កសិករ​ស្រុក​រុក្ខគិរី​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ថា​ឈ្មួញ​សហការ​គ្នា​ទិញ​ស្រូវ​ឲ្យ​តម្លៃ​ថោក

0:00 / 0:00

ប្រជា​កសិករ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង អះអាង​ថា ឈ្មួញ​កណ្ដាល​រួម​គ្នា​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ឲ្យ​តម្លៃ​ថោក ធ្វើ​ឲ្យ​ពួក​គាត់​លក់​ស្រូវ​មិន​បាន​ប្រាក់​ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ។ អភិបាល​ស្រុក​រុក្ខគិរី បញ្ជាក់​ថា ឈ្មួញ​ទិញ​ស្រូវ​ទៅ​តាម​តម្លៃ​ទីផ្សារ។

ប្រជា​កសិករ​នៅ​ស្រុក​រុក្ខគិរី កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​គ្មាន​ប្រាក់​សង​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​ខ្ចី​យក​ទៅ​ធ្វើ​ដើមទុន​សម្រាប់​ធ្វើ​ស្រែ​នា​ពេល​កន្លង​ទៅ ហើយ​សង្ឃឹម​ថា​នឹង​បាន​ប្រាក់​សង​គេ​វិញ​នៅ​ពេល​ប្រមូល​ផល​ស្រូវ​រួច។

ប្រជា​កសិករ​ម្នាក់​រស់នៅ​ឃុំ​ស្តុកប្រវឹក ស្រុក​រុក្ខគិរី លោក និន ទុង ថ្លែង​ថា លោក​ធ្វើ​ស្រែ​រួម​ទាំង​ដី​ជួល​គេ​ផង​ប្រមាណ ២០​ហិកតារ ហើយ​ចំណាយ​ដើមទុន​ទៅ​លើ​ថ្លៃ​ភ្ជួរ ថ្លៃ​ឈ្នួល​ជី និង​ថ្លៃ​ពូជ​ជាដើម​សរុប​ប្រហែល ៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហិកតារ។ លោក​អះអាង​ថា ប្រាក់​ចំណាយ​ដើមទុន​ទាំងនេះ លោក​ខ្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដោយ​យក​ប្លង់​ដី​ទៅ​បញ្ចាំ​គេ​មុន ហើយ​សង្ឃឹម​ថា​នឹង​លក់​ស្រូវ​បាន​ប្រាក់​ចំណេញ​សង​គេ​វិញ។

លោក​បន្ថែម​ថា ស្រូវ​របស់​លោក​ភាគច្រើន​ជា​ស្រូវ​ផ្កា​ម្លិះ ដែល​ជា​ស្រូវ​ប្រភេទ​លេខ​មួយ។ លោក​អះអាង​ថា ឈ្មួញ​កណ្ដាល​រួម​ដៃ​គ្នា​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ឲ្យ​តម្លៃ​ថោក ដោយ​តម្លៃ​ស្រូវ​ផ្កា​ម្លិះ​ប្រភេទ​លេខ​មួយ លក់​បាន​ប្រមាណ ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ លោក​ថា តម្លៃ​នេះ ប្រជា​កសិករ​លក់​ស្រូវ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ឡើយ៖ « ប៉ះពាល់​ ដើរ​ទៅ​ត្រង់​ណា ក៏​ឮ​ប្រជាពលរដ្ឋ​ពោល​ដែរ។ គាត់​ថា​ស្រូវ​ ឆ្នាំ​នេះ ​ថោក​ មែន​ទែន ហើយ​ អ្នក​ខ្លះ ​ថា​បារ៉ាស់ ​កាត់​ទទឹង​ផ្លូវ ​ទាប​ពេក ឡាន​ ដឹក​ស្រូវ ​ចូល​មិន​រួច។ ត្រង់​ថា​តម្លៃ​ស្រូវ​ថោក​វា​ជា​បញ្ហា​ ទៅ​ហើយ តែ​ឈ្មួញ​ទិញ​នៅ​កន្លែង​កាន់​តែ​ថោក​ទៅ​ទៀត ដែល​យើង​ពិបាក​នឹង​ទទួល​យក »

ប្រជា​កសិករ​ភាគច្រើន​លើក​ឡើង​ថា តម្លៃ​ស្រូវ​អាច​នឹង​មាន​ហាងឆេង​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​បើ​មាន​ឈ្មួញ​មក​ពី​ខាង​ក្រៅ​ច្រើន​ចូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ដោយ​មាន​ការ​ប្រកួត​ប្រជែង។

