លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ មេសា អំពាវនាវដល់ម្ចាស់រថយន្តឈ្នួល និងអាជីវករ ជាពិសេសនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស កុំឲ្យដំឡើងថ្លៃម្ហូបអាហារ និងសេវាជ្រុលខ្លាំងពេកនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាថ្មីសុំឲ្យម្ចាស់រថយន្តឈ្នួលទាំងអស់ថា ប្រសិនបើចាំបាច់ត្រូវឡើងថ្លៃ គួរតែឡើងក្នុងកម្រិតសមល្មម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៖ «ដោយសារតែតម្រូវការខ្ពស់ពេកនៃការធ្វើដំណើរ និងការចង់មានចង់បានពីសំណាក់អ្នកបើកបរ ឬ អាចថា ក្រុមហ៊ុនផង តម្លៃនៃការធ្វើដំណើរ ក៏មានការកើនឡើង។ ដូច្នេះអំពាវនាវចំពោះអ្នកម្ចាស់ រថយន្ត ខិតខំយ៉ាងណាជួយដល់ប្រជាពលរដ្ឋ ដែលជាសាច់ឈាមរបស់យើងក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ភូមិកំណើត និងពីភូមិកំណើតមកកាន់ទីក្រុងភ្នំពេញវិញ។ សង្ឃឹមថា ម្ចាស់ រថយន្តនឹងទទួលនូវការគិតគូរបែបនេះ ដើម្បីកាត់បន្ថយនូវការចំណាយរបស់ប្រជាជនយើង»។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធមហាវិថីសម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចក្បាលថ្នល់ ទៅសង្កាត់ព្រែកកំពឹស ខេត្តកណ្ដាល នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧។ ទន្ទឹមគ្នានឹងការអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ លោកក៏អំពាវនាវដល់អាជីវករអ្នកលក់ដូរនៅតាមរមណីយដ្ឋាននៅទូទាំងប្រទេស កុំឲ្យលក់កោរភ្ញៀវដែរ៖ «ចៀសវាងការលក់ដំឡើងថ្លៃធ្វើឲ្យគេរាងចាល ហើយបាត់បង់នូវភាពប្រកួតប្រជែង ទាក់ទាញទេសចរទៅសាជាថ្មី។ អ្នកដែលឆ្លាត គឺអ្នកដែលយកចំណេញតិច ក៏ប៉ុន្តែលក់បានច្រើន។ ឯអ្នកដែលល្ងង់លក់បានតិច តែបានថ្លៃខ្ពស់។ តែលក់បានតែម្ដង ឬពីរដង គេរាងចាល។ អាហ្នឹងគេហៅថា រកស៊ីកោរគេ។ អ៊ីចឹងគ្រប់តំបន់ទេសចរណ៍ ត្រូវមានការឈ្លាសវៃ ដើម្បីធានាឲ្យអតិថិជន ដែលទៅកាន់តំបន់ទេសចរណ៍ ដែលទើបបង្កើតថ្មីទៅលេងឆ្នាំនេះហើយ ពេលក្រោយនឹងលេងបន្តបន្ទាប់ទៀត»។
ទាក់ទងនឹងការដំឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរក្នុងរដូវបុណ្យទាន ក្រុមហ៊ុនរថយន្តក្រុងឈ្មោះ កាពីតូល (Capitol) ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗជាង១០ ឲ្យដឹងថា នឹងមិនដំឡើងថ្លៃទេ។ ជំនួយការក្រុមហ៊ុនកាពីតូល លោក ភូ កុកវ៉ាន់ មានប្រសាសន៍ថា ក្រុមហ៊ុនបានដាក់តម្លៃថេររួចហើយ៖ «ចាប់ពីពាក់កណ្ដាលខែ៣ មក គឺពួកខ្ញុំក្រុមហ៊ុនគេសម្រេចដំឡើងតម្លៃជាស្ថាពរតែម្ដង ព្រោះអីដោយសារតែស្ថានភាពនេះ យើងអត់អាចទប់បានជាមួយនឹងចំណាយបានទៀតអ៊ីចឹង ហើយម្យ៉ាងទៀត ក្រុមហ៊ុនពួកខ្ញុំ តម្លៃគឺនៅទាបជាងគេ។ អ៊ីចឹងពួកខ្ញុំដំឡើងតម្លៃស្មើគ្នាជាមួយក្រុមហ៊ុនផ្សេងទៀត ឲ្យស្មើនឹងទីផ្សារបច្ចុប្បន្ន។ ប៉ុន្តែនៅក្នុងអំឡុងពេលចូលឆ្នាំ អត់មានការបង្កើនតម្លៃបន្ថែមទៀតនទេ»។
ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរពេលយប់ ឈ្មោះ វីរៈ ប៊ុនថាំ អេចប្រេស នៅរក្សាតម្លៃដដែល គឺពីភ្នំពេញទៅបាត់ដំបង តម្លៃ ៩ដុល្លារ ហើយពីភ្នំពេញទៅសៀមរាប តម្លៃ ១០ដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវបែបនេះជារៀងរាល់ឆ្នាំ ព្រោះជាទម្លាប់របស់អាជីវករតែងដំឡើងថ្លៃទំនិញ និងសេវាកម្មនៅក្នុងអំឡុងពេលបុណ្យទានមកដល់ម្ដងៗ។ នៅតំបន់ខ្លះ ភ្ញៀវភ្ញាក់ផ្អើលនឹងការដំឡើងថ្លៃហួសហេតុ ដែលពួកគាត់ហៅថា លក់កោរពេក។
រីឯអ្នកលក់ម្ហូបអាហារនៅមុខអង្គរវត្តម្នាក់ គឺលោកស្រី ស្រីម៉ៅ មានប្រសាសន៍ថា ការដំឡើងថ្លៃម្ហូបអាហារក្នុងរដូវបុណ្យទាន មិនអាចចៀសរួចទេ ហើយការឡើងថ្លៃនោះតិចតួច ព្រោះតម្លៃដើមទិញមកចាប់ផ្ដើមឡើងដែរ៖ «យើងមិនចង់ឡើងទេ តែទីផ្សារគេទិញមកវាឡើងដែរ។ យើងតម្រូវការច្រើន តែមិនឡើងច្រើនទេ ឡើងពីរបីពាន់អីទេ។ នៅសៀមរាប នេះដូចជាគេមិនសូវល្បីថាថ្លៃទេ ទាល់តែយើងទិញឥវ៉ាន់ពីផ្សារមកថ្លៃ បានយើងលក់ថ្លៃដែរ។ ដូចថ្លៃដូចថាមាន់អី យើងធ្លាប់លក់ ២៨.០០០រៀលអីអ៊ីចឹង យើងត្រូវលក់ ៣២.០០០រៀល។ អ៊ីចឹងឡើងតិចតួច ៤.០០០រៀល។ បើធំ យើងលក់តាមគីឡូក្រាមដែរហ្នឹង មិនមែនឃើញតែតូចហើយលក់ថ្លៃឯណា អត់ទេ។ លក់តាមគីឡូដែលយើងទិញមកពីទីផ្សារគេ តែដូចបាយទឹកអីអត់ឡើងថ្លៃទេ។ តម្លៃសមរម្យធម្មតា។ ទឹកសុទ្ធ ១ដប ១.០០០រៀល បាយ១កញ្ចប់ ១.០០០រៀលដូចធម្មតា អត់មានឡើងថ្លៃអីផង»។
ដូចគ្នានេះដែរ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ថ្លែងថា ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល នឹងមិនអាចមានប្រសិទ្ធភាពទេ ព្រោះរដ្ឋមិនមានមធ្យោបាយជួយដឹកជញ្ជូនខ្លួនឯង។ ម្យ៉ាងទៀត ការជួលកន្លែងលក់ដូរឲ្យអាជីវករនៅរមណីយដ្ឋានក៏ឡើងថ្លៃ៖ «យន្តការសព្វថ្ងៃហ្នឹង ខ្វះដូចជារដ្ឋគ្មានមធ្យោបាយសម្រាប់ផ្ដល់មធ្យោបាយដឹកជញ្ជូននៅក្នុងរដូវបុណ្យទាន។ ដល់អ៊ីចឹងទៅ វាអត់មានអីជាសញ្ញាដាក់សម្ពាធ ឬប្រកួតប្រជែងជាមួយពួកឯកជននោះទេ។ អ៊ីចឹង ខ្ញុំនៅតែមើលឃើញវាជារូបភាពមួយនៅតែមិនអាចទៅរួចសម្រាប់មធ្យោបាយដឹកជញ្ជូន។ ប៉ុន្តែបើសម្រាប់ទំនិញវិញ បើអាចលុបបំបាត់ការដំឡើងថ្លៃពីកន្លែងលក់ដូរដល់អាជីវករទាំងនោះបាន ខ្ញុំអាចថា ទៅរួច។ ប៉ុន្តែបើសិនជារឿងហ្នឹងវានៅតែមាន គឺការទប់ស្កាត់ហ្នឹងវាគ្រាន់តែធ្វើឲ្យល្អមើល»។
ទោះជាយ៉ាងណាក្ដី នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧ នេះ មានក្រុមហ៊ុនលក់ស្រាបៀមួយបានប្រកាសចែកសំបុត្រជិះរថយន្តក្រុងដោយឥតគិតថ្លៃចំនួន ១០០គ្រឿង សម្រាប់ឲ្យកម្មកររោងចក្រធ្វើដំណើរពីភ្នំពេញទៅកាន់ស្រុកកំណើតនៅតាមបណ្ដាខេត្តនានា។ សំបុត្ររថយន្តទាំងនោះ ក្រុមហ៊ុននឹងចែកជូននៅកោះពេជ្រ នៅថ្ងៃទី៨ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។