បក្ស​ប្រឆាំង​នឹង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​បំភ្លឺ​បន្ថែម​ពី​ការ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស

0:00 / 0:00

ពាណិជ្ជកម្ម​ខ្សាច់​ទៅ​ក្រៅ​ប្រទេស នៅ​តែ​ជា​បញ្ហា​ចម្រូងចម្រាស​រវាង​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​ទិន្នន័យ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស​របស់​កម្ពុជា មាន​ចំនួន​តិច​ជាង​តួលេខ​ប្រទេស​ដែល​ទិញ​ពី​កម្ពុជា ឬ​ពេល​ខ្លះ កម្ពុជា មិន​មាន​តួលេខ​តែ​ម្តង។ គណបក្ស​ប្រឆាំង​បញ្ជាក់​ថា នឹង​បន្ត​តាមដាន​កិច្ច​ការងារ​នេះ និង​កោះ​ហៅ​មន្ត្រី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ឲ្យ​មក​បកស្រាយ​បន្ថែម។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ មករា ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ជុំវិញ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក។

ការ​លើក​ឡើង​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​នេះ គឺ​បន្ទាប់​ពី​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ និង​ភ្នាក់ងារ​គយ​របស់​ប្រទេស​ឥណ្ឌា បង្ហាញ​ថា ឥណ្ឌា ទិញ​ខ្សាច់​ពី​កម្ពុជា រាប់​ម៉ឺន​តោន​ក្នុង​រយៈពេល ៣​ឆ្នាំ តែ​ទិន្នន័យ​របស់​គយ​កម្ពុជា បញ្ជាក់​ថា មិន​មាន​ការ​នាំ​ចេញ​ទៅ​ឥណ្ឌា នោះ​ទេ។

លោក សម រង្ស៊ី ចាត់​ទុក​ថា នេះ​គឺ​ជា​ភស្តុតាង​ថ្មី​មួយ​ទៀត​ដែល​បង្ហាញ​ពី​អំពើ​ពុក​រលួយ​ដ៏​ធំ​របស់​រដ្ឋាភិបាល ទាក់ទង​នឹង​ការ​ទាញ​យក​ផល​ពី​ធនធាន​ធម្មជាតិ៖ « យើង​ត្រូវ​តែ​បន្ត​សួរ​នាំ​ទៅ​រដ្ឋាភិបាល​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​សំណួរ មិន​មែន ​តែ​សំណួរ​របស់​ តំណាង​រាស្ត្រ ​គណបក្ស​សង្គ្រោះ​ជាតិ ទេ តែ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល។ ចង់​ដឹង​ចង់​យល់​ពី​ហេតុផល និង​ល្បិចកល​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។ តែ​បើ ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​មក​ ឆ្លើយ​បំភ្លឺ ​សំណួរ​ទាំងនោះ បង្ហាញ​ថា ​អ្នក​ ទាំងអស់​នោះ គឺ​ ទទួល​ខុស​ត្រូវ ពេញ​ទី គឺ​ជា ជន​ឧក្រិដ្ឋ ​បំផ្លិចបំផ្លាញ​ជាតិ »

ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​រូប​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​តាមដាន​អំពី​អាជីវកម្ម​ខ្សាច់ និង​ធ្វើ​សកម្មភាព​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ៖ « ប្រជាពលរដ្ឋ​ នៅ​តាម ​តំបន់​គ្រប់​ ខេត្ត - ក្រុង ​នីមួយៗ ដែល​យើង​ឃើញ ឬ​ សង្ស័យ​ថា ​មាន​សកម្មភាព​បូម​ខ្សាច់ មាន​សកម្មភាព​បំផ្លិចបំផ្លាញ​ជាតិ​តាម​ ទិដ្ឋភាព​ណា​ក៏ដោយ គឺ​ប្រជាពលរដ្ឋ​ ត្រូវ​តែ ​ចូលរួម​តាមដាន ប្តឹងផ្តល់ ហើយ​ទៅ​ សួរ​នាំ អ្នក​ដឹកនាំ ​គ្រប់​ ជាន់​ថ្នាក់​ ទាំងអស់ ថា​ ហេតុ​អ្វី បាន​ជា ​ទង្វើ​បែប​ហ្នឹង ? ហើយ​បើ​មាន​ទង្វើ​បែប​ហ្នឹង ត្រូវ​បញ្ឈប់​ភ្លាម​ ជា​បន្ទាន់ ហើយ​ចាប់​ អ្នក​ទទួល​ខុស​ត្រូវ ​យក​ទៅ​ផ្ដន្ទាទោស​ ភ្លាម »

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ (UN Comtrade)បង្ហាញ​ថា រយៈពេល ៣​ឆ្នាំ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ឥណ្ឌា នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ជាង ១៨​ម៉ឺន​តោន (១៨៨.៨៨៤​តោន) គិត​ជា​ទឹកប្រាក់​ជាង ៤​លាន ៥​សែន​ដុល្លារ (៤.៥៣៤.២២៤​ដុល្លារ)ប៉ុន្តែ​មិន​ឃើញ​មាន​បរិមាណ​ដែល​កម្ពុជា នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​ឥណ្ឌា នោះ​ឡើយ។

