លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​មាន​ទ្រព្យ​ជួយ​លើក​ស្ទួយ​វប្បធម៌​ជាតិ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ គឺ​គណៈកម្មការ​អប់រំ​យុវជន និង​កីឡា ធម្មការ និង​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ដើម្បី​លើក​ស្ទួយ​វិស័យ​វប្បធម៌​ឲ្យ​រុងរឿង​ទៅ​បាន លុះ​ណា​រដ្ឋាភិបាល​ត្រូវ​បង្កើន​ថវិកា​សម្រាប់​ក្រសួង​វប្បធម៌។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​លោក ហ៊ុន សែន ជំរុញ​អ្នក​មាន​លុយ​កាក់​សហការ​គ្នា​អភិវឌ្ឍន៍ និង​អភិរក្ស​វប្បធម៌​ជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ និង​ទុក​ជា​មរតក​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៨ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា អំពាវនាវ​ឲ្យ​អ្នក​មាន​ទ្រព្យធន​ទាំង​អស់​ចូល​រួម​លើក​ស្ទួយ​វប្បធម៌​ជាតិ​ឲ្យ​ថ្កុំថ្កើង។ ទន្ទឹម​នឹង​នេះ លោក​ជំរុញ​ឲ្យ​ម្ចាស់​ផលិតកម្ម​នានា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​សិល្បករ​គ្រប់​រូប ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​លទ្ធភាព​រស់​នៅ​ក្នុង​សង្គម​បាន​សមរម្យ។

ប្រធានបទ​ទិវា​វប្បធម៌​ជាតិ​ឆ្នាំ​២០១៦ នេះ មិន​ខុស​ពី​ឆ្នាំ​២០១៥ ទេ គឺ​យុវជន​ដើម្បី​វប្បធម៌​ជាតិ​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​វប្បធម៌​ជាតិ។ លោក ហ៊ុន សែន ស្នើ​ឲ្យ​រក្សា​ប្រធានបទ​នេះ​នៅ​ដដែល​សម្រាប់​ទិវា​វប្បធម៌​ជាតិ​បន្ត​ទៀត ដើម្បី​ឲ្យ​យុវជន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌ ដែល​ជា​ដូង​ព្រលឹង​ជាតិ ហើយ​ពឹង​លើ​កម្លាំង​យុវជន​ជា​អ្នក​បន្ត​វេន ត្រូវ​បញ្ជ្រាប​វប្បធម៌​ជាតិ​ដល់​កុមារ និង​យុវជន៖ «ការ​គោរព​ទិវា​នេះ​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ក្រសួង ស្ថាប័ន វិស័យ​ឯកជន សង្គម​ស៊ីវិល បង​ប្អូន​ជន​រួម​ជាតិ រួម​គ្នា​ផ្សព្វផ្សាយ​ពី​វប្បធម៌ សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​ល្អ​ផូរផង់ និង​បេតិកភណ្ឌ​ជាតិ​ដ៏​សំបូរ​បែប»

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ខែ​តុលា ឆ្នាំ​១៩៩៧។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មាន​អគ្គនាយកដ្ឋាន​ពីរ និង​សាកលវិទ្យាល័យ​ភូមិន្ទ​សិល្បៈ មួយ​ដែល​មាន​មហា​វិទ្យាល័យ​ក្រោម​ចំណុះ​ចំនួន ៥ និង​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​វប្បធម៌​មួយ។

ប្រធាន​គណៈកម្មការ​ទី​៧ គឺ​គណៈកម្មការ​អប់រំ​យុវជន និង​កីឡា ធម្មការ និង​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ការ​លើក​ស្ទួយ​វិស័យ​វប្បធម៌ អភិរក្ស និង​អភិវឌ្ឍន៍​ទៅ​បាន​លុះ​ណា​រដ្ឋាភិបាល​ខ្លួន​ឯង​ត្រូវ​យក​ចិត្ត និង​បង្កើន​ថវិកា​សម្រាប់​ក្រសួង​វប្បធម៌។ លោក​អះអាង​ថា ក្រសួង​ព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ដើម្បី​បញ្ជ្រាប​ដល់​យុវជន​គ្រប់​ស្រទាប់។

លោក ហ៊ុន សែន បន្ថែម​ថា ការ​លើក​ស្ទួយ និង​ការ​ផ្សព្វផ្សាយ​មាន​សារសំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​នៅ​កម្ពុជា។ លោក​បង្ហាញ​របាយការណ៍​ថា កាល​ពី​ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា ចំនួន ៤,៧​លាន​នាក់ ដែល​ធ្វើ​ឲ្យ​កម្ពុជា មាន​ចំណូល​ពី​វិស័យ​នេះ​ប្រមាណ ១៧% នៃ​ផលិតផល​សរុប។

អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ ពន្យល់​ថា ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ​ក្រៅ​ពី​ទាញ​យក​ចំណូល​ពី​ភ្ញៀវទេសចរ​នោះ គឺ​អ្នកដឹកនាំ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ជា​គំរូ​គេ​ពី​ក្រម​សីលធម៌ វប្បធម៌ គោរព​គ្នា ដូចជា​ការ​ប្រើ​ពាក្យ​សម្ដី​មិន​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម។ ការ​ធ្វើ​របៀប​នេះ ទើប​ជា​គំរូ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។

លោក សុន ឆ័យ លើក​ឡើង​ថា ដើម្បី​រក្សា​ប្រពៃណី​វប្បធម៌​ជាតិ​ឲ្យ​ល្អ​ប្រសើរ​ឡើង គឺ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា និង​ក្រសួង​វប្បធម៌ មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​វប្បធម៌​ជាតិ​រីក​ចំរើន និង​អភិរក្ស​ឲ្យ​វប្បធម៌​ជាតិ​នៅ​គង់វង្ស​បាន ប៉ុន្តែ​បែរ​ជា​ក្រសួង​ទាំង​ពីរ​នេះ រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ៖ «ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ ទៅ​ជា​បំបែក​ការងារ​នៃ​ការ​គ្រប់គ្រង​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា​វិញ។ ទឹក​ប្រាក់​ច្រើន​លាន​ណាស់ ថវិកា​ក្នុង​មួយ​ឆ្នាំៗ ជាង ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ថវិកា​នេះ​បើ​យក​មក​អភិវឌ្ឍន៍​ក្រសួង​នេះ​វិញ គឺ​ល្អ​ណាស់»

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មាន​មុខ​ងារ និង​ភារកិច្ច​ដូចជា ប្រតិបត្តិ​នយោបាយ​ការពារ​ថែរក្សា និង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​សម្បត្តិ​វប្បធម៌​ទូទៅ​របស់​កម្ពុជា។ គ្រប់គ្រង​បណ្ដា​រមណីយដ្ឋាន បុរាណវិទ្យា នរវិទ្យា និង​ប្រវត្តិវិទ្យា ផ្តុំ​ឡើង​វិញ និង​លើក​តម្កើង​បណ្ដា​តម្លៃ​វប្បធម៌ និង​ជំនឿ​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​សង្គម​ជាតិ បំផុស​ការ​បង្កើត​ស្នាដៃ​ផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​សកម្មភាព​វប្បធម៌។ ក្រៅ​ពី​នេះ គឺ​គ្រប់គ្រង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្នុង​ការ​បណ្ដុះបណ្ដាល​សិល្បករ តន្ត្រី ស្ថាបត្យករ បុរាណ​វិទូ និង​អ្នក​ជំនាញ​ផ្សេងៗ​ទៀត ដែល​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។