ឈ្មួញនេសាទបានទេនោះ វារឹតតែជារឿងមិនអាចជឿបានទៅទៀត។ ដោយហេតុថា ឈ្មួញនេសាទអាចទៅធ្វើការនេសាទបាន តែសមត្ថកិច្ចបែរជាមិនអាចទៅបានទៅវិញ។
តាមពិតការនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់នោះ មិនមែនជារឿងពិបាកដឹងនោះឡើយ។ ជារឿយៗប្រជាសហគមន៍នេសាទបានរាយការណ៍អំពីសកម្មភាពនៃជនល្មើសដែរ ហើយជួនកាលពួកគេបាននាំគ្នាធ្វើការបង្អាក់សកម្មភាពនេះ។ តែក្រុមជនល្មើសបានអះអាងថា ពួកគេបានទទួលការអនុញ្ញាតពីសមត្ថកិច្ចគ្រប់លំដាប់រួចហើយ។ ជាក់ស្ដែងប្រជាសហគមន៍នេសាទបានផ្ដល់ព័ត៌មានមកឲ្យបណ្ដាញផ្សព្វផ្សាយ ដើម្បីជួយផ្សាយឲ្យដឹងដល់លោកនាយករដ្ឋមន្ត្រី។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអាជ្ញាធរបែរជាបដិសេធ និងជួនកាលបានរារាំងសកម្មភាពរបស់ប្រជាសហគមន៍ទៅវិញ ដែលនេះក៏ជាចំណុចគួរឲ្យពិចារណា។
មូលហេតុសំខាន់មួយទៀតដែលធ្វើឲ្យបទល្មើសនេសាទមិនអាចគ្រប់គ្រងបាន គឺឈ្មួញនេសាទច្រើនតែជាអ្នកមានឥទ្ធិពល ឬមានខ្នងបង្អែករឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពីធ្វើគធ្វើថ្លង់នោះឡើយ ព្រោះពួកគេខ្លាចអំណាចបារមីរបស់មន្ត្រីអ្នកមានបុណ្យស័ក្ដិធំជាងខ្លួន។
នៅមានករណីបទល្មើសនេសាទម្យ៉ាងទៀត ដែលគេមិនអាចគ្រប់គ្រងបានដែរនោះ គឺការនេសាទស្របច្បាប់តាមរយៈការត្រូវរ៉ូវជាមួយមន្ត្រីជំនាញជលផល។ រឿងរ៉ាវទាំងនេះ ប្រជាសហគមន៍បានដឹងតាមរយៈជនល្មើសដែលជាអ្នករស់នៅក្នុងសហគមន៍ជាមួយគ្នា។ ទាំងអស់នេះគឺជាមូលហេតុសំខាន់ៗដែលធ្វើឲ្យឈ្មួញនេសាទមិនខ្លាចបទបញ្ជានាយករដ្ឋមន្ត្រី។
ក្រុមអ្នកតាមដាន និងវិភាគបញ្ហាសង្គមកម្ពុជា យល់ឃើញថា គេមិនអាចបណ្ដោយឲ្យបញ្ហានេះស្ថិតក្នុងស្ថានភាពមិនអាចគ្រប់គ្រងបានដូច្នេះទៀតទេ។ ដោយហេតុថា វាអាចនឹងធ្វើឲ្យបទបញ្ជារបស់នាយករដ្ឋមន្ត្រីសាបរលាបនៅចំពោះមុខមហាជនទូទៅ។ ម្យ៉ាងទៀត វាអាចបង្កផលប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រដ្ឋាភិបាល ពីព្រោះបញ្ហានេះកំពុងក្លាយជាប្រធានបទក្ដៅមួយដែលរដ្ឋាភិបាលរងការរិះគន់ ពិសេសជាងនេះទៀត ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ វាអាចបង្កើតឲ្យមានវិបត្តិសង្គមធំធេងមួយនៅពេលខាងមុខ ពីព្រោះវាអាចធ្វើឲ្យហិនហោចធនធានមច្ឆជាតិ និងជាកត្តាធ្វើឲ្យប្រជាសហគមន៍ធ្លាក់ខ្លួនក្នុងភាពក្រីក្រ។
ការការពារធនធានមច្ឆាជាតិនៅកម្ពុជា មិនអោយរងនូវការវិនាសហិនហោចទាន់ពេលវេលា បានទាមទារអោយមានការទប់ស្កាត់មួយដែលមានប្រសិទ្ធភាព។ នេះមានន័យថា គឺការលុបបំបាត់អោយបាននូវការឃុបឃិតគ្នារវាងឈ្មួញនេសាទ និងក្រុមសមត្ថកិច្ចរដ្ឋបាលជលផល និងសមត្ថកិច្ចប្រដាប់អាវុធក្នុងដែនដីតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។