ចំណែក​ទិន្នន័យ​ពី​ភ្នាក់ងារ​គយ​ឥណ្ឌា ដែល​សកម្មជន​បរិស្ថាន​ទទួល​បាន​វិញ បង្ហាញ​ថា ឥណ្ឌា ទិញ​ខ្សាច់​ពី​កម្ពុជា ជាង ១០​ម៉ឺន​តោន (១០៨.៦៥៨​តោន) គិត​ជា​ទឹកប្រាក់​ជិត ៣​លាន​ដុល្លារ​អាមេរិក (២,៦​លាន​ដុល្លារ) ក្នុង​រយៈពេល ៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥។ ប៉ុន្តែ​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​ដកស្រង់​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​របស់​កម្ពុជា វិញ បង្ហាញ​ថា ក្នុង​រយៈពេល​ដូច​គ្នា​នេះ កម្ពុជា នាំ​ខ្សាច់​ទៅ​ប្រទេស​ចំនួន ៥ ប៉ុណ្ណោះ គឺ​សិង្ហបុរី ថៃ វៀតណាម កូរ៉េ​ខាង​ត្បូង និង​កោះ​តៃវ៉ាន់ សរុប​ចំនួន ៤៥​ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២​លាន ៥​សែន​ដុល្លារ​អាមេរិក។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ទេ​នៅ​ថ្ងៃ​ទី​២ មករា ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា វិញ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១ មករា ថា រដ្ឋាភិបាល​កម្ពុជា មិន​ដែល​នាំ​ខ្សាច់​ចេញ​ទៅ​លក់​នៅ​ប្រទេស​ឥណ្ឌា នោះ​ទេ។ លោក​ថា ខ្សាច់​ជា​ទំនិញ​ដុំ​ដែល​មិន​សូវ​មាន​តម្លៃ​នោះ​ទេ ដូចនេះ​ការ​នាំ​ចេញ មាន​តែ​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា សិង្ហបុរី ថៃ និង​វៀតណាម ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​សិន​ជា​មាន​ការ​កោះ​ហៅ​ពី​រដ្ឋសភា ប្រតិភូ​ក្រសួង​រ៉ែ និង​ថាមពល នឹង​ទៅ​ឆ្លើយ​បំភ្លឺ​ជា​ថ្មី​ទៀត៖ « ប្រសិន​បើ ​មិន​ អស់​ចិត្ត រដ្ឋសភា លោក ​មាន​សិទ្ធិ​ នឹង​ធ្វើ ការ​ស្នើ ​មក​ខាង​រដ្ឋាភិបាល ដើម្បី​មក​បំភ្លឺ ហើយ​បើ​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ ទៅ​បំភ្លឺ នោះ​ក្រសួង​នឹង​ទៅ​ បំភ្លឺ »

ទោះ​បី​ជា​យ៉ាង​ណា លោក ម៉េង សក្តិធារ៉ា បញ្ជាក់​ទៀត​ថា ក្រសួង​រ៉ែ និង​ថាមពល ទទួល​ខុស​ត្រូវ​តែ​ទៅ​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ និង​ប្រមូល​ពន្ធ​លើ​សួយសារ​តែ​ប៉ុណ្ណោះ ចំណែក​ឯ​ការ​លក់​ដូរ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស មិន​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) បញ្ជាក់​ថា ភាព​ខុស​គ្នា​នេះ​កើត​ចេញ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហេតុ​នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​កម្ពុជា ហាក់​ដូចជា​លាក់លៀម​ព័ត៌មាន​ទាក់ទង​នឹង​អាជីវកម្ម​មួយ​នេះ៖ « យើង​ ឃើញ​ថា មូលហេតុ​ គឺ​មាន ​ពីរ។ ទី​១ គឺ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ផ្សេងៗ អត់​មាន​សមត្ថភាព​ ទាល់​តែ​សោះ​ ដើម្បី​ គ្រប់គ្រង​វិស័យ​នេះ ( ការ​នាំ​ចេញ ​ខ្សាច់​ ចេញ​ទៅ ក្រៅ​ប្រទេស ) ។ ទី​២ គឺ​ដោយសារ​អ្នក​ ដែល​មាន ​អំណាច អ្នក​ដែល​មាន ​តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល គឺ​ យក​លុយ គេច​ពន្ធ ហ្នឹង​ដាក់ ​ក្នុង​ហោប៉ៅ អ៊ីចឹង​គេ​មិន​បង្ហាញ​ពី​ឯកសារ គេ​មិន​បង្ហាញ​ពី​តួលេខ​ ពិត​ប្រាកដ ​ហ្នឹង ដោយសារ​តែ​លុយ​ហ្នឹង​គេ​ដាក់​ក្នុង​ហោប៉ៅ​គេ​អស់​ហើយ​ហ្នឹង អ៊ីចឹង បាន​ជា ​គេ​មិន​ បើក​ចំហ គេ​ មិន​មាន ​តម្លាភាព​ជាមួយ​យើង​សោះ​រឿង​ ហ្នឹង »

សកម្មជន​បរិស្ថាន​រូប​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​តម្លាភាព​នៃ​អាជីវកម្ម​ខ្សាច់ ព្រម​ទាំង​ស៊ើប​អង្កេត និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ការ​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស។

ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស​នេះ កាល​ពី​ខែ​កញ្ញា កន្លង​ទៅ ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា រយៈពេល ៨​ឆ្នាំ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ កម្ពុជា នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ជិត ៣​លាន​តោន (២.៧៧៤.៦១៣​តោន) គិត​ជា​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក (៥.៥៥៧.៣៦៩​ដុល្លារ) ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទិន្នន័យ​ដែល​សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា វិញ មាន​រហូត​ដល់​ទៅ​ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨​ដុល្លារ)។

តាម​រយៈ​តួលេខ​នេះ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល សង្ស័យ​ថា មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដ៏​ធំ​ក្នុង​អាជីវកម្ម​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស ដែល​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​ចំណូល​ជាង ៧០០​លាន​ដុល្លារ​ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។