ប្រជា​កសិករ​រស់នៅ​ឃុំ​ស្ដុកប្រវឹក ម្នាក់​ទៀត គឺ​លោក កែវ ច្រឹក ប្រាប់​ថា ឆ្នាំ​នេះ​លោក​ធ្វើ​ស្រែ​ចំនួន ១០​ហិកតារ ក្នុង​នោះ​ស្រូវ​ខ្លះ​ចាប់​ផ្ដើម​ប្រមូល​ផល​បណ្ដើរៗ​ហើយ។ លោក​អះអាង​ថា តម្លៃ​ស្រូវ​ផ្កា​ម្លិះ​ឆ្នាំ​នេះ​ចុះ​ថោក​ជាង​ឆ្នាំ​២០១៥ ហើយ​ពួក​គាត់​លក់​ស្រូវ​មិន​បាន​ប្រាក់​កម្រៃ​សម្រាប់​យក​ទៅ​សង​បំណុល​គេ​នោះ​ទេ។ លោក​អះអាង​ថា ស្រូវ​ផ្កា​ម្លិះ​ប្រភេទ​លេខ​១ កាល​ពី​ឆ្នាំ​កន្លង​ទៅ​មួយ​គីឡូក្រាម​ប្រមាណ ១.២០០​រៀល ចំណែក​ឆ្នាំ​នេះ​តម្លៃ​ស្រូវ​ត្រឹម​តែ ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ពុំ​សូវ​មាន​ឈ្មួញ​មក​ទិញ​ស្រូវ​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។

លោក​បន្ថែម​ថា រាល់​ថ្ងៃ​មាន​ឈ្មួញ​កណ្ដាល​ប្រមាណ ៤​នាក់​ចូល​មក​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ហើយ​ឈ្មួញ​ទាំងនោះ​ភាគច្រើន​និយាយ​ត្រូវរ៉ូវ​គ្នា​ទម្លាក់​តម្លៃ​ស្រូវ​ចាប់​ពី ៩០០​រៀល​មក​នៅ ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​រក​ទីផ្សារ​លក់​ស្រូវ​បាន៖ « ជួនកាល ​គេ​ថា​រោង​ម៉ាស៊ីន​គេ​ពេញ​ឡ ហើយ​គេ​អត់​ទិញ​យើង​បាន ហើយ​ជួនកាល​គេ​ដឹក​យក​ទៅ​លក់​នៅ​វៀតណាម តម្លៃ​ថោក។ ជួនកាល​គេ​ថា​ឡាន​ធំ​ចូល​មក​ទិញ​មិន​រួច ហើយ​ កសិករ​ប្រមូល ​ផល​ច្រើន​គ្នា ធ្វើ​គេ​ ទិញ​ស្រូវ មិន​ទាន់ »

ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រុក្ខគិរី លោក ពេជ្រ ម៉ាឡៃ ទទួល​ស្គាល់​ថា ឈ្មួញ​កណ្ដាល​ពិត​ជា​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ក្នុង​តម្លៃ ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប្រាកដ​មែន។ លោក​អះអាង​ថា ឈ្មួញ​ទិញ​ស្រូវ​ទៅ​តាម​តម្លៃ​ស្រូវ​ទីផ្សារ ដែល​ពិបាក​នឹង​ឲ្យ​ឈ្មួញ​ទិញ​ស្រូវ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន៖ « យើង​ ធ្លាប់​បាន ​បើក​ វេទិកា​សាធារណៈ ​ពិគ្រោះ​យោបល់ ដោយ​មាន ​អាជ្ញាធរ​ថ្នាក់​ ខេត្ត​ចូលរួម ហើយ​អាជ្ញាធរ​ទាំង​ស្រុក និង​ខេត្ត បាន​ យក​ចិត្ត ទុក​ ដាក់​លើ​ការងារ​នេះ​ ជា​ប្រចាំ »

ទោះ​បី​យ៉ាង​នេះ​ក្ដី ឈ្មួញ​កណ្ដាល​ទិញ​ស្រូវ​នៅ​ស្រុក​រុក្ខគិរី ម្នាក់ លោក ញ៉ សាន មាន​ប្រសាសន៍​ថា តម្លៃ​ស្រូវ​ចុះ​ថោក​ពុំ​មែន​ដោយសារ​ឈ្មួញ​កណ្ដាល​បង្អាប់​តម្លៃ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​បញ្ហា​សំខាន់ ប្រសិន​បើ​ទិញ​ស្រូវ​តម្លៃ​ខ្ពស់ ហើយ​យក​ទៅ​លក់​មិន​បាន​ប្រាក់​ចំណេញ​ឡើយ ពីព្រោះ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ធំៗ​នៅ​ក្នុង​ខេត្ត​បាត់ដំបង មិន​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់៖ « ចំពោះ​តែ​ថា​ឲ្យ​តែ​មាន​កន្លែង​លក់​បោះ ទោះ​ជា​ថោក​ថ្លៃ ខ្ញុំ​មិន​គិត​ទេ គឺ​ខ្ញុំ​ សុខ​ចិត្ត ​ដឹក​ជូន​ ប្រជា​កសិករ យក​តែ ថ្លៃ​ឈ្នួល ​ក៏​ខ្ញុំ​ព្រម​ដែរ ឲ្យ​តែ​មាន ​គេ​ទិញ ហើយ​គិត​ តែ​មួយ ​តោន ៣​ម៉ឺន​រៀល រួម​ទាំង​កម្មករ​លី​ស្រូវ​ដាក់​ឡាន​ពី​កសិករ​ទេ »

