គោលបំណងសំខាន់ គឺចង់ឱ្យកសិករទទួលបាននូវបទពិសោធន៍ជាក់លាក់ពីសក្ដានុពលរបស់ដីស្រែ មានន័យថា បើយើងធ្វើឱ្យបានល្អបំផុត តើដីស្រែអាចនាំមកចំណូលខ្ពស់បំផុតដល់កំរិតប៉ុន្មាន ដែលក្នុងនោះមានផលស្រូវ និងកសិផលផ្សេងៗទៀត ដូចជា សណ្ដែក ដំណាំផ្សេងៗ ត្រី កង្កែប។
ប្រជាពលរដ្ឋបានអះអាងថា កន្លងមកកសិករដែលធ្វើបានល្អបំផុត អាចទទួលផលពី ៥-៧ តោនក្នុង ១ហិកតារ ហើយផលនេះនឹងបន្តកើនថែមទៀតជាប់ជានិច្ច។
អង្គការ សេដាក ជំរុញអោយកសិករធ្វើស្រែល្អ ដើម្បីអាចទទួលបានចំណូលខ្ពស់ពីដីស្រែនៅក្នុងរដូវវស្សាឆ្នាំ២០១២ នេះ។
លោក បណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការ សេដាក មានប្រសាសន៍ថា លោកនឹងបញ្ជូនបុគ្គលិករបស់អង្គការ សេដាក ចុះទៅផ្ទាល់ ដើម្បីធ្វើការជាមួយកសិករ ហើយបន្ទាប់មកទៀត លោកនឹងជ្រើសរើសកសិករបង្គោល ដើម្បីអោយគាត់ជួយផ្សព្វផ្សាយ និងជួយផ្តល់យោបល់អោយកសិករផ្សេងទៀត។
លោកថា ធ្វើយ៉ាងម៉េចដើម្បីអោយកសិករទទួលបាននូវការធ្វើស្រែល្អនោះ។ លោកបណ្ឌិតបន្តទៀតថា ចំពោះកសិករដែលចង់កែប្រែស្រែខ្លួនឱ្យក្លាយទៅជាស្រែល្អ តាមគោលការណ៍ប្រព័ន្ធប្រពលវប្បកម្មចម្រុះ កសិករអាចចាប់ផ្ដើមលើដីតូច ដែលអាចធ្វើបាន ហើយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អបំផុត នូវគោលការណ៍ និងបច្ចេកទេសស្រែល្អ ជាពិសេសដើម្បីអាចដឹងថា តើផលស្រូវខ្ពស់បំផុតអាចបានផលប៉ុន្មាននៅរដូវវស្សានេះ។
លោកស្រី ម៉េង ប៉ាវ រស់នៅខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ដោយសារបានរៀនបច្ចេកទេសពីអង្គការ សេដាក លោកស្រីធ្វើស្រែបានល្អ ហើយបានលទ្ធផលច្រើនជាងឆ្នាំមុនទៀត។
លោកស្រីបន្តទៀតថា កាលពីមុនលោកស្រីធ្វើស្រែហូបមិនគ្រាន់ទេ ប៉ុន្តែឥឡូវហូបបានគ្រប់គ្រាន់ ហើយអាចយកទៅលក់បានទៀត ដែលធ្វើអោយកូនៗរបស់គាត់ អាចបានទៅរៀន និងជីវភាពបានល្អបន្ថែមទៀត។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើឱ្យបានល្អនូវអ្វីដែលអាចធ្វើបាននៅលើដីតូច វាចំណេញជាងការធ្វើឱ្យបានរួចពីដៃនៅលើដីធំ។ លោកបណ្ឌិតបន្តថា ប្រជាកសិករទាំងអស់គួរផ្លាស់ប្ដូរមកចាប់យក នូវទម្លាប់រៀនធ្វើស្រែនៅលើដីតូចឱ្យបានល្អបំផុត ទៅតាមអាចធ្វើបាន ដើម្បីឈានទៅធ្វើលើដីធំ និងទទួលបានផលកាន់តែល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។