រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានសុំការអភ័យទោសពីប្រជាពលរដ្ឋ ពិសេសកសិករ នៅពេលដែលក្រសួងរបស់លោកមិនអាចជួយដោះស្រាយកង្វល់ពួកគេ ពាក់ព័ន្ធនឹងបញ្ហាក្រុមឈ្មួញបន្ទាបតម្លៃកសិផល ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ករណីនេះ សង្គមស៊ីវិលផ្នែកកសិកម្ម យល់ថា ការសុំទោសមិនអាចជួយដោះស្រាយបញ្ហា និងឆ្លើយតបតម្រូវការចាំបាច់ជូនកសិករបានឡើយ។
អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ព្រមទាំងកសិករ ចង់ឃើញរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធទាំងអស់ រួមគ្នារិះរកមធ្យោបាយដោះស្រាយវិបត្តិដែលកសិករកំពុងជួបប្រទះ ពាក់ព័ន្ធនឹងបញ្ហាធ្លាក់ថ្លៃកសិផលកសិកម្ម ជាជាងគ្រាន់តែសុំទោស។
ការលើកឡើងរបស់អ្នកវិភាគ អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ព្រមទាំងកសិករនៅពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានសរសេរពាក្យសុំទោសនៅលើគណនីហ្វេសប៊ុក (facebook) របស់លោកនៅថ្ងៃទី១៥ ខែកញ្ញា ដោយសុំទោសប្រជាពលរដ្ឋ ពិសេសកសិករ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានសរសេរទៀតថា កាលពីពេលកន្លងទៅ ក្រសួងមិនបានដោះស្រាយបានទាន់ពេលវេលានូវរាល់កង្វល់ទាក់ទងទៅនឹងក្រុមឈ្មួញ បន្ទាបតម្លៃកសិផលដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ព្រោះបញ្ហានេះពាក់ព័ន្ធទៅនឹងវិស័យឯកជន ដែលត្រូវពិនិត្យ និងដោះស្រាយរួមគ្នា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រូបនេះបានបញ្ជាក់ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ថា ថ្មីៗនេះ ក្រសួងកសិកម្ម បានចាត់ឲ្យក្រុមការងារតាមដាន និងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ព្រមទាំងពិនិត្យ និងដោះស្រាយនូវរាល់កង្វល់របស់ប្រជាពលរដ្ឋដែលបានជួបប្រទះប៉ុន្មានថ្ងៃកន្លងមកនេះហើយ។ បន្ថែមពីនេះទៀត លោករំពឹងថា ក្រុមការងារនេះនឹងបន្តចុះទៅដល់ខេត្តគោលដៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ពាក់ព័ន្ធនឹងការសុំទោសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម នេះដែរ ត្រូវបានអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ការសុំទោសគ្រាន់តែជួយរំងាប់អារម្មណ៍កសិករបានមួយគ្រា និងរយៈពេលខ្លីប៉ុណ្ណោះ ព្រោះកសិករកម្ពុជា ជួបវិបត្តិបញ្ហាទីផ្សារលក់កសិផលកសិកម្មយូរមកហើយ មិនមែនគ្រាន់តែកើតឡើងនៅឆ្នាំនេះនោះទេ។ លោកយល់ថា ខណៈនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរតែរកវិធីសាស្ត្រល្អៗជួយអន្តរាគមន៍ភ្លាមៗដល់កសិករឲ្យបានឆាប់រហ័សវិញ ទើបប្រសើរជាង៖ «ការសុំទោសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបង្ហាញពីការខ្វះសមត្ថភាពមិនអាចជួយដោះស្រាយបញ្ហាចំពោះកសិករដែលកំពុងប្រឈមបានទេ ពីព្រោះអីនៅពេលកសិករគាត់ខ្ចីបុលធនាគារមកចំណាយលើវត្ថុធាតុដើមផលិត ធ្វើឲ្យគាត់ជំពាក់បំណុលគេ ដូចនេះគាត់មិនអាចសុំទោសធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទេ»។
រីឯអ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រចំពោះការប្រើពាក្យសុំទោសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម។ លោកថា រាល់ការដោះស្រាយបញ្ហាកសិកម្ម ពិសេសបញ្ហាទីផ្សារលក់កសិផល ត្រូវការយកចិត្តទុកដាក់ពីក្រសួងពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងឧស្សាហកម្ម និងក្រសួងទេសចរណ៍ ជាដើម។
អ្នកសិក្សាការអភិវឌ្ឍសង្គមរូបនេះយល់ថា ស្ថាប័នពាក់ព័ន្ធទាំងនេះត្រូវពិភាក្សាដោះស្រាយបញ្ហារួមគ្នា ជាជាងទុកតួនាទីជូនតែក្រសួងកសិកម្ម ដោះស្រាយម្នាក់ឯង។
ការប្រកាសសុំទោសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ធ្វើឡើងក្រោយមានរបាយការណ៍ជាច្រើនពីកសិផលកសិកម្មដែលកសិករផលិតបាន តែគ្មានទីផ្សារលក់ ឬលក់បានក្នុងតម្លៃថោក មិនរួចថ្លៃដើមផលិត និងសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍។ បញ្ហានេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ព្រមទាំងបណ្ដាសារព័ត៌មានបន្តចែកចាយតៗគ្នា និងរិះគន់រដ្ឋាភិបាលថាគ្មានសមត្ថភាពដោះស្រាយវិបត្តិមួយនេះ។
បើទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ទាមទារឲ្យក្រសួងបង្កើតយន្តការច្បាស់លាស់។
ក្រៅពីនេះ អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ព្រមទាំងកសិករ ក៏បានស្នើឲ្យអ្នកនយោបាយចរចាគ្នា ដើម្បីឲ្យស្ថានការណ៍នយោបាយវិលទៅរកភាពប្រក្រតីឡើងវិញ និងរួមគ្នាគិតគូរពីការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។