ប្រជា​កសិករ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​ជូន​ពួក​គាត់ និង​ឲ្យ​មាន​តម្លៃ​សមរម្យ​ជាង​បច្ចុប្បន្ន គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​តម្លៃ​ពី ៩៥០​រៀល​ទៅ​ជាង ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ទើប​ពួក​គាត់​លក់​ស្រូវ​បាន​ប្រាក់​កម្រៃ​ខ្លះ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា តម្លៃ​ស្រូវ​ចុះ​ថោក​ជា​កត្តា​ជំរុញ​ឲ្យ​ប្រជា​កសិករ​មាន​ជីវភាព​ក្រីក្រ​កាន់​តែ​ខ្លាំង ពីព្រោះ​ពួក​គាត់​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​របរ​ធ្វើ​ស្រែ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​ជូន​ប្រជា​កសិករ​ទេ នឹង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ កាន់​តែ​ច្រើន ហើយ​ពួក​គាត់​ប្រឈម​មុខ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​រឹប​អូស​ទ្រព្យ​សម្បត្តិ៖ « អ៊ីចឹង ​ទាំង​ឈ្មួញ​ទាំង​រដ្ឋាភិបាល ត្រូវ​គ្រប់គ្រង​ទិន្នន័យ​នេះ​ឲ្យ​បាន​ជាប់ ហើយ​ ត្រៀម​លក្ខណៈ ​រក​ទីផ្សារ​សម្រាប់​ ទិញ​ស្រូវ ប្រជា​កសិករ ។ ខ្ញុំ​ គិត​ថា មិន​មែន ​តែ​ស្រូវ​ទេ ដំឡូង​ក៏​ ចុះ​ថោក ​ដែរ ដូចជា​នៅ​ខេត្ត​ប៉ៃលិន ជាដើម គឺ​ ប្រជា​កសិករ ​មិន​ហ៊ាន​គាស់​ដំឡូង​ទេ »

កន្លង​ទៅ ទាំង​អ្នក​ជំនាញ​សេដ្ឋកិច្ច និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា តម្លៃ​ស្រូវ​ចុះ​ថោក​បណ្ដាល​មក​ពី​ផ្សារ​ស្រូវ​នៅ​លើ​ពិភពលោក​ធ្លាក់​ចុះ ដោយសារ​ប្រទេស​មួយ​ចំនួន​ផលិត​ស្រូវ​ច្រើន​លើស​តម្រូវ​ការ ជាពិសេស​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ជាដើម។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង ដើម្បី​សុំ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ តុលា។

អាជ្ញាធរ​ស្រុក​រុក្ខគិរី ឲ្យ​ដឹង​ថា ប្រជា​កសិករ​នៅ​ក្នុង​ស្រុក​នេះ​ធ្វើ​ស្រូវ​ផ្កា​ម្លិះ​ប្រមាណ ១​ពាន់​ហិកតារ ហើយ​កំពុង​ប្រមូល​ផល​បណ្ដើរៗ។ ទោះ​យ៉ាង​ណា ប្រជា​កសិករ​បញ្ជាក់​ថា ក្រៅ​អំពី​ស្រូវ​ផ្កា​ម្លិះ គឺ​ប្រមាណ ២​សប្ដាហ៍​ទៀត​នឹង​ដល់​រដូវ​ច្រូត​កាត់​ស្រូវ​ផ្កា​រំដួល ដែល​ជា​ស្រូវ​ប្រភេទ​លេខ​១ រាប់​ពាន់​ហិកតារ​នៅ​ក្នុង​ស្រុក​នេះ។

កាល​ពី​កន្លង​ទៅ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន ២៧​លាន​ដុល្លារ​អាមេរិក ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ និង​ជំរុញ​ការ​ទិញ​ស្រូវ​នៅ​ក្នុង​ប្រទេស។ ទោះ​ជា​យ៉ាង​ណា ប្រជា​កសិករ​នៅ​ស្រុក​រុក្ខគិរី អះអាង​ថា ពួក​គាត់​ហាក់​ពុំ​បាន​ទទួល​ផល​ប្រយោជន៍​ពី​ថវិកា​នេះ​ឡើយ។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៦២ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល ជាដើម។ រីឯ​មាត្រា​៦៣ វិញ​ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។