កង​សន្តិសុខ​ដេញ​តំណាងរាស្ត្រ​និង​យុវជន​៥​នាក់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ៥​នាក់ ត្រូវ​កង​សន្តិសុខ​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​រាជធានី​ភ្នំពេញ បណ្ដេញ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ពេល​ពួកគេ​ទៅ​ផ្សព្វផ្សាយ​ពី​ថវិកា​ដែល​បាន​មក​ពី​មូលនិធិ ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ។

អ្នកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ថ្ងៃ​ទី​១ មេសា ថា អ្នកស្រី​បាន​ដឹកនាំ​យុវជន​ចំនួន ៥​នាក់ ជា​យុវជន​ស្ម័គ្រចិត្ត​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​បំណង​ផ្សព្វផ្សាយ​ពី​ថវិកា​ដែល​បាន​មក​ពី​មូលនិធិ ជា វិជ្ជា ដែល​សប្បុរសជន​មក​ពី​ក្រៅ​ប្រទេស​ផ្ញើ​មក​សម្រាប់​ជួយ​ដល់​អ្នក​របួស និង​អ្នក​ស្លាប់​ដោយ​ការ​បង្ក្រាប​របស់​កង​កម្លាំង​រដ្ឋាភិបាល​ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់​ខែ​កម្មករ​នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន និង​ផ្លូវ​វ៉េងស្រេង កាល​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​កង​សន្តិសុខ​របស់​អាជ្ញាធរ​ដែនដី​បណ្ដេញ​ចេញ និង​ដក​ទូរស័ព្ទ​ក្រុម​យុវជន​របស់​គាត់​ទៀត​ផង។

អ្នកស្រី​បន្ត​ថា កង​សន្តិសុខ​នោះ​បាន​បណ្ដេញ​ពួកគាត់​ដោយ​ថា​ការ​ជួបជុំ​នេះ​គឺ​ខុស​ច្បាប់៖ «ខ្ញុំ​ចុះ​ទៅ​ពី​ឡាន​ប្រហែល​ជា ៥​នាទី មាន​ឡាន​សន្តិសុខ ២​ហ្នឹង​មក​ដល់​ភ្លាម ពេល​មិន​យូរ​ទេ​ប្រហែល​ជា ៥​នាទី​ក្រោយ​មក​មាន ២​ឡាន​មក​ទៀត ពាក់​ឯកសណ្ឋាន​ខុស​គ្នា​បន្តិច​ហើយ។ ខ្ញុំ​ក៏​ដើរ​ទៅ​ពាក់​កណ្ដាល​ទីលាន​ដើម្បី​និយាយ​អំពី​ហ្នឹង ហើយ​មក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​ហ្នឹង​ខុស​ច្បាប់​ហើយ។ ខ្ញុំ​ថា ធ្វើ​ខុស​ច្បាប់ ខុស​ច្បាប់​អំពី​អី? ផ្ទុយ​ទៅ​វិញ គឺ​សម្លុត​និង​រុញ​ច្រាន​យុវជន​ដែល​ទៅ​ជាមួយ​ខ្ញុំ ហើយ​ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​ចាំ​ថត​ទាំង​ប៉ុន្មាន​ហ្នឹង សម្លុត​គំរាម​កំហែង​រហូត​ទៅ​ដល់​យក​ទូរស័ព្ទ​របស់​ក្រុម​ការងារ​យុវជន ហើយ​ប្រជាពលរដ្ឋ​ដែល​ខំ​ឈរ​ថត​ទាំង​ប៉ុន្មាន គឺ​គេ​មិន​ឲ្យ​ថត​គំរាម​កំហែង​សម្លុត​ខ្លាំង​ណាស់»

អ្នកស្រី មូរ សុខហួរ បាន​បន្ត​ថា ថវិកា​ដែល​បាន​មក​ពី​មូលនិធិ ជា វិជ្ជា ដែល​សប្បុរសជន​ផ្ញើ​មក​ពី​ក្រៅ​ប្រទេស​ជាង ១​ម៉ឺន​ដុល្លារ​នោះ គឺ​មួយ​ចំនួន​អ្នកស្រី​បាន​បញ្ជូន​ទៅ​ដល់​អ្នក​រង​របួស និង​សាច់​ញាតិ​អ្នក​ស្លាប់​ហើយ។ អ្នកស្រី​បញ្ជាក់​ថា ក្រៅ​អំពី​ការ​ផ្សព្វផ្សាយ​មូលនិធិ​នេះ អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស ២១​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែល​កង​កម្លាំង​រដ្ឋាភិបាល​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​តវ៉ា​ដំឡើង​ប្រាក់​ខែ​ដែរ ទើប​មាន​ការ​ហាម​ឃាត់​និង​បណ្ដេញ​ពួកគាត់​ចេញ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។